ប្រធានាធិបតី​ប្រទេស​ប៉ាណាម៉ា លោក Jose Raul Mulino

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ប្រទេស​ប៉ាណាម៉ា​សន្យា​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ចិន ឆ្លើយតប​នឹង​សហរដ្ឋ​អាមេរិក

By ឌឹ ខេមបូឌា ដេលី

February 05, 2025

នៅ​ទីបំផុត ប្រធានាធិបតី​ប្រទេស​ប៉ាណាម៉ា Jose Raul Mulino បាន​សន្យា​ថា​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ចិន អំពី​ការ​បើក​សិទ្ធិ​ឱ្យ​ចិន កាន់កាប់​ភាគហ៊ុន​លើ​ការ​យក​ថ្លៃ​សេវា​នាវា​ដែល​បើក​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា ជាមួយ​នឹង​ការ​បើក​សិទ្ធិ​ឱ្យ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក ឆ្លងកាត់​ព្រែកជីក​នេះ​ដោយ​សេរី​ទៀត​ផង។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នៃ​គេហទំព័រ san.com នៃ​ប្រទេស​ប៉ាណាម៉ា នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ។

ចិន បាន​ដាក់​ទុន​លើ​ការ​កាន់កាប់​ភាគហ៊ុន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ។ ក្នុង​គម្រោង​នេះ ចិន​បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន CK Hutchinson ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង ក៏​ជា​ចំណែក​មួយ​ផង​ដែរ​ក្នុង​កិច្ចសន្យា ២៥​ឆ្នាំ។

ក្រោម​ឥទ្ធិពល​ចិន ជះ​លុយ​ពាន់​លាន​ដុល្លារ​ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ប្រទេស​ប៉ាណាម៉ា ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​កោះ​តៃវ៉ាន់ ក៏​បាន​ផ្ដាច់​ទំនាក់ទំនង​នឹង​ដែន​កោះ​ដែល​ចិន អះអាង​ថា​ជា​ដែនដី​របស់​ខ្លួន។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក Mike Waltz បាន​ហៅ​ជំហរ​របស់​លោក​ប្រធានាធិបតី​ប៉ាណាម៉ា ថា​ជា​ទង្វើ​ល្អ និង​វិជ្ជមាន ក្នុង​ផ្លូវ​ត្រូវ​របស់​ប្រទេស​ប៉ាណាម៉ា តែ​លោក Mike Waltz នៅតែ​មិន​អស់​ចិត្ត​ថា​តើ​ប្រទេស​ប៉ាណាម៉ា មាន​អ្វី​នៅ​ពីក្រោយ​ដែល​ប្រធានាធិបតី​ប្រទេស​នេះ​លោក Jose Raul Mulino ប្រញាប់​ចេញ​មុខ​បង្ហាញ​ជំហរ​ទន់ភ្លន់​ខុស​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​លោក Raul Mulino ប្រកាន់​ជំហរ​ខ្លាំង​ប្រឆាំង​នឹង​គោលបំណង​របស់​រដ្ឋការ​លោក ត្រាំ ដោយ​បាន​ទាញ​ឱ្យ​ចិន ថ្កោលទោស​សហរដ្ឋ​អាមេរិក​ទៀត​ផង។

តើ​អ្វី​នាំ​ឱ្យ​ប្រធានាធិបតី​ប្រទេស​ប៉ាណាម៉ា ប្ដូរ​ចិត្ត​លឿន​ដូចនេះ ?

កាលពី​ថ្ងៃ​អាទិត្យ ទី​២ កុម្ភៈ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio បាន​ទាមទារ​ឱ្យ​ប៉ាណាម៉ា «ធ្វើការ​ផ្លាស់ប្ដូរ​ជាបន្ទាន់» ចំពោះ​អ្វី​ដែល​លោក Rubio ហៅថា «ឥទ្ធិពល និង​ការ​គ្រប់គ្រង» របស់​ចិន លើ​ព្រែកជីក​ប៉ាណាម៉ា បើ​ពុំ​នោះ​ទេ ប៉ាណាម៉ា​ប្រឈមមុខ​វិធានការ​ក្ដៅ​ពី​ក្រុង​វ៉ាស៊ីនតោន។

ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ប៉ាណាម៉ា​ត្រូវតែ​ធ្វើ​សកម្មភាព បើ​មិន​ដូច្នេះ​ទេ អាមេរិក​នឹង​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន​ក្រោម​សន្ធិសញ្ញា​រវាង​ប្រទេស​ទាំង​ពីរ។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump ប្ដេជ្ញា​ថា​នឹង​យក​ព្រែកជីក​ឡើងវិញ។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក Mulino បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន លើ «គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ» ទៀត​នោះ​ទេ ដែល​មាន​តាំងពី​ឆ្នាំ​២០១៧។

