លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

នយោបាយ

បុរស​ខ្លាំង​កម្ពុជា​គំរាម​កម្ចាត់​អ្នក​ណា​ក៏ដោយ​ដែល​ចង់​សម្លាប់​រូបលោក​ក្រោម​អំពើ​ភេរវកម្ម​បង្ហោះ​ដ្រូន

By ឌឹ ខេមបូឌា ដេលី

February 14, 2025

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គំរាម​ថា​លោក​នឹង​កម្ចាត់​ចោល​ទាំងអស់​អ្នក​ណា​ក៏ដោយ​ដែល​ចង់​សម្លាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក ព្រោះ​លោក​បាន​ដឹង​ច្បាស់​ហើយ​ថា​មេ​ធំ​របស់​ពួកគេ​ជា​អ្នក​ណា ហើយ​និង​កំពុង​នៅ​ទីណា ប៉ុន្តែ​លោក​នៅ​រង់ចាំ​មើល​ថា តើ​បក្ស​នយោបាយ និង​អ្នក​នយោបាយ​ណា​ខ្លះ​ដែល​ចេញ​មុខ​ថ្កោលទោស ឬ​នៅ​ស្ងៀម ឬ​គាំទ្រ​ទង្វើ​ភេរវកម្ម​នេះ។

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ទម្លាយ​សារ​សំឡេង​ពីរ​ឃ្លីប​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ដោយ​ភ្ជាប់​នឹង​សំណេរ​ថា លោក​សូម​ចែករំលែក​នូវ​ព័ត៌មាន​តូច​មួយ​នៃ​ផែនការ​ភេរវកម្ម​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក និង​គ្រួសារ​របស់​លោក។

លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ដឹង​ច្បាស់​ហើយ​ថា​មេ​ធំ​របស់​ពួកគេ​ជា​អ្នក​ណា ហើយ​និង​កំពុង​នៅ​ទីណា ប៉ុន្តែ​លោក​មិន​ទាន់​បញ្ចេញ​សមាសភាព​របស់​គេ​នៅ​ពេលនេះ​ទេ ព្រោះ​លោក​ត្រូវ​កម្ចាត់​ពួក​ជ្រុល​និយម និង​ហិង្សា​និយម​ទាំងនេះ​ឲ្យ​អស់​ជា​មុន​សិន។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​ចោទ​ជា​សំណួរ​ថា តើ​ប្រទេស​ដែល​អួត​ខ្លួន​ថា​មាន​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស គួរ​គាំទ្រ​អំពើ​បែប​នេះ និង​ឲ្យ​ជន​ទាំងនេះ​ស្នាក់នៅ​ក្នុង​ប្រទេស​ខ្លួន​បន្ត​ទៀត​ដែរ​ឬ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ការ​ប្រឹង​រក​ល្បិចកល​ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​ក្រុម​ប្រឆាំង ដោយ​ចោទ​ពី​អំពើ​ភេរវកម្ម​នេះ គឺ​លោក ហ៊ុន សែន កំពុង​រក​លេស​ស្ទាបស្ទង់​ក្នុង​ចេតនា​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជា​ក្រុម​ភេរវកម្ម​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា លោក ហ៊ុន សែន ដឹង​ច្បាស់​ថា​បញ្ហា​ដែល​ក្រុម​ប្រឆាំង​កំពុង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​នៅ​ពេលនេះ គឺ​មាន​ច្រើន​រាប់​មិន​អស់ ដូចជា​បញ្ហា​កោះ​គុត ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង​បញ្ហា​ស្អេកស្កះ​ជាច្រើន​ទៀត ប៉ុន្តែ​គាត់​មិន​អាច​ដោះស្រាយ​បាន​ទេ។

ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា ការ​បង្ហោះ​ដ្រូន​ចូល​ក្រុង​តាខ្មៅ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ គឺជា​អំពើ​ភេរវកម្ម ព្រោះ​សកម្មភាព​បញ្ជូន​ដ្រូន​នេះ​គឺជា​ការ​ប៉ុនប៉ង​សម្លាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាង​ពិតប្រាកដ៕

© 2025, . All rights reserved.