លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ

ច្បាប់

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​យល់​ថា​ការ​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន បង់​លុយ​១​សែន​ដុល្លារ​គឺ​ហួសហេតុ​ពេក

By ឌឹ ខេមបូឌា ដេលី

February 21, 2025

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) រិះគន់​ថា ការ​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ ១​សែន​ដុល្លារ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន គឺ​បង្ហាញ​ពី​អាវុធ​នៃ​ប្រព័ន្ធ​តុលាការ​ក្នុង​របៀបវារៈ​នយោបាយ​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​ត្រកូល​ហ៊ុន កំពុង​ប្រើ​អំណាច​គ្រប​សង្កត់​ទៅ​លើ​ច្បាប់​ដោយ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ចំពោះ​មាត្រា​ដែល​បាន​ចែង​អំពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ក៏ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ពិន័យ​របស់​តុលាការ​លើ​សំណុំរឿង​លោក រ៉ុង ឈុន គឺជា​ការ​អនុវត្ត​ខុស​នីតិវិធី​ច្បាប់​ទាំងស្រុង ចំពោះ​ការ​បញ្ចេញមតិ​របស់​លោក​អំពី​ព្រំដែន​ជាមួយ​វៀតណាម ដែល​បាន​រំលោភ​ទឹកដី​ខ្មែរ និង​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​លើ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ដូចជា ព្រៃឈើ​ជាដើម ក្រោម​ការ​កេង​ចំណេញ​របស់​វៀតណាម គឺជា​បញ្ហា​ស៊ីជម្រៅ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​កំពុង​មាន​ការ​ព្រួយបារម្ភ។

KMD អះអាង​ថា ការ​ចោទប្រកាន់​ពី​បទ​ញុះញង់ គឺជា​ឧបករណ៍​ដ៏​ពេញ​និយម​មួយ​នៃ​អាវុធ​របស់​រដ្ឋាភិបាល​តាមរយៈ​ប្រព័ន្ធ​តុលាការ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង សមាជិក​សភា សកម្មជន​បរិស្ថាន និង​អ្នក​សារព័ត៌មាន ជាដើម ព្រោះ​បទប្បញ្ញត្តិ​ញុះញង់​នេះ​គ្មាន​ខ្លឹមសារ​ជាក់លាក់​ទេ ប៉ុន្តែ​ខ្លឹមសារ​របស់​វា គឺ​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ប៉ុណ្ណោះ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក រ៉ុង ឈុន។ ជាង​នេះ​ទៀត ក៏​ត្រូវ​បញ្ចប់​ការ​យាយី​លើ​អ្នកទោស​នយោបាយ​ទាំងអស់ និង​ត្រូវតែ​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព​ស្រប​តាម​ស្មារតី​ដើម​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ឥត​លក្ខខណ្ឌ។

កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន កញ្ញា ស កណិការ និង​លោក តុន និមល រួម​គ្នា​សង​សំណង​ការ​ខូចខាត​ចំនួន ១០​ម៉ឺន​ដុល្លារ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន។

ជាង​នេះ​ទៀត សាលា​ឧទ្ធរណ៍​ក៏​បាន​ចេញ​ដីកា​កោះ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឱ្យ​លោក រ៉ុង ឈុន ចូលរួម​សវនាការ​ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹង​សុំ​ឱ្យ​ផ្តល់​នីតិសម្បទា​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២៥ នេះ​ជា​កំហិត​ថែម​ទៀត បន្ទាប់ពី​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន ៣​លើក​រួច​មក​ហើយ៕

© 2025, . All rights reserved.