ចលនាមាតាធម្មជាតិ (Mother Nature Cambodia) ចាត់ទុកការបដិសេធសំណើសុំនៅក្រៅឃុំពីយុវជនបរិស្ថានទាំង ៥នាក់ ថាជាភាពកំសាកខាងរដ្ឋាភិបាលដែលមិនហ៊ានប្រឈមមុខនឹងការពិតចំពោះសកម្មភាពការពារបរិស្ថានដែលចលនាមាតាធម្មជាតិ បានធ្វើរហូតមក។
ចលនាមាតាធម្មជាតិ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ថា រាជរដ្ឋាភិបាលខ្មែរនៅតែមិនភ្ញាក់រលឹកចំពោះទង្វើរបស់ខ្លួនដែលបានគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋស្លូតត្រង់រហូតមក។
ប្រភពដដែលបញ្ជាក់ថា មិនមែនជារឿងចម្លែកទេសម្រាប់ការបដិសេធសំណើសុំនៅក្រៅឃុំពីតុលាការស្រុកខ្មែរ ដែលតែងតែយកច្បាប់មកគាបសង្កត់ដល់មនុស្សស្មោះត្រង់ ព្រោះការបដិសេធសំណើនៅក្រៅឃុំនេះក៏មិនមែនកើតមានតែលើសកម្មជនបរិស្ថានទាំង ៥រូបនេះដែរ គឺធ្លាប់កើតមានលើអ្នកទោសមនសិការជាហូរហែរហូតមក។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការសុំនៅក្រៅឃុំលើសំណុំរឿងសកម្មជនបរិស្ថានចំនួន ៥រូប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានដូចជា លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី ដោយតុលាការមិនអនុញ្ញាតឱ្យអ្នកទាំង ៥នាក់នៅក្រៅឃុំតាមការស្នើសុំពីសាមីខ្លួន និងមេធាវីឡើយ។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង ៥រូប ដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារវិញកាលពីថ្ងៃចន្ទ គឺស្ថិតក្នុងចំណោមអ្នកទោសមនសិការចំនួន ៥៩នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារការបញ្ចេញមតិ ដូចជារឿងបរិស្ថាន បញ្ហាសិទ្ធិសេរីភាព និងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ជាដើម។
ជុំវិញបញ្ហានេះ តំណាងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានចូលរួមតាមដានសវនាការនេះ លើកឡើងថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងវិបត្តិនយោបាយស្មុគស្មាញដូចសព្វថ្ងៃនេះ យុវជនទាំងនេះកុំថាឡើយដល់ទៅដោះលែងឱ្យមានសេរីភាពឡើងវិញ សូម្បីសិទ្ធិសុំនៅក្រៅឃុំបណ្ដោះអាសន្នក៏មិនអាចទៅរួចដែរ។
តំណាងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ អំពាវនាវឱ្យតុលាការពិចារណាដោះស្រាយសំណុំរឿងយុវជនទាំងនេះដើម្បីឱ្យពួកគេបាននៅក្រៅឃុំបណ្ដោះអាសន្ន អំឡុងពេលរង់ចាំដំណើរការនីតិវិធីបន្ត ហើយការធ្វើបែបនេះ ក៏ដើម្បីធានានូវលំហសិទ្ធិមនុស្ស លំហសេរីភាពដែលកំពុងតែរួមតូចក្នុងពេលបច្ចុប្បន្ននេះបានខ្លះដែរ៕
© 2025, . All rights reserved.