ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយថា លោកប្ដេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សាដែនដីប៉ាឡេស្ទីន ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល យល់ព្រមប្រគល់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងដែនដីហែកហួរដោយសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Aljazeera នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នេះ។
ខណៈស្ថិតនៅលើយន្តហោះ Air Force One ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New Orleans លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកប្ដេជ្ញាទិញ និងកាន់កាប់ហ្កាហ្សា ប៉ុន្តែផ្នែកខ្លះនៃដែនដីដែលបំផ្លិចបំផ្លាញដោយសង្គ្រាម អាចឱ្យប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ាជួយស្ថាបនាឡើងវិញ។
លោក ត្រាំ បញ្ជាក់ថា លោកប្ដេជ្ញាធ្វើជាម្ចាស់លើដែនដី ហើយធ្វើឱ្យប្រាកដថាក្រុមហាម៉ាស មិនមានលើដែនដីនេះឡើយ។
លោក ត្រាំ ក៏បានធានាថា លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនចូលទៅក្នុងសហរដ្ឋអាមេរិកដោយផ្អែកតាមស្ថានភាពជាក់ស្ដែង។
បើតាមលោក ត្រាំ អ៊ីស្រាអែលនឹងប្រគល់តំបន់ហ្កាហ្សា ទៅឱ្យអាមេរិកគ្រប់គ្រង ក្រោយពីសង្គ្រាមអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ ត្រូវបិទបញ្ចប់។ តែចំពោះកងទ័ពសហរដ្ឋអាមេរិក នឹងមិនមានវត្តមានដាក់ពង្រាយនៅលើដែនដីនោះទេ។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានអំពាវនាវឱ្យអាមេរិកចាប់យកកម្មសិទ្ធិលើដែនដីដ៏ចង្អៀតនេះតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
នៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ ថាក្រោមផែនការរបស់លោក ប្រជាជនប៉ាឡេស្ទីន ជាង ២លាននាក់ដែលកំពុងរស់នៅតំបន់ដែលហែកហួរដោយសង្គ្រាមនេះ នឹងត្រូវបានផ្ដល់ការតាំងទីលំនៅតាមសហគមន៍ប្រកបដោយសុវត្ថិភាព និងស្រស់ស្អាតជាងនៅក្នុងតំបន់ហ្កាហ្សាត្រូវបានខ្ទេចខ្ទាំអស់ហើយនេះ។ តែលោក ត្រាំ មិនបានបញ្ជាក់ពីការតាំងទីលំនៅស្ថិតនៅប្រទេសផ្សេងទៀតឬយ៉ាងណាទេ។
កន្លងមក លោក ត្រាំ ចង់ឱ្យប្រទេសអេហ្ស៊ីប និងហ្សកដានី ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ទៅនៅជាបណ្ដោះអាសន្ន។
ផែនការចង់ចូលកាន់កាប់ដែនដីហ្កាហ្សា ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ ធ្វើឡើងជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងសេតវិមានកាលពីសប្ដាហ៍មុន។
សម្រាប់អ៊ីស្រាអែល អបអរសាទរដែលលោក ត្រាំ មានបំណងចង់ទិញយកតំបន់ហ្កាហ្សា។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកោតសរសើរផែនការរបស់លោក ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើតំបន់ហ្កាហ្សា និងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់នេះ។
លោក Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា សម្ព័ន្ធមិត្តទាំងពីរបានព្រមព្រៀងគ្នាលើគោលដៅសង្គ្រាមដែលកំណត់ដោយអ៊ីស្រាអែល នៅពេលចាប់ផ្តើមសង្គ្រាមរយៈពេល ១៥ខែរបស់ខ្លួនប្រឆាំងក្រុមហាម៉ាស រួមទាំងការធានាថាហ្កាហ្សា លែងក្លាយជាដែនដីគំរាមកំហែងដល់អ៊ីស្រាអែល។
លោក Netanyahu បញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ មានចក្ខុវិស័យដូចនឹងអ៊ីស្រាអែល ហើយជាវិធីសាស្ត្របដិវត្តន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលលោកមើលឃើញលោក ត្រាំ មានការតាំងចិត្តយ៉ាងខ្លាំងក្នុងការអនុវត្តផែនការនោះ។
ផែនការរបស់លោក ត្រាំ ដែលមានការគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នាំឱ្យមានការរិះគន់យ៉ាងខ្លាំងទាំងក្នុងចំណោមសម្ពន្ធមិត្ត និងក្នុងចំណោមប្រទេសសត្រូវនៅទូទាំងពិភពលោក។
ប្រទេសដែលប្រតិកម្មនឹងលោក ត្រាំ បាននិយាយថា ពួកគេនៅតែប្ដេជ្ញាចំពោះការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន មួយ ដែលរួមរស់ដោយសន្តិភាពជាមួយអ៊ីស្រាអែល។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងបណ្ដាប្រទេសអារ៉ាប់ បានថ្កោលទោសការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ដែលចង់ឱ្យរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងនៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានចោទប្រកាន់ថាបំណងរបស់លោក Netanyahu នោះគឺបង្វែរការចាប់អារម្មណ៍ចេញពីសកម្មភាពឧក្រិដ្ឋដែលអ៊ីស្រាអែល កំពុងប្រព្រឹត្តនៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងការបោសសម្អាតជាតិសាសន៍ជាដើម។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងថា ប្រជាជនប៉ាឡេស្ទីន មានសិទ្ធិរស់នៅលើទឹកដីរបស់ពួកគេ ហើយពួកគេមិនមែនជាអ្នកឈ្លានពាន ឬក៏ជនអន្តោប្រវេសន៍ដែលអាចត្រូវបានបណ្ដេញចេញនៅពេលណាក៏បានតាមការចង់បាន ដើម្បីត្រួតត្រាដ៏ឃោរឃៅរបស់អ៊ីស្រាអែល នោះទេ។
ជាមួយគ្នានោះដែរ ប្រមុខសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បាននិយាយថា គំនិតនៅពីក្រោយការលើកឡើងរបស់លោក Netanyahu គឺជារឿងមិនអាចទទួលយកបាន និងឃ្លាតឆ្ងាយពីការពិត ហើយជាគំនិតបំពេញមហិច្ឆតាហួសព្រំដែន។
ចំពោះរឿងនេះ ក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសឱ្យដឹងថា អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាប់ នៅថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីពិភាក្សាអំពី «ស្ថានការណ៍ដែលកំពុងវិវឌ្ឍធ្ងន់ធ្ងរ» នៃវិបត្តិប៉ាឡេស្ទីន។
កិច្ចប្រជុំកំពូលនេះ នឹងរៀបចំឡើងក្រោយពីមានការថ្កោលទោសជាអន្តរជាតិចំពោះផែនការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្កាហ្សា និងបង្កើតជាតំបន់ឋានសួគ៌ាដ៏អស្ចារ្យនៃតំបន់មជ្ឈិមបូព៌ា៕
© 2025, . All rights reserved.