ប្រតិភូរាជរដ្ឋាភិបាលមានមុខងារជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា អះអាងថា ជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ចំនួន ៤លាន ៤សែនដុល្លារ សម្រាប់គាំទ្រដល់ការបោសសម្អាតមីននៅខេត្តចំនួន ៧ ក្នុងប្រទេសកម្ពុជា មិនមែនជំនួសជំនួយ USAID ពីសហរដ្ឋអាមេរិកដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានផ្អាកមួយរយៈនោះទេ។
លោក ហេង រតនា បានឲ្យដឹងថា ជំនួយពីរដ្ឋាភិបាលចិន ឆ្នាំ២០២៥ គឺជាឆ្នាំទី៣ ដំណាក់កាលទី៣ នៃគម្រោងដែលដំណាក់កាលមួយៗមានរយៈពេល ៣ឆ្នាំ។ លោកថានៅក្នុងគម្រោងដែលមានរយៈពេល ៣ឆ្នាំ គឺមានថវិកាជំនួយសរុប ១៣លាន ២០ម៉ឺនដុល្លារ ដែលផ្ដោតលើខេត្តគោលដៅចំនួន ៧ មានខេត្តកំពង់ធំ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ឬមណ្ឌលហ្វឹកហ្វឺនឆ្កែជំនាញរាវមីន។
ប្រភពដដែលបានអះអាងថា ជំនួយរបស់ចិន ពេលនេះ មិនមែនចូលជំនួសជំនួយពីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានផ្អាកមួយរយៈនោះទេ។ លោកថា គម្រោងជំនួយនេះគាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់ក្នុងអង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួន ដូចជា៖
- ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមទំហំជាង ៣៤០០ហិកតា
- ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម និងគ្រាប់បែកកញ្ចុំប្រាយ cluster bomb តាមខេត្តគោលដៅនោះ
- ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ
- ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយបញ្ឈប់កម្មវិធីជំនួយបរទេសពីសហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃ ដើម្បីវាយតម្លៃភាពស្របគ្នាជាមួយនឹងគោលនយោបាយនៃរដ្ឋបាលលោក ត្រាំ។ ការបញ្ឈប់កម្មវិធីជំនួយបរទេសពីសហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃនេះ បានធ្វើឲ្យអ្នកដោះមីនកម្ពុជា ជាង ១ពាន់នាក់ប្រឈមនឹងភាពអត់ការងារធ្វើ។
ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ដល់អង្គភាពស៊ីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល ៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួនជិត ៦លាន ៤សែនដុល្លារអាមេរិក (៦៣៥៥៧២០ដុល្លារ) គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត ២០០នាក់។
បើគិតក្នុងរយៈពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់ក្នុងទិសខេត្តទាំង៧ បានធ្វើការបោសសម្អាតចម្ការគ្រាប់សរុបចំនួន ៥៦១ពហុកោណ មានទំហំផ្ទៃដី ១១១៩៥ហិកតា រុករកឃើញកម្ទេចចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមចំនួន ២៧០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោម ឬកញ្ចុំប្រាយចំនួនជិត ២ម៉ឺនគ្រាប់ (១៧៩៧១) និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំចំនួន ៦៩គ្រាប់៕
© 2025, . All rights reserved.