ទិដ្ឋភាព​ពិធី​បញ្ចុះ​សព​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​តម្កល់​សព​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

អ្នក​តាមដាន​រឿង​សិទ្ធិ​និយាយ​ថា​ឧក្រិដ្ឋកម្ម​គ្រប់​រឿង​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត

By ឌឹ ខេមបូឌា ដេលី

February 07, 2025

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ធ្លាប់​បាន​រាយការណ៍​ជា​ហូរហែ​កន្លង​មក​ថា ការ​បិទ​ភ្នែក​គាំពារ ឬ​បិទបាំង​ឧក្រិដ្ឋកម្ម​រៀបចំ​ជា​បណ្ដាញ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត បារម្ភ​ខ្វល់ខ្វាយ​អំពី​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​គ្រប់​ពេលវេលា។

នេះ​ជា​ស្ថានភាព​ក្នុង​ប្រទេស​ដែល​អ្នក​នយោបាយ​អះអាង​ថា​មាន​សន្តិភាព ហើយ​អំពាវនាវ​ឲ្យ​រក្សា​សន្តិភាព។

សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​នៅ​ប្រទេស​កម្ពុជា លោក ហេង ស្រស់ កំពុង​ភ័យ​ព្រួយ​ខ្លាច​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ឈើ​ខុស​ច្បាប់​តាម​សម្លាប់​ខ្លួន​ដូច​សកម្មជន​សង្គម​មុនៗ។

លោក ហេង ស្រស់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​លោក​ចូល​ប្រឡូក​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​មក លោក​តែងតែ​ចុះ​ស្រាវជ្រាវ​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​ការ​ចុះ​ទៅ​តំបន់​នានា គឺ​មាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​ជានិច្ច​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ តែ​ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​រង​នូវ​ការ​ប្រមាថ គំរាមកំហែង និង​ការ​គំរាម​បាញ់​សម្លាប់​ជាច្រើន​លើក​ផង​ដែរ។

លោក ហេង ស្រស់ រៀបរាប់​ថា នៅ​អំឡុង​ឆ្នាំ​២០១៦ លោក​ត្រូវ​ជនល្មើស​ដែល​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គំរាម​សម្លាប់​កាប់​នឹង​ពូថៅ​ម្តង​រួច​មក​ហើយ។ ក្រោយ​មក​ទៀត នៅ​អំឡុង​ឆ្នាំ​២០២០ មេការ​ក្រុមហ៊ុន​កាប់​ឈើ​មួយ​នៅ​តំបន់​ព្រៃឡង់ ខេត្ត​ក្រចេះ ក៏​បាន​គំរាម​បាញ់​សម្លាប់​រូបលោក​នៅ​កណ្ដាល​ព្រៃឡង់​ម្តង​ទៀត​ដែរ បន្ទាប់ពី​លោក​បាន​ចុះ​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ហើយ​ដោយសារតែ​ការ​គំរាម​សម្លាប់​នេះ លោក​ត្រូវ​បង្ខំ​ចិត្ត​គេច​ខ្លួន​មួយ​រយៈពេល​ធំ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

សកម្មជន​ព្រៃឈើ​រូប​នេះ​អះអាង​ថា រហូត​ដល់​ឆ្នាំ​២០២៣ សកម្មជន​ព្រៃឈើ​ដែល​ធ្វើការ​ជាមួយ​រូបលោក បាន​ប្រាប់​ថ្នាក់​លើ​របស់​គេ​ឱ្យ​ចាត់ការ​រូបលោក​ចេញ​តែម្តង​ទៅ បន្ទាប់ពី​លោក​បាន​រិះគន់​ពី​ការ​ដឹកនាំ​ឃុំ-សង្កាត់​ដែល​បណ្តោយ​ឱ្យ​ជន​ខិលខូច​លួច​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​ពេល​នោះ។

