អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ស្មើនឹងច្បាប់ប្រឆាំងពលរដ្ឋខ្មែរដែលមិនគាំទ្រថ្ងៃជ័យជម្នះ ៧មករា របស់គណបក្សប្រជាជនកម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ មីនា នេះថា ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានខ្លឹមសារបង្កប់នូវគោលដៅអវិជ្ជមានមួយចំនួនសម្រាប់ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាដ៏សែនមហាអាក្រក់។
លោក ម៉ែន ណាត លើកឡើងថា ច្បាប់នេះមានខ្លឹមសារផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិទាំងស្រុង។ លោកថា ច្បាប់នេះក៏មានចរិតបំបែកបំបាក់ស្មារតីជាតិខ្មែរនិងខ្មែរ ជាពិសេសបំបាក់ស្មារតីអ្នកស្នេហាជាតិ និងបង្ក្រាបអ្នកប្រជាធិបតេយ្យដោយត្រង់តែម្តង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា ច្បាប់ថ្មីនេះក៏មានបំណងដាក់ទោសទណ្ឌដល់អ្នកប្រឆាំងនឹងទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃគណបក្សប្រជាជនកម្ពុជារំឭកដឹងគុណដល់ការឈ្លានពានរបស់វៀតណាម កាលពីឆ្នាំ១៩៧៩ ផងដែរ។
ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានព្រះមហាក្សត្រខ្មែរឡាយព្រះហស្តលេខាឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ។
ច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់របបវាលពិឃាតនេះ មាន ៧មាត្រា ក្នុងនោះក៏បានកំណត់អំពីការផ្ដន្ទាទោសទៅលើអ្នកដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមយ៉ាងធ្ងន់ធ្ងរ ដោយការផ្ដន្ទាទោសដាក់គុកពី ១ឆ្នាំដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ៥០លានរៀលជាកំហិត។
ក្រៅពីចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យស្ដីពីការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្ម មកជាសន្តិភាពផងដែរ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មីនា នេះថា ទោះអ្នកណាធ្វើច្បាប់បែបណា ក៏ទុកឱ្យពួកគេធ្វើតាមចិត្តទៅចុះ ពីព្រោះពួកគេគ្មានសមត្ថភាពដឹកនាំប្រទេសឱ្យមានកិត្តិយសលើឆាកអន្តរជាតិទេ។
លោក គឹម សុខ អះអាងថា ក្នុងនាមជាពលរដ្ឋខ្មែរ អ្នកសង្គ្រោះប្រទេសជាតិត្រូវតែរក្សាជំហរឲ្យរឹងមាំលើមាគ៌ាផ្លាស់ប្ដូរដ៏ត្រឹមត្រូវ ដូចជា បន្តការទាមទារឲ្យយកករណីកោះគុតប្ដឹងទៅតុលាការអន្តរជាតិ និងបន្តទាមទារឲ្យដោះលែងអ្នកទោសមនសិការដោយឥតលក្ខខណ្ឌ ជាដើម៕
© 2025, . All rights reserved.