ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ត្អូញត្អែរ​ថា​គ្មាន​ដំណោះស្រាយ​ទាល់តែសោះ​ពី​ការ​តវ៉ា​រយៈពេល​ជាង​៣​ឆ្នាំ​មក​នេះ

By ឌឹ ខេមបូឌា ដេលី

February 17, 2025

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NagaWorld) ត្អូញត្អែរ​ថា រយៈពេល ៣​ឆ្នាំ​នៃ​ការ​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ទទួល​បាន​ដំណោះស្រាយ​សូម្បី​តែ​មួយ​ចំណុច។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ហៅ​កាត់​ថា LRSU ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​ថ្ងៃទី​១៤ កុម្ភៈ ដោយ​ការ​លើក​ផ្ទាំង​បដា​ធំៗ​ដែល​សរសេរ​លក្ខខណ្ឌ​ទាមទារ ៨​ចំណុច បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ដោយ​គ្មាន​ដំណោះស្រាយ។

ក្រុម​កូដករ​ទាំងនេះ​អះអាង​ថា ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​ពួកគេ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ប៉ុណ្ណោះ ដូចជា​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍ ត្រូវ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិតគូរ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ជាដើម។

ជាង​នេះ​ទៀត ត្រូវ​គិតគូរ​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ ហើយ​ក៏​ត្រូវ​ផ្ដល់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​រំឭក​អតីតភាព​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ត្រូវ​ដំឡើង​ប្រាក់ឈ្នួល​គោល ៧% លើ​ប្រាក់ឈ្នួល​បច្ចុប្បន្ន​ផង​ដែរ។

លើស​ពី​នេះ ក៏​ត្រូវ​បញ្ឈប់​ការ​កេងប្រវ័ញ្ច​តាមរយៈ​ការ​ប្រើ​បុគ្គលិក​ក្រោម​ស្លាក​កម្មសិក្សា​ជា​ថ្នូរ​ឱ្យ​ពួកគេ​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ និង​ត្រូវ​បញ្ឈប់​ប្រធាន​ផ្នែក​កាស៊ីណូ​លោក Florian Pastiu ផង​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ ថា ការ​ធានា​បាន​នូវ​សិទ្ធិ​ការងារ​របស់​កម្មករ ក៏​ជា​ការ​ធានា​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ ព្រោះ​ថា​អ្នក​វិនិយោគ​បរទេស​ល្អៗ​នឹង​ចូល​ទៅ​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ដោយ​គ្មាន​ភាព​ស្ទាក់ស្ទើរ បើ​គេ​មើល​ឃើញ​ថា​កម្ពុជា​ធានា​បាន​នូវ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត។

លោក សេក សុជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​សម្រាប់​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្នុង​លក្ខខណ្ឌ​សមរម្យ​មួយ ដើម្បី​ឱ្យ​ភាគី​ទាំង​សងខាង​អាច​ទទួលយក​បាន​ទាំងអស់​គ្នា ដោយ​មិន​ទុក​ពួកគេ​ចោល​ដូច​ការ​អះអាង​របស់​ខ្លួន​កន្លង​មក ព្រោះ​ការ​តវ៉ា​របស់​កូដករ​ទាំងនេះ​មិនមែន​ព្រោះតែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ គឺ​ដើម្បី​តែ​សិទ្ធិ​ការងារ​របស់​ពួកគេ​ប៉ុណ្ណោះ។

គិត​ចាប់តាំងពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​ក្រុម​កូដករ​បាន​នាំគ្នា​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ បន្ទាប់ពី​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បញ្ឈប់​ពួកគេ​ពី​ការងារ​ដោយ​រំលោភ​ច្បាប់​មក គឺ​មាន​រយៈពេល ៣​ឆ្នាំ ១​ខែ ២៧​ថ្ងៃ (១១៥៤​ថ្ងៃ) ហើយ ប៉ុន្តែ​ដំណោះស្រាយ​នៅតែ​គ្មាន​សម្រាប់​កម្មករ​រងគ្រោះ​ទាំងនេះ ខណៈ​ក្រសួង​ការងារ​ក៏​មិន​បាន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ដែរ៕

© 2025, . All rights reserved.