លោក ហេង ស្រស់ បញ្ជាក់​ថា លុះ​មក​ដល់​ឆ្នាំ​២០២៤ លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង គំរាម​បាញ់​សម្លាប់​ទាំង​គ្រួសារ​តែម្តង ដោយ​រូបគេ​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ និង​កូន​របស់​លោក​មុន ហើយ​នឹង​បាញ់​សម្លាប់​រូបលោក​តាម​ក្រោយ ដូច្នេះ​លោក​មិន​ដឹង​ថា​តើ​ខ្សែជីវិត​របស់​លោក​នឹង​មាន​វាសនា​ដូច​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ឬ​យ៉ាងណា​នោះ​ទេ​ទៅ​ថ្ងៃ​មុខ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ការ​ព្រួយបារម្ភ​របស់​សកម្មជន​ព្រៃឈើ​អំពី​អាយុជីវិត​របស់​ពួកគេ គឺ​ពិត​ជា​មិន​ខុស​ទេ ព្រោះ​ការ​លះបង់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត ឬ​សហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ គឺ​មាន​តែ​រារាំង និង​ការ​គំរាមកំហែង​លើ​អាយុជីវិត ឬ​ចាប់​ដាក់​គុក​តែប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា អាជ្ញាធរ​តែង​ដាក់​បម្រាម​លើ​សកម្មជន​ព្រៃឈើ ប៉ុន្តែ​បែរ​ជា​បើក​ដៃ​ឱ្យ​ឈ្មួញ​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​តាម​អំពើ​ចិត្ត​ទៅវិញ។ លោក​ថា បើ​និយាយ​ពី​ផ្លូវច្បាប់ សកម្មជន​ព្រៃឈើ​ទាំងនោះ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូលរួម​ថែរក្សា​សម្បត្តិ​ជាតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ ពិត​មែន​តែ​រដ្ឋាភិបាល​មាន​មន្ត្រី​អភិរក្ស​តំបន់​ការពារ​ព្រៃឈើ ប៉ុន្តែ​តាមរយៈ​ការងារ​របស់​ពួកគេ​កន្លង​មក​បង្ហាញ​ថា អ្នក​ទាំងនោះ​គ្រាន់តែ​ជា​អ្នក​យាម​ផ្លូវ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ប៉ុណ្ណោះ ខណៈ​វិធានការ​ពី​រដ្ឋាភិបាល​ក៏​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ទោសទណ្ឌ​ទៅ​លើ​ជនល្មើស​ទាំងអស់​នោះ​ដែរ។

គួរ​បញ្ជាក់​ថា លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ​មួយ​រូប​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ពេល​ដែល​លោក​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២។ អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក ឈុត វុទ្ធី នៅតែ​កប់​បាត់​គ្មាន​ស្រមោល ខណៈ​សំណុំរឿង​ឃាតកម្ម​របស់​លោក ក៏​ត្រូវ​រដ្ឋាភិបាល​បិទ​ចោល​បញ្ឈប់​ការ​ស៊ើបអង្កេត​ដែរ។

រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​បម្រាម​បិទ​ទិដ្ឋាការ ឬ​វីសា​លើ​អ្នក​កាសែត​ស៊ើបអង្កេត​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ គឺ​លោក Gerald Flynn ដែល​រាយការណ៍​អំពី​បញ្ហា​បរិស្ថាន ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា ជាដើម ឲ្យ​ទស្សនាវដី្ត Mongabay។

តាម​សារព័ត៌មាន The Guardian ផ្សាយ​ថ្ងៃទី​៤ ខែ​កុម្ភៈ រាជរដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​លោក​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ មកពី​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ក្តៅ​ក្រហាយ​នៅ​ពេល​ឃើញ​លោក​បង្ហាញ​ឯកសារ​តាម​ទូរទស្សន៍​បារាំង France 24។

ក្នុង​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​នោះ ផ្ទៃដី​ព្រៃ​ធម្មជាតិ​ដ៏​ធំធេង​ជា​តំបន់​ដែល​ពហុ​ក្រុមហ៊ុន​អន្តរជាតិ​ខាង​មណ្ឌល​កម្សាន្ត ដូចជា Disney ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល Delta ជាដើម ចំណាយ​ថវិកា​រាប់​លាន​អឺរ៉ូ ដើម្បី​ទិញ​ចំណែក​រក្សា​ព្រៃឈើ​ស្រុក​ខ្មែរ​មិន​ឲ្យ​កាប់ ទុក​ឲ្យ​ស្រូប​យក​ផ្សែង​កាបូន ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស​ដែល​មនុស្ស​ជាតិ​ដក​ដង្ហើម៕

© 2025, . All rights reserved.