យ៉ាងហោចមនុស្ស ២នាក់ស្លាប់ និង ៥នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍ឆេះ «ក្លឹបមីតណាយ ព្រីមៀរ (Midnight Premier)» ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាលមកពីការធ្វេសប្រហែសពីក្រុមជាងផ្សារដែកដែលទៅជួសជុលក្នុងក្លឹបកម្សាន្ត។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់អ្នកសារព័ត៌មានថា កម្លាំងសមត្ថកិច្ចបានពន្លត់ភ្លើងឆេះទាំងស្រុង តែនៅប្រមូលតឹកតាងបឋមដើម្បីរកមូលហេតុដែលបណ្ដាលឲ្យកើតមានករណីភ្លើងឆេះរហូតមានមនុស្សបាត់បង់ជីវិត។ លោកថា តួលេខចុងក្រោយមានមនុស្សតែ ២នាក់បានបាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពដដែលបានអះអាងថា ចំពោះមូលហេតុនៃការឆាបឆេះត្រូវបានអ្នកជំនាញសន្និដ្ឋានជាបឋមថា អាចបណ្តាលមកពីការធ្វេសប្រហែសនៃក្រុមជាងផ្សារដែក ដែលធ្វើការជួសជុលក្នុងក្លឹបកម្សាន្ត។ លោកបន្ថែមថា ក្រុមការងារមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវអត្តសញ្ញាណជនរងគ្រោះ ទាំងអ្នកស្លាប់ ទាំងអ្នករបួស ខណៈម្ចាស់ក្លឹបកម្សាន្តត្រូវបានសមត្ថកិច្ចកោះហៅទៅសាកសួរបន្ថែម។
ជុំវិញហេតុការណ៍នេះដែរ លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញបានប្រើប្រាស់ឡានទឹកជាច្រើនគ្រឿងក្នុងការគ្រប់គ្រង និងពន្លត់ភ្លើងកុំឱ្យឆេះរាលដាល។
ទាក់ទងទៅនឹងគ្រោះអគ្គិភ័យនេះ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោងបង្កើតបណ្ដាញទូរសព្ទហៅបន្ទាន់ Hot-line លេខ ១១៨ នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីងាយស្រួលជួយអន្តរាគមន៍ករណីគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុ ឲ្យបានរហ័សភ្លាមគ្រប់ពេលវេលា និងតម្លាភាពជូនប្រជាពលរដ្ឋ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ករណីគ្រោះអគ្គិភ័យភាគច្រើនកើតឡើងដោយសារតែការទុស្សេខ្សែភ្លើង ដែលធ្វើឱ្យមនុស្សងាយរងគ្រោះ ហើយពិបាកនឹងស្វែងរកអ្នកទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ បច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យនៅប្រទេសកម្ពុជា នៅពុំទាន់បានឆ្លើយតបនឹងតម្រូវការនៅឡើយ ដោយសារផ្លូវមួយចំនួនតូចចង្អៀតមិនអាចចូលធ្វើអន្តរាគមន៍បានទាន់ពេល និងអគារខ្លះមានកម្ពស់ខ្ពស់ មិនអាចបាញ់ទឹកដល់។
ក្រុមអ្នកឃ្លាំមើលជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនសមត្ថភាពក្នុងកិច្ចអន្តរាគមន៍ ដូចជាបន្ថែមបច្ចេកទេសជួយពន្លត់បែបថ្មីឱ្យឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងធានាការសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា និងស្នើឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យលើការសាងសង់សំណង់អគារដែលបំពានលើផ្លូវរថយន្តបាញ់ទឹក ដែលអាចបង្កហានិភ័យពេលមានគ្រោះអគ្គិភ័យ៕
© 2025, . All rights reserved.