លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា

នយោបាយ

លោក ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មាន​ផ្លូវ​ដើរ​ចេញពី​ស្រមោល​លោក​ដែល​ជា​ឪពុក​ឡើយ

By ឌឹ ខេមបូឌា ដេលី

February 12, 2025

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​តបត​ទៅ​នឹង​ការ​រិះគន់​របស់​ជនបរទេស​មួយ​ចំនួន​ទាក់ទង​នឹង​ឥទ្ធិពល​របស់​លោក​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជា​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​មេដឹកនាំ​ជំនាន់​ថ្មី​ថា លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដក​ដំណែង បើ​ហ៊ាន​ដើរ​ហួស​បន្ទាត់​នយោបាយ​បក្ស។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ក្នុង​ខេត្ត​កណ្តាល ព្រឹក​ថ្ងៃទី​១១ កុម្ភៈ នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មាន​ផ្លូវ​ដើរ​ចេញពី​ស្រមោល​លោក​ដែល​ជា​ឪពុក ឬ​ស្រមោល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា កុំ​ថា​ឡើយ​អ្នក​ផ្សេង សូម្បីតែ​កូន​ខ្លួនឯង​ក៏​នឹង​ត្រូវ​ដក​ចេញពី​តំណែង​ដែរ ប្រសិនបើ​ហ៊ាន​ដើរ ឬ​អនុវត្ត​ផ្ទុយ​ពី​គោលនយោបាយ​បក្ស។ លោក​ថា ការ​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​បន្ត​វេន ធ្វើ​ឡើង​តាម​គោលនយោបាយ​គណបក្ស និង​ការ​បោះឆ្នោត​ស្រប​ច្បាប់។ លោក​បន្ត​ថា លោក​មិនមែន​ជា​សាស្ត្រាចារ្យ​រដ្ឋបាល​សាធារណៈ​ឡើយ ប៉ុន្តែ​លោក​យល់​ថា​ការ​វិភាគ​របស់​បរទេស​មួយ​ចំនួន គឺ​មាន​ភាព​ល្ងង់ខ្លៅ។

កន្លង​មក កាសែត​បរទេស ឬ​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​ស្រុក​មួយ​ចំនួន នៅតែ​បន្ត​លើកឡើង​ថា លោក ហ៊ុន សែន ដែល​ជា​ឪពុក​នៅតែ​ក្តោប​ក្តាប់​អំណាច​ដដែល ទោះបី​តួនាទី​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវ​បាន​ប្រគល់​ឱ្យ​លោក ហ៊ុន ម៉ាណែត គ្រប់គ្រង​បន្ត​ក៏ដោយ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​អះអាង​ថា កូន​អតីត​នាយករដ្ឋមន្ត្រី​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក គឺ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ពី​ឪពុក​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទេ ក្រៅ​តែ​អំពី​គំរាមកំហែង និង​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​គាបសង្កត់​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន។

លោក​អះអាង​ថា ដំបូង​ឡើយ​មាន​ការ​គិត​វិភាគ​ទុក​ថា នាយករដ្ឋមន្ត្រី​ជា​កូន​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ល្អ​ប្រសើរ ប៉ុន្តែ​ផ្ទុយ​ស្រឡះ គ្មាន​អ្វី​កែប្រែ​នោះ​ទេ មាន​តែ​ធ្លាក់​ដុនដាប​ជាង​ជំនាន់​ឪ​ទៅ​ទៀត ហើយ​លោក ហ៊ុន ម៉ាណែត ក៏​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​នោះ​ទេ នៅតែ​ឪ​ជា​អ្នក​ដឹក​ដៃ និង​បញ្ជា​ពីក្រោយ​ដដែល ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​អ្វី​នោះ​ទេ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ក្រឡេក​មើល​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត គឺ​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ​ក្នុង​រយៈពេល ១​ឆ្នាំ​នេះ ព្រោះ​រវល់​តែ​រឿង​បង្ហោះ​បង្អួត​សកម្មភាព​របស់​ខ្លួន​នៅ​តាម​បណ្ដាញ​សង្គម។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៤ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់ «ចាត់តាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា»។ ព្រះរាជក្រឹត្យ​ដដែល​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ដែល​ទទួល​បាន​ការ​ចាត់តាំង​នេះ​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល ដើម្បី​សុំ​សេចក្តី​អនុម័ត​ទុកចិត្ត​ពី​រដ្ឋសភា។

នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ សមាជិក​សភា​ចំនួន ១២៣​រូប​ក្នុង​ចំណោម ១២៥​រូប បាន​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​វ័យ ៤៥​ឆ្នាំ​រូប​នេះ​ចាប់ផ្តើម​ការងារ​ជា​ផ្លូវការ​ជាមួយ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៤៕

© 2025, . All rights reserved.