លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

នយោបាយ

នាយករដ្ឋមន្ត្រី​កូន​និយាយ​ចំអក​លោក សម រង្ស៊ី ថា​ម្តង​រិះគន់ ម្តង​សរសើរ​មេដឹកនាំ​ថ្មី​សហរដ្ឋ​អាមេរិក

By ឌឹ ខេមបូឌា ដេលី

February 04, 2025

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដោយ​ចោទ​ជា​សំណួរ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​ត្រូវ​ធ្វើ​មុខ​ក្រាស់ ឬ​ដាក់​ខ្លួន​ងាក​មក​និយាយ​ល្អ​អំពី​លោក ដូណាល់ ត្រាំ ដើម្បី​ទទួល​បាន​ការ​ជួយ​ឬ​ទេ?

នៅ​ក្នុង​ចំណារ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​នេះ​លោក​ឃើញ​មាន​ការ​ចែករំលែក​វីដេអូ​នៃ​បទសម្ភាសន៍​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា និង​ជា​ជន​ឱកាស​និយម​នៅ​ក្នុង​សារព័ត៌មាន The Cambodia Daily តាំងពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ពេល​នោះ​លោក ដូណាល់ ត្រាំ នៅ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅឡើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា នៅ​ក្នុង​បទសម្ភាសន៍ លោក សម រង្ស៊ី បាន​រិះគន់​លើ​បុគ្គលិក​លក្ខណៈ​លោក ដូណាល់ ត្រាំ ថា​ជា​មនុស្ស​និយាយ​មិន​ពិត និង​ចូលចិត្ត​ធ្វើ​ប្រជាភិថុតិ។ លោក​ថា នៅ​ពេល​កន្លង​មក លោក​ឃើញ​លោក សម រង្ស៊ី តែងតែ​យក​ខ្លួន​ទៅ​ភ្ជាប់​ជាមួយ​នឹង​អ្នក​ដែល​ឈ្នះ ដូចជា​លោកស្រី អ៊ុងសាន ស៊ូជី នៅ​ភូមា ដែល​ឈ្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៥ និង​ថា​លោក សម រង្ស៊ី តែងតែ​ដាក់​ខ្លួន​ឆ្ងាយ​ពី​បុគ្គល​ដែល​ចាញ់ ឬ​មាន​បញ្ហា។

លោក ហ៊ុន ម៉ាណែត បន្ត​ថា ការ​ដែល​លោក សម រង្ស៊ី ហ៊ាន​និយាយ​រិះគន់​លោក ដូណាល់ ត្រាំ ជាង ១​ខែ​មុន​ការ​បោះឆ្នោត ក៏​ប្រហែលជា​លោក សម រង្ស៊ី គិត​ថា​លោក ដូណាល់ ត្រាំ នឹង​មិន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ទេ។ លោក​លើក​ជា​សំណួរ​ថា​តើ​លោក សម រង្ស៊ី ដែល​តែងតែ​អួត​ពី​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក នឹង​ស្នើសុំ​ការ​ជួយ​ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ យ៉ាងណា​ទៀត​ទៅ?

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក ហ៊ុន សែន ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​លោក ដូណាល់ ត្រាំ ឱ្យ​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ពីព្រោះ​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​នឹង​នាំមក​នូវ​សន្តិភាព​ដល់​ពិភពលោក រួម​ជាមួយ​បណ្ដា​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​ពិភពលោក ដូចជា លោក គីម ជុងអ៊ុន លោក រ៉ប៊ើត មូហ្គាបេ នៃ​ប្រទេស​ម៉ូហ្សំប៊ីក និង​លោក វ៉្លាឌីមៀ ពូទីន នៃ​ប្រទេស​រុស្ស៊ី ដែល​គាំទ្រ​អតីត​តារា​ទូរទស្សន៍ និង​ប្រធាន​ក្រុមហ៊ុន​រើស​បវរកញ្ញា​ពិភពលោក​រូប​នេះ​ដែរ។

ទោះជា​យ៉ាងណាក្ដី លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ហេតុផល​លើកឡើង​ពី​លោក ហ៊ុន សែន ព្រមទាំង​អត្តចរិត​លោក ត្រាំ ផង​ដែរ។ លោក​ថា លោក ហ៊ុន សែន និង​លោក ត្រាំ មាន​លក្ខណៈ​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង។ លោក​ថា បក្សី​ដែល​មាន​រោម​ដូច​គ្នា វា​នៅ​ផ្ដុំ​ជាមួយ​គ្នា។ លោក ត្រាំ ហាក់ដូចជា​ជឿជាក់​លើ​អំណាច​ផ្ដាច់ការ​ដោយ​ទឹក​លុយ ហើយ​លោក ហ៊ុន សែន ហាក់ដូចជា​ជឿជាក់​លើ​អំណាច​ផ្ដាច់ការ​ដោយ​គ្រាប់កាំភ្លើង​បូក​រួម​ជាមួយ​នឹង​ទឹក​លុយ។ លោក ត្រាំ និង​លោក ហ៊ុន សែន ពិត​ជា​មិនមែន​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ។

គួរ​រំឭក​ថា៖ លោក សម រង្ស៊ី បាន​ឆ្លើយ​នឹង​សំណួរ​ពី​សារព័ត៌មាន The Cambodia Daily ក្នុង​កិច្ច​សម្ភាសន៍​នៅ​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​អធិប្បាយ​ថា៖ លោក ដូណាល់ ត្រាំ កាល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ និយាយ​មិន​សូវ​ពិត ឬ​មិន​សូវ​មាន​ការពិត​ច្រើន​ទេ។ ការ​ថ្លែង​ដូច្នេះ មិនមែន​មាន​តែ​លោក សម រង្ស៊ី ទេ។ សារព័ត៌មាន​អន្តរជាតិ​រាប់​មិន​អស់ ថែម​ទាំង​ក្មួយស្រី​ក្មួយប្រុស​បង្កើត​របស់​លោក ត្រាំ ដូចជា​បណ្ឌិត​ចិត្តវិទ្យា Mary Trump ជាដើម សរសេរ​អំពី​លក្ខណៈ​ធម្មជាតិ​នៃ​បុគ្គល​ឪពុកមា ដូណាល់ ត្រាំ ថា​មាន​ទម្លាប់​បង្ហាញ​អំនួត និយាយ​ធំៗ លើសៗ លឿនៗ មិន​ផ្អែកលើ​សច្ចភាព ឬ​ការពិត។ ដូច្នេះ ការ​និយាយ​ស្តី​ប្រាសចាក​ការពិត ក្រោយពី​មាន​អ្នក​ស្រាវជ្រាវ​ឃើញ​ថា​វា​មិន​ពិត​នោះ គឺ​វា​ស្មើ​នឹង​បំផ្លើស ភូត​កុហក​ហើយ។ លោក​ចាញ់​ក្តី​ក្នុង​តុលាការ​ជាច្រើន​ករណី ត្រូវ​សង​ជំងឺចិត្ត​ជនរងគ្រោះ​រាប់​សិប​លាន​ដុល្លារ ព្រោះតែ​លោក​មិន​ទទួលស្គាល់​ការពិត​តាម​ការ​ចោទប្រកាន់។

លោក ហ៊ុន ម៉ាណែត គួរតែ​ជ្រាប​ហើយ​ថា តើ​កាល​លោក​រៀន​នៅ​បណ្ឌិតសភា​យោធា​សហរដ្ឋ​អាមេរិក West Point លោក​អាច​និយាយ​បំផ្លើស ឬ​ក្លែងបន្លំ​ការពិត​បាន​ឬ​ទេ?៕

© 2025, . All rights reserved.