ព័ត៌មានអន្តរជាតិ

ធនាគារ​ពិភពលោក​ថា​ដើម្បី​ស្ដារ​ប្រទេស​អ៊ុយក្រែន​ឡើងវិញ ត្រូវការ​ថវិកា​សរុប ៥២៤​ពាន់​លាន​ដុល្លារ

By ឌឹ ខេមបូឌា ដេលី

March 02, 2025

របាយការណ៍​សិក្សា​មួយ​ធ្វើឡើង​ដោយ​ធនាគារ​ពិភពលោក (World Bank) អង្គការ​សហប្រជាជាតិ (UN) គណៈកម្មការ​អឺរ៉ុប និង​រដ្ឋាភិបាល​អ៊ុយក្រែន បាន​ប៉ាន់ស្មាន​ថា ដើម្បី​កសាង​ប្រទេស​អ៊ុយក្រែន​ឡើងវិញ ដែល​រង​នូវ​វិនាសកម្ម​ដោយ​សង្គ្រាម​របស់​រុស្ស៊ី ត្រូវការ​ថវិកា​ដល់​ទៅ ៥២៤​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​កុម្ភៈ ដែល​ជា​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​របស់​រុស្ស៊ី។

សារព័ត៌មាន Reuters ដែល​ស្រង់​របាយការណ៍​សិក្សា​របស់​ធនាគារ​ពិភពលោក​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២៤ មាន​ការ​ប៉ាន់ស្មាន​ថា គេ​ត្រូវការ​ទឹកប្រាក់​ទំហំ ៤៨៦​ពាន់​លាន​ដុល្លារ​ក្នុង​ការ​ស្ដារ​ប្រទេស​អ៊ុយក្រែន ឡើងវិញ។

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal បាន​និយាយ​ថា មួយ​ឆ្នាំ​មក​នេះ​ទំហំ​នៃ​តម្រូវការ​កសាង​ប្រទេស​ឡើងវិញ​របស់​អ៊ុយក្រែន នៅតែ​បន្ត​កើន​ឡើង ដោយសារតែ​ការ​បន្ត​វាយប្រហារ​របស់​រុស្ស៊ី។

ធនាគារ​ពិភពលោក​បាន​កត់សម្គាល់​ថា ការ​ខូចខាត​នៃ​វិស័យ​ថាមពល​របស់​អ៊ុយក្រែន បាន​កើន ៧០% បើ​ធៀប​នឹង​រយៈពេល ១​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម។

តាម​ការ​សិក្សា​ចុងក្រោយ​នេះ៖

សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន បាន​ឈាន​ដល់​គម្រប់​ខួប ៣​ឆ្នាំ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​កន្លង​មក​នេះ ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យ​ដឹង​ថា គេ​ត្រូវការ ៤៨៧​ពាន់​លាន​ដុល្លារ។

បើ​តាម​លោក ត្រាំ ប្រទេស​រុស្ស៊ី ត្រូវ​ចេញ​ការ​សង​ការ​ខូចខាត​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បង្កក ប៉ុន្តែ​ក្រោយពី​មាន​ភាព​រាក់ទាក់​រវាង​រដ្ឋការ​របស់​លោក ត្រាំ និង​លោក ពូទីន កាន់តែ​ប្រសើរ​ឡើង​ក្រោយ​ជួប​គ្នា​កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ នៅ​លើ​ទឹកដី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក ត្រាំ បាន​និយាយ​ថា ភាគី​ផ្សេងៗ​ទៀត​ក៏​អាច​ចូលរួម​ជួយ​ស្ដារ​ប្រទេស​អ៊ុយក្រែន ឡើងវិញ​ដែរ ចំណែក​រុស្ស៊ី ស្ថិត​ក្នុង​កាតព្វកិច្ច​ស្ម័គ្រចិត្ត​ក្នុង​ការ​បរិច្ចាគ​ចេញពី​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បង្កក។

