ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី

ព័ត៌មានអន្តរជាតិ

លោក ហ្សេឡេនស្គី ថា​លោក ពូទីន គ្មាន​ចេតនា​បញ្ចប់​សង្គ្រាម​ទេ​ខណៈ​បាញ់​មីស៊ីល​ផ្លោង​បាលិស្ទីក​លើ​ក្រុង​គៀវ

By ឌឹ ខេមបូឌា ដេលី

February 14, 2025

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី អំពាវនាវ​ដល់​ដៃគូ​លោកខាងលិច ឱ្យ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​ផ្លោង​បាលិស្ទីក ballistic និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ពេញ​មួយ​យប់ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ម្នាក់ រង​របួស ៤​នាក់ និង​បាន​បង្ក​ឱ្យ​រដ្ឋធានី​គៀវ (Kyiv) ឆេះ​ច្រើន​កន្លែង។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Kyiv Independent នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ល្ងាច​ថ្ងៃទី​១២ កុម្ភៈ។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី បាន​បើក​ការ​វាយប្រហារ​ពេញ​មួយ​យប់​កាលពី​យប់​ថ្ងៃ​អង្គារ រហូត​ទៀបភ្លឺ​ចូល​ដល់​ថ្ងៃទី​ពុធ ទី​១២ កុម្ភៈ ដោយ​បាញ់​មីស៊ីល​ផ្លោង​បាលិស្ទីក (ballistic) និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដោយ​វាយប្រហារ​ពាសពេញ​ប្រទេស​អ៊ុយក្រែន រួម​នឹង​រដ្ឋធានី​គៀវ។

លោក ហ្សេឡេនស្គី បាន​សរសេរ​នៅ​លើ​បណ្ដាញ Telegram ថា អគារ​លំនៅឋាន​ប្រជាជន និង​អគារ​ការិយាល័យ​ជាច្រើន​រង​ការ​វាយប្រហារ ដែល​នេះ​គឺជា​ទង្វើ​ភេរវកម្ម​របស់​អ្នក​ឈ្លានពាន។

បើ​តាម​លោក ហ្សេឡេនស្គី អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​មីស៊ីល​ផ្លោង ballistic ចំនួន ៦​គ្រាប់​ក្នុង​ចំនួន ៧​គ្រាប់ និង​បាញ់​ទម្លាក់​ដ្រូន ៧១​គ្រឿង និង ៤០​គ្រឿង​ទៀត​បាត់​ចេញពី​ប្រព័ន្ធ​រ៉ាដា​ក្នុង​ចំណោម ១២៣​គ្រឿង។

ប្រធានាធិបតី​អ៊ុយក្រែន បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម Telegram ថា «លោក ពូទីន មិន​បាន​សម្របសម្រួល​ស្ថានការណ៍​សង្គ្រាម​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ​ទេ ព្រោះ​លោក ពូទីន នៅតែ​បន្ត​សម្លាប់​ជនជាតិ​អ៊ុយក្រែន និង​បំផ្លាញ​ទីក្រុង​របស់​អ៊ុយក្រែន»

លោក ហ្សេឡេនស្គី ទទូច​ថា៖ «ឥឡូវ​នេះ​ត្រូវការ​ការ​រួបរួម និង​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន ទាំងអស់​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​បញ្ចប់​សង្គ្រាម​របស់​លោក ពូទីន»

ជាមួយ​គ្នា​នេះ អភិបាលក្រុង​គៀវ លោក Vitali Klitschko បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា សេវា​សង្គ្រោះ​បន្ទាន់​នៅ​ទីក្រុង​គៀវ បាន​រាយការណ៍​ពី​អគ្គិភ័យ និង​ការ​ខូចខាត​ផ្សេង​ទៀត​នៅ​ឯ​អគារ​ក្នុង​សង្កាត់​ចំនួន​បួន​ក្នុង​ទីក្រុង​គៀវ។

ទ័ព​អ៊ុយក្រែន បាន​និយាយ​ថា រុស្ស៊ី​ក៏​បាន​បញ្ចេញ​មីស៊ីល​វាយប្រហារ​លើ​ទីក្រុង Kryvyi Rih ដែល​មាន​ទីតាំង​ក្នុង​តំបន់ Dnipropetrovsk ផង​ដែរ។ អភិបាល​តំបន់ Dnipropetrovsk លោក Serhiy Lysak បាន​និយាយ​ថា ការ​វាយប្រហារ​របស់​រុស្ស៊ី បាន​បំផ្លាញ​សាលារៀន សណ្ឋាគារ អគារ​រដ្ឋបាល និង​អគារ​ផ្ទះល្វែង​ចំនួន​បី​កន្លែង។

ប្រេសិត​ពិសេស​របស់​លោក ដូណាល់ ត្រាំ លោក Keith Kellogg នឹង​ទៅ​ទីក្រុង​គៀវ ក្នុង​សប្ដាហ៍​នេះ ខណៈ​លោក JD Vance អនុ​ប្រធានាធិបតី​របស់​លោក ត្រាំ នឹង​ទៅ​ចូលរួម​សន្និសីទ​សន្តិសុខ​ក្រុង Munich ប្រទេស​អាល្លឺម៉ង់ នៅ​សប្ដាហ៍​ក្រោយ​នេះ ដែល​លោក ហ្សេឡេនស្គី ក៏​ត្រូវ​មាន​វត្តមាន​នៅ​ឯ​វេទិកា​នោះ​ដែរ។

