បុរសខ្លាំងធំធាត់ក្នុងរបបកុម្មុយនីស្ត លោក ហ៊ុន សែន គំរាមថា លោកមានឯកសារសម្ងាត់ឆ្លើយឆ្លងជាមួយបណ្ឌិត សេង សារី ជិត ៣០០សារ (២៩៥សារ) បើកូនធម៌របស់លោក គឺបណ្ឌិត សេង សារី ចាត់ទុកលោកជាសត្រូវរបស់ខ្លួន។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទម្លាយលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី៧ កុម្ភៈ នេះថា លោកបានផ្តល់ជំនួយដល់បណ្ឌិត សេង សារី ច្រើនណាស់ក្នុងរយៈពេលទាក់ទងគ្នាប្រមាណជា ៤ឆ្នាំមកនេះ។
លោក ហ៊ុន សែន អះអាងថា លោកធ្លាប់បានផ្តល់លុយបង់រំលស់ផ្ទះ រួមទាំងថវិកា ១២ម៉ឺនដុល្លារអាមេរិកសម្រាប់រយៈពេល ១ឆ្នាំថែមទៀត ដែលថវិកានេះមិនទាន់គិតដល់ថវិកាដែលបណ្ឌិត សេង សារី បានស្នើសុំរូបលោកពីអូស្ត្រាលី ក្នុងបេសកកម្មផ្សេងៗនោះទេ។
ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបញ្ជាក់ថា លោកមានឯកសារជាអក្សរ និងជាសំឡេងជិត ៣០០សារ ដែលបណ្ឌិត សេង សារី បានសុំលុយពីរូបលោក ដូចជា ការសុំលុយទៅរស់នៅអាមេរិក ដើម្បីអាចចូលទៅឱ្យកាន់តែកៀកជាមួយអ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង និងការស្នើសុំឱ្យលោកជួយបង្កើតគណបក្សនយោបាយសម្រាប់លោកដឹកនាំ ជាដើម។
លោក ហ៊ុន សែន គូសបញ្ជាក់ថា សារសំឡេងដែលបែកធ្លាយនៅពេលនេះ គឺនៅស្រាលណាស់ បើប្រៀបធៀបជាមួយនឹងសារឆ្លងឆ្លើយដែលលោកមានក្នុងដៃ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បាននិយាយទៅកាន់លោក ហ៊ុន សែន លើបណ្ដាញទំនាក់ទំនងសង្គមកាលពីយប់ថ្ងៃទី៦ កុម្ភៈ វិញថា ឥឡូវនេះពុកបានសារភាពហើយថា ពុកជាអ្នកបញ្ចេញសារសំឡេងសម្ងាត់នោះ។ លោកបន្តថា ពុកកម្ទេចខ្ញុំចោលបានសម្រេចហើយ ប៉ុន្តែខ្ញុំក៏បានដឹងមុនដែរថា ថ្ងៃណាមួយពុកនឹងចាត់ការខ្ញុំតាមវិធីនេះ។
បណ្ឌិត សេង សារី ទម្លាយថា ក្រោយលោក ហ៊ុន សែន គំរាមចាប់រូបលោកនៅអំឡុងខែធ្នូ ឆ្នាំ២០២១ មិនបានសម្រេច គាត់ក៏ទាក់ទងមកបញ្ចុះបញ្ចូលឱ្យលោកធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីវិញ ប៉ុន្តែត្រូវលោកបដិសេធ។
លោកបន្តថា បន្ទាប់ពីបញ្ចុះបញ្ចូលឱ្យតំណែងមិនបានសម្រេច លោក ហ៊ុន សែន ក៏អះអាងជួយបង់លុយផ្តាច់លុយដែលលោកជំពាក់ធនាគារ និងបង់លុយថ្លៃផ្ទះឱ្យតែម្តង។ នៅពេលនោះ លោកចង់បដិសេធដែរ តែលោកគិតថាបើបដិសេធមិនយកលុយលោក ហ៊ុន សែន នោះគឺស្មើនឹងប្រឆាំងនឹងគាត់ដោយចំមុខហើយ ខណៈប្រពន្ធ និងកូនរបស់លោកកំពុងរស់នៅក្នុងស្រុកទាំងអស់ ព្រោះបទពិសោធន៍កន្លងមក រឿងអ្វីក៏លោក ហ៊ុន សែន ហ៊ានធ្វើដែរចំពោះអ្នកប្រឆាំងនឹងគាត់ ដូច្នេះលោកមានតែយល់ព្រមតែម្តងទៅ។
បណ្ឌិត សេង សារី សារភាពថា លោក ហ៊ុន សែន ពិតជាបានផ្តល់ថវិកាឲ្យលោកសម្រាប់សិក្សាស្រាវជ្រាវពីកម្លាំងក្រុមប្រឆាំងចំនួន ១២ម៉ឺនដុល្លារអាមេរិកប្រាកដមែន។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា បណ្ឌិត សេង សារី គួរតែដើរចេញពីរចនាសម្ព័ន្ធក្រុមប្រជាធិបតេយ្យទាំងអស់ ខណៈបក្សនយោបាយនានាក៏ត្រូវលះបង់បណ្ឌិត សេង សារី ចោលដែរ ព្រោះការឱបក្រសោបមនុស្សដែលជាចារជនរបស់ជនផ្ដាច់ការ គឺជាការប្រមាថអ្នកលះបង់ដើម្បីប្រជាធិបតេយ្យ បំពានយុត្តិធម៌ និងមើលងាយពលរដ្ឋពេញមួយនគរ៕
© 2025, . All rights reserved.