ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការហើយក្នុងកម្មវិធីសមាជពលរដ្ឋខ្មែរអូស្ត្រាលី-ញូវហ្សេឡេន កាលពីថ្ងៃអាទិត្យ ក្នុងគោលដៅផ្លាស់ប្ដូររបបដឹកនាំត្រកូលហ៊ុនតាមបែបអហិង្សា។
សមាជពលរដ្ឋខ្មែរអូស្ត្រាលី-ញូវហ្សេឡេន ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី និងពលរដ្ឋខ្មែរក្នុងប្រទេសញូវហ្សេឡេន ប្រមាណជា ៥០០នាក់ចូលរួម ដោយលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បញ្ហាកោះគុត និងអំពើឃាតកម្មលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ជាដើម។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើងថា ពលរដ្ឋខ្មែរនៅក្រៅស្រុកទាំងអស់មានប្រមាណជា ៣លាននាក់ បានបង្កើតឱ្យមានសមាជក្រៅស្រុកនេះឡើងចំនួន ៧លើកហើយ ដើម្បីរួបរួមគ្នាជាកម្លាំងក្នុងការជំរុញឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដោះស្រាយបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទាំងនោះមានតែផ្លាស់ប្ដូររដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុនចេញប៉ុណ្ណោះ ប៉ុន្តែការផ្លាស់ប្ដូរនេះត្រូវធ្វើឡើងក្រោមលក្ខខណ្ឌអហិង្សា ព្រោះបំណងរបស់ពលរដ្ឋក៏ចង់បានការផ្លាស់ប្ដូរដោយសន្តិវិធីដែរ។
ចំណែកឯប្រធានអង្គការខ្មែរដើម្បីប្រជាធិបតេយ្យ លោក ស៊ឹង សែនករុណា អះអាងថា ពលរដ្ឋខ្មែរដែលចូលរួមបង្កើតក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា គឺរក្សាជំហរផ្លាស់ប្ដូរដោយការបោះឆ្នោតដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងបដិសេធដាច់ខាតរាល់ការផ្លាស់ប្ដូរទាំងឡាយដែលមិនមែនប្រជាធិបតេយ្យតាមរយៈនៃការបោះឆ្នោតដោយត្រឹមត្រូវនោះ។
ដោយឡែកតំណាងរាស្ត្រប្រទេសអូស្ត្រាលី លោក ជូលៀន ហៀល (Julian Hill) ជំរុញឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្ត្រាលី ប្តឹងទៅរដ្ឋាភិបាលអូស្ត្រាលី ប្រសិនបើមានការគាបសង្កត់ពីចលនាផ្ដាច់ការណាមួយក្នុងប្រទេសអូស្ត្រាលី នោះ ព្រោះរដ្ឋាភិបាលអូស្ត្រាលី មិនគាំទ្រអំពើខុសច្បាប់ដាច់ខាត។
លោក ជូលៀន ហៀល (Julian Hill) បញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាលលោកនៅតែគាំទ្រចលនាដែលលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបន្តទៀត។
ក្នុងកម្មវិធីសមាជនេះ ក៏មានការរៀបចំហែក្បួនបាតុកម្ម ដោយលើកជាបដាទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុន ប្តឹងថៃ ទៅតុលាការអន្តរជាតិ ជុំវិញករណីកោះគុត និងទាមទារឱ្យស្វែងរកយុត្តិធម៌ជូនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ផងដែរ៕
© 2025, . All rights reserved.