ក្រោយ​បន្តិច​ដែល​គ្រាប់​មីស៊ីល​ផ្លោង ballistic របស់​រុស្ស៊ី វាយប្រហារ​លើ​រដ្ឋធានី​គៀវ វិមាន​ក្រឹមឡាំង បាន​ចេញ​មក​ច្រានចោល​យ៉ាង​ដាច់អហង្ការ​នូវ​លទ្ធភាព​ណា​មួយ​ក្នុង​ការ​ដោះដូរ​ទឹកដី​ដែល​ខ្លួន​កាន់កាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន សម្រាប់​ផ្នែក​ខ្លះ​នៃ​តំបន់ Kursk របស់​រុស្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​កាន់កាប់​ដោយ​កងកម្លាំង​អ៊ុយក្រែន។

ការ​ប្រកាស​នេះ កើតឡើង​បន្ទាប់ពី​លោក ហ្សេឡេនស្គី បាន​លើកឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត The Guardian នៃ​ប្រទេស​អង់គ្លេស អំពី​លទ្ធភាព​នៃ​ការ​ផ្តល់​ឱ្យ​រុស្ស៊ី នូវ​ការ​ដោះដូរ​ទឹកដី​ដោយ​ផ្ទាល់​ដើម្បី​បញ្ចប់​សង្គ្រាម។ លោក ហ្សេឡេនស្គី បាន​ស្នើ​ឱ្យ​មាន​ការ​ដោះដូរ​ផ្នែក​ខ្លះ​នៃ​តំបន់ Kursk ដែល​កាន់កាប់​ដោយ​ទ័ព​អ៊ុយក្រែន សម្រាប់​ទឹកដី​អ៊ុយក្រែន ដែល​រុស្ស៊ី កាន់កាប់។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ច្រានចោល​សំណើ​នេះ​យ៉ាង​ដាច់ខាត។ លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «រឿង​នេះ​មិន​អាច​ទៅ​រួច​ទេ។ រុស្ស៊ី មិន​ដែល​ពិភាក្សា​ទេ ហើយ​នឹង​មិន​ពិភាក្សា​អំពី​ការ​ដោះដូរ​ទឹកដី​របស់​ខ្លួន​ឡើយ»

លោក Peskov អះអាង​ថា កងទ័ព​រុស្ស៊ី នឹង​បណ្តេញ​កងទ័ព​អ៊ុយក្រែន ចេញពី​តំបន់ Kursk។

ការ​លើកឡើង​របស់​លោក Peskov ធ្វើឡើង​តាម​ពីក្រោយ​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល​បាន​ថ្លែង​ថា កងទ័ព​រុស្ស៊ី​នឹង​ដណ្តើម​យក​តំបន់ Kursk មក​វិញ ប៉ុន្តែ​លោក ពូទីន មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ដែល​ត្រូវ​កំណត់​វាយ​រុញច្រាន​ទ័ព​អ៊ុយក្រែន ចេញពី​ទឹកដី​រុស្ស៊ី ពេល​ណា​ឡើយ។

អ៊ុយក្រែន បាន​លើក​ទ័ព​វាយលុក​ចូល​ខាង​ក្នុង​ទឹកដី​រុស្ស៊ី នៅ​តំបន់ Kursk កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៤។ បើ​គិត​មក​ដល់​ពេលនេះ មាន​រយៈពេល ៦​ខែ​ហើយ។

នៅ​ក្នុង​សមរភូមិ Kursk នេះ រុស្ស៊ី​ប្រើប្រាស់​ទ័ព ៥០០០០​នាក់ និង​ទ័ព​កូរ៉េខាងជើង ១២០០០​នាក់។ តែ​បើ​យោង​តាម​អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrsky ថា​រុស្ស៊ី​បាត់បង់​ទ័ព​ជិត ៤០០០០​នាក់ ក្នុង​នោះ​ស្លាប់ ១៦០០០​នាក់។ ចំណែក​ទ័ព​កូរ៉េខាងជើង បាត់បង់​ជាង ៤០០០​នាក់ និង​ស្លាប់ ១១០០​នាក់។

ក្នុង​ស្ថានភាព​នេះ​នៅ​តំបន់​សមរភូមិ Kursk អ៊ុយក្រែន​នៅតែ​ឈរជើង​បាន​រឹងមាំ​លើ​ផ្ទៃដី​ជិត ១០០០​គីឡូម៉ែត្រ​ក្រឡា ប៉ុន្តែ​ខាង​ក្នុង​ទឹកដី​អ៊ុយក្រែន វិញ ទ័ព​រុស្ស៊ី​កំពុង​វាយ​កាន់កាប់​បាន​ពី​ទ័ព​អ៊ុយក្រែន ប្រមាណ​ជា ២០% ឬ ៤០០០០​គីឡូម៉ែត្រ​ក្រឡា។

អ្នក​សង្កេតការណ៍​មិន​មើល​ឃើញ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន អាច​បិទ​បញ្ចប់​បាន​ឆាប់​នោះ​ទេ បើ​រុស្ស៊ី មិន​អាច​រុញ​ទ័ព​អ៊ុយក្រែន ចេញពី​ខាង​ក្នុង​ទឹកដី​រុស្ស៊ី វិញ​នោះ៕

© 2025, . All rights reserved.