នាយករដ្ឋមន្ត្រីបន្តត្រកូលពីឪពុកទៅកូន លោក ហ៊ុន ម៉ាណែត លើកឡើងថា ការផ្លាស់ប្ដូររដ្ឋាភិបាលក្នុងបក្សនយោបាយតែមួយដែលមានគោលនយោបាយតែមួយ នឹងនាំឱ្យកម្ពុជាមាននិរន្តរភាពនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍជាតិ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ប្រទេសមួយចំនួនដាក់គោលនយោបាយមិនចេញ ដោយសារតែមានការផ្លាស់ប្ដូររដ្ឋាភិបាលញឹកញាប់ពេក។
នាយករដ្ឋមន្ត្រីខ្មែររូបនេះលើកឡើងថា រដ្ឋាភិបាលចាស់ដាក់ផែនការគោលនយោបាយមិនទាន់បានអនុវត្តស្រួលបួលផង រដ្ឋាភិបាលថ្មីក៏ចូលមកដកចេញវិញ។ កត្តានេះហើយដែលនាំឱ្យគោលនយោបាយមួយចំនួននៅក្នុងប្រទេសទាំងនោះជួបបញ្ហាមិនអាចអនុវត្តទៅបាន។
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋទុកចិត្តលើរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តជំរុញនូវកម្មវិធីគាំពារសង្គមក្នុងការឈានទៅពង្រឹងការជួយប្រជាពលរដ្ឋបន្តទៀត ព្រោះថាដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំ គោលនយោបាយរយៈពេលវែងនឹងបន្តអនុវត្តដោយភាពច្បាស់លាស់ មានផែនទីបង្ហាញផ្លូវច្បាស់លាស់ក្រោមយន្តការអនុវត្តច្បាស់លាស់ផងដែរ។
ក្នុងពិធីសម្ពោធអគារសិក្សានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា នាយករដ្ឋមន្ត្រីបន្តវេនអំណាចពីរូបលោក គឺលោក ហ៊ុន ម៉ាណែត គ្មានថ្ងៃដែលអាចដើរចេញពីស្រមោលរបស់លោកដែលជាឪពុកបានឡើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កុម្ភៈ នេះថា សម្ដីរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែបង្ហាញពីកម្រិតចំណេះដឹងរបស់គាត់ក្នុងនាមមេដឹកនាំដែលគ្មានការយល់ដឹង និងគ្មានការអប់រំពីរបបប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ។
លោក អ៊ុំ សំអាន បន្តថា ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត បែបនេះ ក៏បង្ហាញពីបំណងរក្សាអំណាចបន្តត្រកូលដូចលោក ហ៊ុន សែន ឪពុករបស់គាត់ដែរ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងក្នុងវង្សត្រកូលតែមួយ និងបក្សតែមួយរាប់ទសវត្សរ៍បែបនេះហើយ ទើបបានជាទឹកដីដ៏កម្សត់មួយនេះរួចផុតពីរបបប្រល័យពូជសាសន៍ហើយ នៅតែស្ថិតក្នុងទម្រង់ដឹកនាំរបបយង់ឃ្នងនេះដដែល។
គួរកត់ត្រាចំណាំថា៖ លោក ហ៊ុន ម៉ាណែត រៀននិយាយបែបហ្នឹងតាមគតិអ្នកដឹកនាំផ្ដាច់ការផ្ដាច់មុខដូចឪពុកលោក និងអ្នកដឹកនាំផ្ដាច់ការផ្ដាច់មុខដទៃទៀតក្នុងលោកនេះ ថ្វីត្បិតតែលោករៀនបានចំណេះដឹងពីបស្ចិមប្រទេសប្រជាធិបតេយ្យលោកសេរីក៏ដោយ។ នេះបង្ហាញថាមហិច្ឆតាអំណាចអាចធ្វើឲ្យបុគ្គលចេះដឹងម្នាក់ក្លាយជាជនមានមោហ៍បាំង វិងស៊ុង មិនដឹងខុសត្រូវ។
បើលោកមានក្រុមរបស់លោកគ្រប់គ្រងប្រទេសបែបអប្បជនាធិបតេយ្យ (oligarchy) លោកមិនចាំបាច់បោះឆ្នោតបង្គ្រប់កិច្ចបង្ហាញបរទេសទេ។ លោកអាចកាន់អំណាចរហូតអស់សង្ខារ ឬក៏ផ្ទេរទៅឲ្យកូនលោកតទៅទៀតក្នុងត្រកូលតែមួយ។ លោកក្តោបក្តាប់អំណាចតែម្នាក់ឯងជាជនអត្តាធិបតេយ្យ (autocrat) ប្រើអំណាចតែម្នាក់ឯងគាបសង្កត់ពលរដ្ឋឯទៀត លោកក៏នឹងមានឈ្មោះក្នុងប្រវត្តិសាស្ត្រខ្មែរថា វសវត្តី (despot) ឬជនប្រើអំណាចឲ្យគេធ្វើតាមតែខ្លួនមួយ។
បើលោកគ្មានជំនឿលើលទ្ធិប្រជាធិបតេយ្យ ពេលនោះខ្មែរក៏គួរតែនាំគ្នាឈប់ហៅរាជាណាចក្រកម្ពុជាថាជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែរ ពីព្រោះសុទ្ធតែជារឿងបោកប្រាស់ពលរដ្ឋខ្មែរ៕
© 2025, . All rights reserved.