នៅ​ក្នុង​ការ​ប្រកាស​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង X កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ កុម្ភៈ ខណៈ​ដែល​កំពុង​រៀបចំ​ចាកចេញ​ពី​ប្រទេស​ប៉ាណាម៉ា លោក Rubio បាន​ហៅថា​ជា «ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​អស្ចារ្យ»។

តែ​ជាមួយ​គ្នា​នេះ លោក Mulino បង្ហាញ​ជំហរ​ទន់​បន្តិច​ថា លោក​មិន​បាន​ឃើញ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​របស់​កម្លាំង​យោធា​អាមេរិក​ក្នុង​ការ​ដណ្តើម​យក​ព្រែកជីក​នោះ​ទេ។ លោក​ថា លោក​បាន​ស្នើសុំ​កិច្ចពិភាក្សា​កម្រិត​បច្ចេកទេស​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​កង្វល់​របស់​លោក Trump អំពី​ឥទ្ធិពល​របស់​ចិន។

ប៉ុន្តែ​ការ​ប្ដេជ្ញា​របស់​លោក Trump ក្នុង​ការ​ដណ្តើម​យក​ព្រែកជីក​នេះ​ឡើងវិញ បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ប៉ាណាម៉ា។ ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង​ប៉ាណាម៉ា បាន​ដុត​រូបសំណាក​របស់​លោក Trump និង​លោក Rubio។ ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​បំបែក​ហ្វូង​មនុស្ស​ចេញ​ឆ្ងាយ។ ការ​លើកឡើង​របស់​លោក ត្រាំ អំពី​ព្រែកជីក​នេះ រួម​មាន​ការ​សង្ស័យ​ថា​មាន​ទ័ព​ចិន កំពុង​ប្រតិបត្តិការ​នៅ​តំបន់​ព្រែកជីក​ប៉ាណាម៉ា។

តាម​ពិត ផ្លូវទឹក​នេះ​គឺជា​កម្មសិទ្ធិ និង​ដំណើរការ​ដោយ​រដ្ឋាភិបាល​ប៉ាណាម៉ា ក្រោម​សន្ធិសញ្ញា​ដែល​ប្រទេស​ប៉ាណាម៉ា ប្រកាន់​យក​គោលការណ៍​អព្យាក្រឹត្យ ដោយ​បាន​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​១៩៩៩ ពេល​ដែល​អាមេរិក​ប្រគល់​ព្រែកជីក​នេះ​ឱ្យ​ប៉ាណាម៉ា គ្រប់គ្រង។

យ៉ាងណាមិញ ក្រុមហ៊ុន​ចិន បាន​វិនិយោគ​ច្រើន​នៅ​កំពង់ផែ និង​ស្ថានីយ​នៅ​តំបន់​ព្រែកជីក។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ដំណើរការ​កំពង់ផែ​ចំនួន ២ ក្នុង​ចំណោម​កំពង់ផែ​ទាំង ៥ នៅ​ជិត​ច្រក​ចូល​ព្រែកជីក​នេះ។

តែ​យ៉ាងណា គេ​នៅ​ចងចាំ​ព្រឹត្តិការណ៍​មួយ​នៃ​ការ​លុកលុយ​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៩ លើ​ប្រទេស​ប៉ាណាម៉ា ដោយ​បាន​ទម្លាក់​ប្រធានាធិបតី Manuel Noriega ក្រោម​ហេតុផល​ដែល​ក្រុង​វ៉ាស៊ីនតោន ចោទ​លោក Manuel Noriega ជា​មេ​បណ្ដាញ​រត់​ពន្ធ​គ្រឿងញៀន​ចូល​ដែនដី​សហរដ្ឋ​អាមេរិក។ ក្នុង​ព្រឹត្តិការណ៍​នោះ កង​ម៉ារីន​សហរដ្ឋ​អាមេរិក និង​កងទ័ព​ឆត្រ​យោង​បាន​ផ្ដួល​ការ​ដឹកនាំ​របស់​លោក Manuel Noriega ហើយ​បាន​ចាប់​ខ្លួន​លោក Manuel Noriega ទៅ​កាត់ទោស​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ទៀត​ផង។

តើ​ស្រមោល​អតីតកាល​នៃ​អតីត​ប្រធានាធិបតី​ប៉ាណាម៉ា លោក Manuel Noriega កំពុងតែ​បន្លាច​លោក Jose Raul Mulino ប្រធានាធិបតី​ប៉ាណាម៉ា បច្ចុប្បន្ន​នេះ​ឱ្យ​ខ្លបខ្លាច​សហរដ្ឋ​អាមេរិក​មែន​ដែរ​ទេ?៕

© 2025, . All rights reserved.