កូនប្រុសពៅមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្អូញត្អែរថា បើក្រុមអគតិមិនទទួលស្គាល់នូវការលះបង់ពីឪពុកលោកក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមកនោះក៏ហីទៅចុះ តែក៏គួរទទួលស្គាល់នូវភាពចាស់ទុំរបស់លោក ហ៊ុន សែន ក្នុងនាមជាខ្មែរដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហោះរូបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជាឪពុក និងបងប្រុសបង្កើតរបស់ខ្លួននៅថ្ងៃទី៤ កុម្ភៈ នេះ ដោយភ្ជាប់ចំណារត្អូញត្អែរថា លោកពិតជាមិនអាចទទួលយកបានទេនូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរោះប្រមាថកាតទានមកលើសមាជិកក្រុមគ្រួសារលោកនោះ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា ទោះពួកគេមិនទទួលស្គាល់នូវការលះបង់នៃក្រុមគ្រួសាររបស់លោកក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏ពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ឪពុក និងបងប្រុសរបស់លោកក្នុងនាមជាខ្មែរដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ កុម្ភៈ នេះថា លោកក៏មិនលើកទឹកចិត្តឱ្យមានការជេរប្រមាថពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតឡើយ ជាពិសេសក្នុងចំណោមអ្នកនយោបាយ ព្រោះទង្វើទាំងនេះគ្រាន់តែបង្ហាញពីកម្រិតវប្បធម៌ព្រៃផ្សៃ និងគ្មានគុណធម៌របស់អ្នកប្រព្រឹត្តតែប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា បើលោក ហ៊ុន ម៉ានី ទាមទារឱ្យបញ្ឈប់ការប្រមាថលើក្រុមគ្រួសាររបស់គាត់ គាត់ក៏ត្រូវប្រាប់លោក ហ៊ុន សែន ឱ្យបញ្ឈប់ការប្រមាថកាតទានលើអ្នកដទៃដែរ ជាពិសេសបញ្ឈប់ការប្រមាថលើអាយុជីវិតពលរដ្ឋខ្មែរ និងអាយុជីវិតប្រទេសជាតិ។
លោកបន្តថា ការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ មិនត្រឹមតែប្រមាថពលរដ្ឋខ្មែរដោយពាក្យអសុរោះទេ គឺឈានដល់ការបំបាត់ជីវិតពួកគេតែម្តង ខណៈជីវិតជាតិខ្មែរទាំងមូលក៏ត្រូវលោក ហ៊ុន សែន កាត់ជាកង់ៗឱ្យបរទេសដែរ ដូចជាកាត់ទឹកដីឱ្យវៀតណាម និងបញ្ហាកោះគុតដែលកាត់ទៅឱ្យថៃ នៅពេលនេះ ជាដើម។
អ្នកឃ្លាំមើលសង្គមរូបនេះស្នើឱ្យលោក ហ៊ុន ម៉ាណែត ពិនិត្យឡើងវិញពីការដឹកនាំរបស់លោក ហ៊ុន សែន ថាតើមានពលរដ្ឋខ្មែរស្លូតត្រង់ប៉ុន្មាននាក់ដែលបានស្លាប់ទាំងអយុត្តិធម៌ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់គាត់ ដូចជា ការធ្វើរដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ ការបាញ់សម្លាប់អ្នកស្រី ពិសិដ្ឋ ពិលីកា ការបាញ់សម្លាប់ព្រះភិក្ខុ សំ ប៊ុនធឿន អំពើឃាតកម្មលើលោក ឈុត វុទ្ធី ការបាញ់សម្លាប់លោក ជា វិជ្ជា ការបាញ់សម្លាប់បណ្ឌិត កែម ឡី និងឃាតកម្មលើលោក លិម គិមយ៉ា កាលពីពេលថ្មីៗនេះ ជាដើម មុននឹងគាត់ទាមទាររកយុត្តិធម៌ឱ្យក្រុមគ្រួសាររបស់គាត់នោះ។
សេចក្តីអំពាវនាវទាមទារចង់បានឲ្យមានការគោរពចំពោះចាស់ទុំ មិនមែនសំដៅតែទៅលើលោក ហ៊ុន សែន ប៉ុណ្ណោះទេ។ សេចក្តីគួរសម សុភាពរាបសា ឱនលំទោន គោរពចាស់ទុំ ជាវប្បធម៌ ជាប្រពៃណី ទំនៀមទម្លាប់ខ្មែរសុទ្ធសាធ ដែលថាមានអារ្យធម៌រាប់ពាន់ឆ្នាំនោះ។ ការគោរពគ្នាទៅវិញទៅមក គេផ្តើមឡើងចេញពីធម្មជាតិជាមនុស្សដូចគ្នាសិន មុននឹងទៅដល់វ័យ ឋានៈ វណ្ណៈ មុខងារ បុណ្យស័ក្តិ។ មនុស្សចាស់ក៏មិនត្រូវប្រើសម្ដីអសុរោះដាក់មនុស្សក្មេងដែរ ពីព្រោះចាស់ទុំខ្មែរនិយាយចំពោះជនណា និយាយស្តីមិនដឹងអ្វី ជាមនុស្សអត់ពូជអម្បូរ ឬវង្វេងពូជអម្បូរ។ គេតែងតែសួរចង់ដឹងថា ជននោះជាកូនចៅអ្នកណាទៀតផង៕
© 2025, . All rights reserved.