លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

នយោបាយ

នាយករដ្ឋមន្ត្រី​ខ្មែរ​ឆ្នើម​ខាង​ចំណាយ​លុយ​ប្រណាំង​យក​ល្បី​ឈ្មោះ​តាម​ហ្វេសប៊ុក​ជាងគេ

By ឌឹ ខេមបូឌា ដេលី

February 21, 2025

ក្នុង​បណ្តា​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជា​នាយករដ្ឋមន្ត្រី​ដែល​ប្រើប្រាស់​ថវិកា​ក្នុង​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​ជាងគេ​រហូត​ដល់​ទៅ​ជាង ១​លាន ៦​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក គិត​ចាប់ពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ នេះ​បើ​តាម​បណ្ណាល័យ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​មេតា ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក Bong Bong Marcos បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា ៣៤៧៦៦,៩៦​ដុល្លារ ($34,766.96) ស្មើ​នឹង​ជាង ២,១៥% នៃ​ការ​ចំណាយ​របស់​លោក ហ៊ុន ម៉ាណែត។

ចំណែកឯ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី Anwar Ibrahim ចំណាយ ១៨៦៧,៥៧​ដុល្លារ ($1,867.57) ស្មើ​នឹង ០,១២% នៃ​ចំណាយ​លោក ហ៊ុន ម៉ាណែត។

លោក Prabowo Subianto ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី ចំណាយ ១៨៧,៥៤​ដុល្លារ ($187.54) ស្មើ​នឹង ០,០១% នៃ​ចំណាយ​របស់​លោក ហ៊ុន ម៉ាណែត និង​ចុងក្រោយ នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក Lawrence Wong មិន​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ហ្វេសប៊ុក​របស់​ខ្លួន​នោះ​ទេ។ ចំណែកឯ​ថ្នាក់ដឹកនាំ​រដ្ឋ​ផ្សេងៗ​ទៀត មិន​មាន​ហ្វេសប៊ុក​ផ្លូវការ​បង្ហាញ​នោះ​ទេ។

គិត​ចាប់ពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រហូត​មក​ដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ នេះ គឺ​រយៈពេល ៩០​ថ្ងៃ ផេក ឬ​ទំព័រ​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំណាយ​ប្រាក់​ប្រមាណ​ជា ៨៤៤០១​ដុល្លារ ($84,401) ដោយ​គិត​ជា​មធ្យម​ចំណាយ​ប្រហែលជា​ជិត ១​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​លុយ​ដើម្បី​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​លើ​បណ្តាសា​ព័ត៌មាន​នានា​កាលពី​ដើម​ខែ​កុម្ភៈ នេះ​មក ចំនួន Facebook Ads ដែល​មាន​សកម្មភាព ឬ​ហៅថា Active Ads ជាច្រើន​ត្រូវ​បាន​កំណត់​បញ្ឈប់​ការ​ផ្សាយ​នៅ​ត្រឹម​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​នៅ​សល់ Facebook ads ចំនួន​តែ ២ ទៅ ៣ ads ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​ក្នុង​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ។ ចំណែកឯ​ចំនួន​ចំណាយ​ប្រចាំ​ថ្ងៃ​ក៏​ចុះ​ពី​ប្រមាណ ១​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដោយ​គិត​ជា​មធ្យម​មក​នៅ​ត្រឹម​ប្រមាណ​ជា ១០០​ដុល្លារ​ប៉ុណ្ណោះ។

គិត​ចាប់ពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ រហូត​មក​ដល់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ ចំនួន Facebook ads ទាំង​កំពុង​នៅ​ដំណើរការ (active) ទាំង​ឈប់​ដំណើរការ (Inactive) គឺ​មាន​សរុប​ចំនួន ២៧០៥ ads។

លោក ស៊ឹង សែនករុណា បាន​និយាយ​ថា “ទោះជា​យ៉ាងណា បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ផ្តល់​នូវ​តម្លាភាព​ដល់​សាធារណជន​មើល​ឃើញ​ពី​ការ​ចំណាយ​ប្រាក់​របស់​អ្នក​នយោបាយ​នៅ​លើ​វេទិកា​របស់​ខ្លួន”។

លោក​បន្ថែម​ថា “នេះ​បាន​ហ្វេសប៊ុក​បង្ហាញ​យើង ចុះ​ការ​ចំណាយ​សម្រាប់​ក្រុម​ការងារ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​លោក ហ៊ុន ម៉ាណែត ដែល​បង្កើត​ក្រុម Share ផុស និង​ចូល​ខំមិន​តាម​ហ្វេសប៊ុក​នានា​ដែល​គេ​រិះគន់​គាត់​នោះ តើ​ចំណាយ​អស់​ប៉ុន្មាន​ទៀត?”

ការ​ធ្វើការ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​ដែល​លោក​នាយករដ្ឋមន្ត្រី​និយាយ​កាលពី​ព្រឹក​នេះ ថា​វា​ជា​ទំព័រ​ផ្ទាល់ខ្លួន​របស់​គាត់ គឺ​មិនមែន​នោះ​ទេ។ ចំនួន Facebook ads ទាំង​ជាង ៧​ពាន់​នេះ គឺ​ត្រូវ​បាន​ដកស្រង់​ចេញពី​ទំព័រ​ផ្លូវការ​ដែល​មាន​ឈ្មោះ​ថា Samdech Thipadei Hun Manet, Prime Minister of Cambodia ដែល​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ស្ថិត​ក្នុង​ប្រភេទ​ជា Government Organization ហើយ​មាន​អ្នក​តាមដាន​ចំនួន​ជាង ៤​លាន​នាក់។ ចំណែកឯ​គណនី​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន ម៉ាណែត ដែល​មាន​ឈ្មោះ​ថា Manet Hun មាន Friend ចំនួន​ជាង ៣​ពាន់​នាក់។

លោក ហ៊ុន ម៉ាណែត ក៏​មាន​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​មួយ​ទៀត​ដែរ​ដែល​មាន​អ្នក​តាមដាន​ចំនួន ១​លាន​កន្លះ៕

© 2025, . All rights reserved.