អ្នកស្រី មូរ សុខហួរ (កាន់​ទង់ជាតិ​ខ្មែរ) ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy)

នយោបាយ

ចលនា KMD ណែនាំ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ផ្ដោត​សកម្មភាព​លើ​ការ​បោះឆ្នោត ជាជាង​ឈ្លោះ​ប្រកែក​គ្នា

By ឌឹ ខេមបូឌា ដេលី

February 11, 2025

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ណែនាំ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ផ្ដោត​សកម្មភាព​ជា​អាទិភាព​សម្រាប់​ប្រទេស​កម្ពុជា ជុំវិញ​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី បើកចំហ អហិង្សា ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាជាង​ការ​ឈ្លោះ​ប្រកែក​គ្នា។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៨ កុម្ភៈ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា KMD មាន​គោលដៅ​ជាក់លាក់​ក្នុង​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​កម្ពុជា​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ជាតិ​របស់​ខ្លួន។

ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​សម្រេច​គោលដៅ​ក្នុង​បុព្វហេតុ​ប្រយោជន៍​ពលរដ្ឋ និង​ប្រទេស​កម្ពុជា អ្នក​ប្រជាធិបតេយ្យ​គ្រប់​និន្នាការ​ត្រូវ​ប្រកាន់ខ្ជាប់ និង​បដិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​ការពារ​យុត្តិធម៌ និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ដោយ​សុចរិត ព្រោះ​ជំហរ និង​ការ​បដិបត្តិ គឺជា​វិន័យ​ការងារ​រួម​ក្នុង​ប្រព័ន្ធ​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បញ្ជាក់​ថា ដោយសារ​ការ​ចូល​រួបរួម​គ្នា​ជា​កម្លាំង​កន្លង​មក ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ផ្លែផ្កា​ដ៏​ត្រចះត្រចង់ ដូចជា បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ជាដើម ដូច្នេះ KMD សង្ឃឹម​ថា​ពលរដ្ឋ​ខ្មែរ​នឹង​រួបរួម​គ្នា​ជា​កម្លាំង​ដណ្តើម​ទទួល​បាន​សមិទ្ធផល​ធំៗ​បន្ថែម​ទៀត ជាពិសេស​ការ​នាំ​ប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នៅ​ថ្ងៃ​អនាគត។

ក្រោយពី​សមាសភាព​ចារកម្ម​របស់​បណ្ឌិត សេង សារី ត្រូវ​បាន​ទម្លាយ​កាលពី​ថ្ងៃទី​៥ កុម្ភៈ ការ​វាយប្រហារ និង​រិះគន់​ពី​ក្រុម​អ្នក​ឃ្លាំមើល​សង្គម អ្នកវិភាគ រួម​ទាំង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ផង បាន​ធ្វើ​ឡើង​ជាបន្តបន្ទាប់ ខណៈ​បណ្ឌិត សេង សារី ក៏​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​កាន់​មនុស្ស​មួយ​ចំនួន​វិញ​ថា​ជា​ចារកម្ម​របស់​លោក ហ៊ុន សែន ដូច​ខ្លួន​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ប្ដឹង​ទៅ​អាជ្ញាធរ​ឱ្យ​ស៊ើបអង្កេត​លើ​អំពើពុករលួយ​ដែល​លោក ហ៊ុន សែន បាន​ផ្តល់​ឱ្យ​បណ្ឌិត សេង សារី រួម​ទាំង​ស្រាវជ្រាវ​ការ​ផ្តល់​ព័ត៌មាន​នានា​មុន​នឹង​បណ្ឌិត សេង សារី ទទួល​បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ។

យ៉ាងណាក៏ដោយ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន ដូចជា​នៅ​សហរដ្ឋ​អាមេរិក បារាំង និង​កាណាដា ជាដើម លើកឡើង​ថា ការ​ព្យាយាម​បំផ្លាញ​បណ្ឌិត សេង សារី និង​ក្រុម​គ្រួសារ​របស់​គាត់​នៅ​ពេលនេះ គឺជា​ទង្វើ​ដែល​កំពុង​ដើរ​ចូល​ក្នុង​ល្បិចកល​របស់​លោក ហ៊ុន សែន យ៉ាង​ពិតប្រាកដ៕

អ្នកស្រី មូរ សុខហួរ (កាន់​មេក្រូ) ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy)

© 2025, . All rights reserved.