លោក ហ៊ុន សែន ទៅ​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

អ្នក​សង្កេតការណ៍​អន្តរជាតិ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ទាក់ទង​នឹង​មេដឹកនាំ​ប្រទេស​ពីរ

By ឌឹ ខេមបូឌា ដេលី

February 04, 2025

នាយក​អង្គការ​គាំទ្រ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺសុន (Phil Robertson) លើកឡើង​ថា ការ​ស្លាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​ទំនាក់ទំនង​ដែល​មាន​គោលដៅ​លុប​បំបាត់​សកម្មជន​នយោបាយ​ខ្មែរ​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ប្រទេស​ថៃ។

លោក ហ្វីល រ៉ូបឺសុន (Phil Robertson) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ស្ថិត​ក្រោម​ការ​សង្ស័យ​អំពី​ការ​គាបសង្កត់​ឆ្លង​ប្រទេស​រវាង​កម្ពុជា និង​ថៃ ទៅ​លើ​ជនភៀសខ្លួន​នយោបាយ​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ថៃ។

លោក ហ្វីល រ៉ូបឺសុន (Phil Robertson) លើកឡើង​ថា ការ​ដឹកនាំ​រដ្ឋាភិបាល​ថៃ បច្ចុប្បន្ន​នេះ កំពុង​ដើរ​ថយ​ក្រោយ ដោយសារតែ​ពួកគេ​គាំទ្រ​ឱ្យ​មាន​ការ​គាបសង្កត់​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ក្នុង​ការ​តាម​ចាប់​អ្នក​ប្រឆាំង និង​សកម្មជន​ខាង​បក្ស​ប្រឆាំង ដំណាល​ពេល​ដែល​អ្នក​ទាំងនោះ​បាន​នាំគ្នា​ភៀស​ខ្លួន​ចេញពី​របប​ផ្ដាច់ការ​នៅ​ទីក្រុង​ភ្នំពេញ​ទៅ​ហើយ​នោះ។

អ្នក​សង្កេតការណ៍​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​សម្លាប់​លោក លិម គិមយ៉ា បាន​បង្កើន​ការ​ភ័យខ្លាច​ក្នុង​ចំណោម​ជនភៀសខ្លួន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ កាន់តែ​ខ្លាំង​ឡើងៗ​ក្នុង​ពេលនេះ ជួន​ពេល​ដែល​ការ​គំរាមកំហែង​លើ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ដទៃ​ទៀត ក៏​កំពុងតែ​រីក​រាលដាល​ផង​ដែរ។

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ថៃ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ថៃ ក្រោម​កិច្ចសហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​ទាំង​ពីរ​យ៉ាង​ខ្លាំងក្លា ចាប់តាំងពី​ការ​តាម​ចាប់​ខ្លួន​សកម្មជន​ទាំងនោះ​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា រហូត​ឈាន​ដល់​ការ​បាញ់​សម្លាប់ ដូចជា​ករណី​លោក លិម គិមយ៉ា ជាដើម ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៧ ខែ​មករា ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម បាន​លើកឡើង​កាលពី​ចុង​សប្តាហ៍​មុន​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​លើ​ទឹកដី​ថៃ សព្វថ្ងៃ​នេះ។

លោក​បញ្ជាក់​ថា ការ​ចាប់​បញ្ជូន​ខ្លួន​សកម្មជន​នយោបាយ​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​កម្ពុជា ស្ថិត​ក្រោម​ហេតុផល​នយោបាយ​កាលពី​ពេល​កន្លង​ទៅ ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​អំពើ​ហិង្សា​ហួស​ព្រំដែន ដែល​ធ្វើ​ឱ្យ​សកម្មជន​ខ្មែរ​ដែល​នៅ​សល់​ក្នុង​ប្រទេស​ថៃ មាន​ការ​ភ័យខ្លាច ហើយ​ការ​ភ័យខ្លាច​នេះ​ក៏​បាន​ពង្រីក​ដល់​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ផង​ដែរ។

កាលពី​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២៤ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​មួយ​ដោយ​ប្រៀប​ប្រទេស​ថៃ ថា “Swap Mart” ឬ​ហាង​ដោះដូរ​ក្នុង​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដូចជា​មកពី​ប្រទេស​កម្ពុជា ជាដើម៕

© 2025, . All rights reserved.