លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក ហ៊ុន តូ បងប្អូន​ជីដូនមួយ​របស់​លោក

គ្រឿងញៀន

លោក សម រង្ស៊ី ឱ្យ​យោបល់​លោក ហ៊ុន ម៉ាណែត ថា​បើ​ចង់​កម្ចាត់​គ្រឿងញៀន ទាល់តែ​ចាប់​ឪពុក​និង​ជីដូនមួយ​របស់​លោក

By ឌឹ ខេមបូឌា ដេលី

February 21, 2025

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ស្អាតស្អំ និង​ក្លាហាន ចង់​លុបបំបាត់​គ្រឿងញៀន ទាល់តែ​គាត់​ហ៊ាន​ចាប់​ខ្លួន​បងប្អូន​ជីដូនមួយ​របស់​គាត់ គឺ​លោក ហ៊ុន តូ និង​លោក ហ៊ុន សែន ជា​ឪពុក។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ថា លោក ហ៊ុន តូ ជា​មេក្រុម​ម៉ាហ្វីយ៉ា និង​មេ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ចំណែក​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំងអស់​ដែល​កំពុង​លាក់​ខ្លួន​នៅ​ស្រុក​ខ្មែរ​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ជំងឺ​រាតត្បាត​ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​នៃ​សង្គម​កម្ពុជា ហើយ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើ​ថ្នាំញៀន រួម​ទាំង​អ្នក​ផលិត និង​អ្នក​ចែកចាយ​ផង ក៏​បាន​បង្ក​អស្ថិរភាព​ក្នុង​សង្គម​ទាំងមូល​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​អំពើពុករលួយ​ក្រោម​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​កំពូល និង​ពួក​ឧក្រិដ្ឋជន។ លោក​ថា ដោយសារតែ​បែប​នេះ ក្រុម​ម៉ាហ្វីយ៉ា​បាន​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​ផលិត ចែកចាយ​គ្រឿងញៀន និង​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដោយ​មិន​ញញើត​ច្បាប់​ឡើយ។ មិន​ត្រឹមតែ​បំផ្លាញ​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ក្នុង​តំបន់ បង្កើន​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​ក្នុង​ប្រទេស​ជាច្រើន​ថែម​ទៀត។

កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សារភាព​ថា ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​សភាព​ប្រឈម​ធ្ងន់ធ្ងរ​នៅឡើយ ព្រោះ​ការ​ជួញដូរ ការ​ប្រើប្រាស់ ការ​ចែកចាយ និង​ការ​កែច្នៃ​ផលិត​គ្រឿងញៀន​នៅតែ​បន្ត​កើត​មាន​នៅ​កម្ពុជា។

ក្នុង​សេចក្តី​ប្រកាស​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១០ រយៈពេល ១​ឆ្នាំ សម្រាប់​ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដើម្បី​ឆ្លើយតប​ការ​ប្ដេជ្ញាចិត្ត​ថា​កម្ពុជា​គឺជា​ប្រទេស​គ្មាន​គ្រឿងញៀន រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​សម្រាប់​ឆ្នាំ​២០២៥ បន្ត​ទៀត៕

© 2025, . All rights reserved.