មេដឹកនាំ​អឺរ៉ុប ចង់​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រុស្ស៊ី ដែល​ត្រូវ​បាន​បង្កក​យក​មក​ជួយ​អ៊ុយក្រែន កសាង​ប្រទេស​ឡើងវិញ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ចៀសវាង​បញ្ហា​ប្រឈម​ផ្លូវច្បាប់ ខណៈ​ដែល​ជម្រើស​ជាច្រើន​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា។

បើ​តាម​លោក ត្រាំ មាន​ជម្រើស​ជាច្រើន​ត្រូវ​ដោះដូរ ឱ្យ​តែ​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម តែ​ក្រុម​ប្រទេស​នៅ​អឺរ៉ុប មិន​ឃើញ​មាន​ជម្រើស​ណា​ក្រៅពី​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី មក​ទូទាត់​សង​អ៊ុយក្រែន នោះ​ទេ។

ដូច​នេះ​ហើយ​បាន​ជា​អ៊ុយក្រែន ទាមទារ​ឱ្យ​មាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​មាន​ទំហំ ៣៥០​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន ដើម្បី​យក​មក​ទូទាត់​វិនាសកម្ម​ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក David Lammy បាន​គាំទ្រ​ការ​ទាមទារ​របស់​អ៊ុយក្រែន។ លោក David Lammy និយាយ​ថា អឺរ៉ុប​គួរតែ​ឈាន​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​រុស្ស៊ី ទៅ​ដល់​ការ​រឹបអូស​យក​តែម្ដង ព្រោះ​ពេលនេះ​វា​ហួស​ពេល​ដែល​និយាយ​ថា​បង្កក​ទៀត​ហើយ។

ចាប់តាំងពី​រុស្ស៊ី បើក​ការ​ឈ្លានពាន​អ៊ុយក្រែន នៅ​ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ផ្អាក​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​កណ្តាល និង​ក្រសួង​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី។ លុយ​ដែល​ត្រូវ​បាន​បង្កក​មាន​ចំនួន​ពី ៣០០ ទៅ ៣៥០​ពាន់​លាន​ដុល្លារ ហើយ​ភាគច្រើន​ទុក​នៅ​ធនាគារ​កណ្តាល​អឺរ៉ុប។

អឺរ៉ុប និង​អាមេរិក កាលពី​ឆ្នាំ​២០២៤ បាន​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ចំនួន ៥០​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន ក្នុង​ទំហំ ៣២៥​ពាន់​លាន​ដុល្លារ​ដែល​បាន​បង្កក​ដោយ​ការ​អនុម័ត​របស់​ប្រទេស G7 តាម​សំណើ​របស់​រដ្ឋការ​លោក ចូ បៃដិន។

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Lammy បាន​ប្រាប់​សភា​ថា៖ «អឺរ៉ុប​ត្រូវតែ​ធ្វើ​សកម្មភាព​ឱ្យ​បាន​ឆាប់​រហ័ស ហើយ​គួរតែ​ប្តូរ​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ ទៅ​ជា​ការ​រឹបអូស​វិញ​ម្តង។»

លោក​បន្ត​ថា វា​មិនមែន​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ណា​មួយ​អាច​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​បាន​ទេ គឺ​ត្រូវតែ​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​នៃ​សម្ព័ន្ធមិត្ត​ទាំងអស់ ទាំង​នៅ​អឺរ៉ុប និង​ក្រៅ​អឺរ៉ុប។

ចំណែក​ខ្លួន​លោក ត្រាំ ផ្ទាល់ បែរជា​ទាមទារ​ឱ្យ​អ៊ុយក្រែន សង​អាមេរិក​វិញ ព្រោះ​អាមេរិក​បាន​បោះ​ចំណាយ​យ៉ាង​សម្បើម​ទៅ​ឱ្យ​អ៊ុយក្រែន។

