រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ទី​២ នៃ​វេទិកា​អនាគត​អាស៊ាន​លើក​ទី​២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

នយោបាយ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​រំឭក​មន្ត្រី អ.ស.ប ឱ្យ​បម្រើ​ការងារ​ប្រកប​ដោយ​តុល្យភាព កុំ​បង្កើត​ស្តង់ដា​ពីរ

By ឌឹ ខេមបូឌា ដេលី

February 26, 2025

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន បាន​ស្នើ​ទៅ​អ្នក​កាន់​អាណត្តិ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ឱ្យ​បំពេញ​ការងារ​ដោយ​ប្រកាន់ខ្ជាប់​នូវ​តុល្យភាព និង​កម្មវត្ថុ​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការ​ធ្វើ​នយោបាយូបនីយកម្ម និង​ស្តង់ដា​ពីរ ខណៈ​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២៤ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បាន​កើន​ឡើង​ជាង ៩០% ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​២៤ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥៨ តាមរយៈ​វីដេអូ​ថត​ទុក​ថា សន្តិភាព​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការពារ​សិទ្ធិមនុស្ស។

លោក ប្រាក់ សុខុន បាន​លើកឡើង​អំពី​ការ​ប្ដេជ្ញាចិត្ត​នៃ​ប្រទេស​កម្ពុជា​ចំពោះ​សន្តិភាព​ពិភពលោក​ថា ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ពិភពលោក​តាមរយៈ​អង្គការ​សហប្រជាជាតិ។ សព្វថ្ងៃ កងកម្លាំង​កម្ពុជា​ជិត ១​ម៉ឺន​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព អ.ស.ប។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បញ្ជាក់​ថា លោក​ស្នើ​ឱ្យ​អ្នក​កាន់​អាណត្តិ អ.ស.ប ប្រកាន់​នូវ​វិធីសាស្ត្រ​ប្រកប​ដោយ​តុល្យភាព និង​កម្មវត្ថុ​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការ​ធ្វើ​នយោបាយូបនីយកម្ម និង​ស្តង់ដា​ពីរ។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សិទ្ធិមនុស្ស ដោយ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យន្តការ​សិទ្ធិមនុស្ស អ.ស.ប រួម​មាន​យន្តការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​ជុំ​ទី​៤ (UPR) ខែ​ឧសភា ឆ្នាំ​២០២៤ បន្ត​អនុស្សរណៈ​នៃ​ការ​យោគយល់ (MOU) ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស អ.ស.ប។

កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា (អាដហុក) ចេញ​សេចក្តី​រាយការណ៍​ស្ដីពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ជួបជុំ​នៅ​មូលដ្ឋាន​ថា រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​តាមរយៈ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បាន​កើន​ឡើង​ជាង ៩០% ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

សេចក្តី​រាយការណ៍​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​តាម​សហគមន៍​មូលដ្ឋាន​ក្នុង​ភូមិ​ជិត ៣០០ (២៩៦​ភូមិ) ឃុំ-សង្កាត់​ជាង ១០០ (១១១​ឃុំ-សង្កាត់) និង​ស្រុក​ក្រុង​ជាង ៦០ ក្នុង​ខេត្ត​គោលដៅ​ចំនួន ២២ បាន​រឹតត្បិត​សិទ្ធី​សេរីភាព​បញ្ចេញមតិ​តាមរយៈ​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី​យ៉ាង​ធ្ងន់ធ្ងរ។

ជាមួយ​គ្នា​នោះ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) បាន​រក​ឃើញ​ថា ចាប់តាំងពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៤ មក រាជរដ្ឋាភិបាល​បាន​ចាត់​វិធានការ​ក្តៅ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​បញ្ចេញមតិ​រិះគន់​ការ​ដឹកនាំ​របស់​ខ្លួន​ជាបន្តបន្ទាប់ មាន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​អ្នក​សារព័ត៌មាន ជាដើម សូម្បីតែ​ពលរដ្ឋ​ខ្មែរ​ដែល​ភៀស​ខ្លួន​ទៅ​រស់នៅ​លើ​ទឹកដី​ថៃ ក៏​ត្រូវ​រដ្ឋាភិបាល​ដាក់​កម្លាំង​តាម​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​ដែរ។

អ្នក​តាមដាន​ស្រុក​ខ្មែរ​និយាយ​សឹងតែ​គ្រប់​មាត់​អំពី​ការ​អនុវត្ត​ស្តង់ដា​ពីរ​បី​នៅ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​លោក ប្រាក់ សុខុន និយាយ​ហាក់ដូចជា​មិន​ដឹង​រឿង ឬ​មើល​មិន​ឃើញ​អ្វី​នៅ​ចំពោះ​មុខ៕

© 2025, . All rights reserved.