ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងថា អ៊ុយក្រែន អាចនឹងធ្លាក់ក្នុងដៃរុស្ស៊ី ទាំងស្រុង ឬក៏ត្រូវបាត់បង់ទឹកដីមួយផ្នែកណាមួយទៅរុស្ស៊ី បើគ្មានជំនួយការពារពីសហរដ្ឋអាមេរិក។
ក្នុងបទសម្ភាសន៍ជាមួយនឹងបណ្ដាញផ្សាយព័ត៌មាន Fox News លោក ត្រាំ បាននិយាយថា មុខជំនួញរ៉ែជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិកត្រូវស្រូបយកឱ្យបាន ៥០០ពាន់លានដុល្លារជាការកាត់កងដែលជំនួយអាមេរិកជួយអ៊ុយក្រែន កន្លងមក និងធ្វើឱ្យសង្គ្រាមត្រូវបិទបញ្ចប់។ នេះបើតាមការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មានអ៊ុយក្រែន Kyiv Independent កាលពីថ្ងៃទី១១ កុម្ភៈ។
អ៊ុយក្រែន នឹងយល់ព្រមឱ្យមានកិច្ចសន្យាជំនួញមួយដូចនេះ តែលោក ត្រាំ ព្រមានថាបើគ្មានគម្រោងជំនួញនេះ អ៊ុយក្រែននឹងក្លាយជារបស់រុស្ស៊ី នៅថ្ងៃណាមួយ។ ប៉ុន្តែលោក ត្រាំ បាននិយាយដោយភាពស្រពេចស្រពិលដែលលោកថា ពេលខ្លះអ៊ុយក្រែន អាចមិនធ្លាក់ក្នុងដៃរុស្ស៊ី នោះទេ ខណៈលោក ត្រាំ នៅតែបញ្ជាក់ថា សហរដ្ឋអាមេរិកពិតជាត្រូវការធ្វើជំនួញរ៉ែជាមួយនឹងអ៊ុយក្រែន ជាមួយនឹងការបន្តគាំទ្រពីអាមេរិកឡើងវិញ។
លោក ត្រាំ រំឭកថា សង្គ្រាមជិត ៣ឆ្នាំហើយរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈលោកអះអាងថាបើលោកនៅក្នុងអាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិក នឹងមិនមានសង្គ្រាមរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន ឡើយ។
ឆ្លើយនៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មាន FOX News លោក ត្រាំ បាននិយាយបញ្ជាក់ឡើងវិញថា លោកនឹងទាមទារឱ្យអ៊ុយក្រែន សងមកឲ្យអាមេរិកវិញឱ្យបានស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៥០០ពាន់លានដុល្លារដែលអាមេរិកបានជួយអ៊ុយក្រែន ជិត ៣ឆ្នាំមកនេះ។ សំណងនេះ គឺអ៊ុយក្រែន ត្រូវតែសងតាមរយៈការបើកទ្វារឲ្យអាមេរិក ចូលទៅជីកយកធនធានរ៉ែកម្រនៅក្នុងទឹកដីអ៊ុយក្រែន។
តែភ្លាមៗ គេឃើញមានការបញ្ចេញមតិរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង។ លោក Dmitry Peskov បាននិយាយថា ការពិត គឺវាដូច្នេះមែន គឺថាមួយភាគធំនៃប្រជាជនអ៊ុយក្រែន បានបង្ហាញចេតនាចង់ក្លាយជារុស្ស៊ី តែវាដូចជាផ្ទុយនឹងពេលកន្លងមក ដែលអ្នកនាំពាក្យសម្រាប់វិមានក្រឹមឡាំងដដែលនេះបានទាមទារថា គម្រោងជំនួញរបស់លោក ត្រាំ កំពុងតែកិបកេងលើប្រទេសរុស្ស៊ី ដោយប្រើសិទ្ធិហួសព្រំដែន។
ខណៈនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃរដ្ឋការលោក ត្រាំ គឺលោក Scott Bessent នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ។ លោក Bessent នឹងក្លាយជារដ្ឋមន្ត្រីដំបូងគេនៃរដ្ឋការលោក ត្រាំ ដែលទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងទស្សនកិច្ចមុខជំនួញផ្ដោតលើការទទួលបានរ៉ែកម្រ និងធនធានថាមពល។
ថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ចាប់អារម្មណ៍ក្នុងការទទួលបានធនធានប្រេង និងឧស្ម័នរបស់អ៊ុយក្រែន ជាថ្នូរនឹងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយដល់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាម។
យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បានអះអាងថា អ៊ុយក្រែនត្រៀមបើកទ្វាររង់ចាំទទួលការវិនិយោគពីខាងក្រុមហ៊ុនអាមេរិក ដែលចង់មករកស៊ីជីករ៉ែនៅអ៊ុយក្រែន។
ខណៈរំឭកអំពីដំណើរការទៅរកការបញ្ចប់សង្គ្រាម កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ លោក ហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែននឹងយល់ព្រមដោះដូរទឹកដីគ្នាជាមួយរុស្ស៊ី ប្រសិនបើមានកិច្ចចរចាស្វែងរកសន្តិភាព តែលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្តបញ្ជាក់ថា អឺរ៉ុបតែឯងនឹងមិនអាចមានលទ្ធភាពគាំទ្រកិច្ចប្រឹងប្រែងក្នុងការពង្រឹងវិស័យយោធាណាតូបានរឹងមាំទេ បើគ្មានភាពខ្លាំងរបស់សហរដ្ឋអាមេរិក។
លោក ហ្សេឡេនស្គី បាននិយាយថា ការលើកឡើងថា អឺរ៉ុបអាចផ្តល់ការធានាសន្តិសុខដោយពុំចាំបាច់មានសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនយល់ដូចនេះទេ គឺការធានាសន្តិសុខដោយគ្មានអាមេរិក មិនមែនជាការធានាសន្តិសុខពិតប្រាកដនោះទេ ទាំងសម្រាប់អឺរ៉ុប និងអ៊ុយក្រែន។
លោក ហ្សេឡេនស្គី នៅតែទាមទារថា ត្រូវតែមានការធានាការពារសន្តិសុខឱ្យអ៊ុយក្រែន ដូចជាការសម្រេចឱ្យអ៊ុយក្រែន បានក្លាយជាសមាជិកអង្គការណាតូ ឬយ៉ាងហោចណាស់មានការដាក់ពង្រាយកងទ័ពរក្សាសន្តិភាពនៅតាមព្រំដែនដែលកងទ័ពមានពី ២០ម៉ឺននាក់ឡើងទៅ ហើយមកពីទ្វីបអឺរ៉ុប បើពុំនោះទេ អ៊ុយក្រែននឹងធ្លាក់ក្នុងការឈ្លានពានជាថ្មីទៀតពីរុស្ស៊ី។
ជាមួយគ្នានេះ លោក ហ្សេឡេនស្គី បង្ហើបថា រូបលោកនឹងស្នើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោះដូរទឹកដីដែលអ៊ុយក្រែន ដណ្តើមកាន់កាប់បាននៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ដែលលោកថាទាំងអ៊ុយក្រែន និងរុស្ស៊ី មានសិទ្ធិលើកឡើងដូចគ្នា។
តាមលោក ហ្សេឡេនស្គី អ៊ុយក្រែនមានទឹកដីមួយទៀតអាចដោះដូរនឹងរុស្ស៊ី តែលោកមិនបានបញ្ចេញឈ្មោះទឹកដីអ៊ុយក្រែនមួយណាដែលលោកនឹងស្នើជាថ្នូរត្រឡប់មកវិញនូវទឹកដីអ៊ុយក្រែន កំពុងធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ី នោះទេ។
គេនៅចាំបានថា អ៊ុយក្រែនមានទឹកដីមួយទៀតដែលកំពុងធ្លាក់ក្នុងដៃរុស្ស៊ី តាំងពីឆ្នាំ២០១៤ គឺតំបន់ជ្រោយឧបទ្វីបគ្រីមៀរ។ ទំនងលោក ហ្សេឡេនស្គី ចង់និយាយយោងដល់អតីតដែនដីរបស់អ៊ុយក្រែន នៅតំបន់សមុទ្រខ្មៅនេះ ឬដូចម្ដេច?៕
© 2025, . All rights reserved.