លោក ដូណាល់ ត្រាំ និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ថា កិច្ចព្រមព្រៀង​រ៉ែ​ជាមួយ​អ៊ុយក្រែន គឺជា​ការ​ធានា​សន្តិសុខ​ដែល​ទីក្រុង​គៀវ ត្រូវការ​ជា​ចាំបាច់ ដើម្បី​ទប់ទល់​ជាមួយ​រុស្ស៊ី ក្រោម​លក្ខខណ្ឌ​ជំនួញ​ជាមួយ​អាមេរិក។

តែ​ទីបំផុត លោក ដូណាល់ ត្រាំ ប្រកាស​ទារ​លុយ​ពី​ប្រទេស​អ៊ុយក្រែន ក្នុង​ទំហំ ៥០០​ពាន់​លាន​ដុល្លារ ដែល​លោក ត្រាំ ចាត់ទុក​ជា​លុយ​ជំពាក់​ក្នុង​សម័យ​សង្គ្រាម​ជិត ៣​ឆ្នាំ​ជាមួយ​រុស្ស៊ី។

លោក ត្រាំ ចង់​ឱ្យ​ទីក្រុង​គៀវ ផ្តល់​សិទ្ធិ​កាន់កាប់​រហូត​ដល់ ៥០% ឱ្យ​មក​ក្រុមហ៊ុន​អាមេរិក​លើ​ធនធាន​ធម្មជាតិ ក៏ដូចជា​រ៉ែ​សំខាន់ៗ​ដ៏​ច្រើន​សម្បើម​របស់​អ៊ុយក្រែន ជា​ថ្នូរ​នឹង​ការ​គាំទ្រ​របស់​អាមេរិក និង​ដើម្បី​ស្វែងរក​ទី​បញ្ចប់​សម្រាប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

មន្ត្រី​ជាន់ខ្ពស់​របស់​អ៊ុយក្រែន ឱ្យ​ដឹង​ថា អ៊ុយក្រែន និង​អាមេរិក ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​រ៉ែ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចំណុច​ស្នូល​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រយៈពេល​បី​ឆ្នាំ​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន ដែល​ស្ថិត​ក្រោម​ការ​ប្រឹងប្រែង​របស់​រដ្ឋការ​លោក ត្រាំ។

លោក ត្រាំ បាន​លើកឡើង​ថា អ៊ុយក្រែន​គួរតែ​ផ្តល់​ប្រាក់​សំណង​ចំនួន ៥០០​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​វត្ថុធាតុដើម​សំខាន់ៗ ដែល​ជា​ការ​សង​ត្រឡប់​សម្រាប់​ជំនួយ​ដែល​ទីក្រុង​គៀវ បាន​ទទួល​រួច​ហើយ​ពី​រដ្ឋការ​របស់​លោក ចូ បៃដិន។

ទោះជា​យ៉ាងណា លោក វូឡូឌីមៀ ហ្សេឡេនស្គី មិន​ទទួលស្គាល់​ជំនួយ​ពី​មុន​របស់​សហរដ្ឋ​អាមេរិក ថា​ជា​ប្រាក់កម្ចី​នោះ​ទេ ហើយ​ថា​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្គត់ផ្គង់​ប្រទេស​អ៊ុយក្រែន នូវ​អាវុធ​ក្នុង​ទឹកប្រាក់ ៦៧​ពាន់​លាន​ដុល្លារ និង​ជំនួយ​ជា​ថវិកា​ផ្ទាល់​ចំនួន ៣១​ពាន់ ៥០០​លាន​ដុល្លារ គឺ​មិនមែន ៥០០​ពាន់​លាន​ដុល្លារ​ដូច​លោក ត្រាំ បាន​លើកឡើង​នោះ​ទេ។

តែ​យ៉ាងណា ជំនួញ​របស់​រដ្ឋការ​លោក ត្រាំ លើ​ជំនួញ​រ៉ែ​កម្រ​របស់​អ៊ុយក្រែន នឹង​មាន​កិច្ចព្រមព្រៀង​នឹង​គ្នា​ក្នុង​សប្ដាហ៍​នេះ​ហើយ៕

© 2025, . All rights reserved.