មជ្ឈដ្ឋានខ្មែរមើលឃើញអាជ្ញាធរមានសមត្ថកិច្ចសព្វថ្ងៃចំណាយធនធានយកចិត្តទុកដាក់នឹងជីវិតជនបរទេសខ្លាំងជាងយកចិត្តទុកដាក់នឹងជីវិតពលរដ្ឋខ្មែរខ្លួនឯង។ គេថាបើមានឧក្រិដ្ឋកម្ម ឬឃាតកម្មលើពលរដ្ឋខ្មែរ អាជ្ញាធរបែបធ្វើព្រងើយកន្តើយយឺតយ៉ាវជាងជនជាតិបរទេសដែលមានប្រាក់កាស។
គេសួរថា តើជីវិតខ្មែរមានតម្លៃថោកជាងជីវិតជនជាតិបរទេស ឬដូចម្តេច ?
ឧទាហរណ៍ដូចជា កាលពីថ្ងៃទី៤ មីនា កម្លាំងជំនាញបន្តស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ និងម្ចាស់រថយន្ត Prius ពណ៌ក្រហមដែលពាក់ព័ន្ធនឹងករណីចាប់ជំរិតទារលុយជនជាតិចិន នៅចំណុចផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមរយៈសេចក្តីបំភ្លឺព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចែកចាយវីដេអូមួយដោយបង្ហាញឱ្យឃើញជនជាតិចិនម្នាក់បានព្យាយាមលោតចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម ដែលកំពុងបើកបរលើផ្លូវក្រវាត់ក្រុងទី៣។
ក្រោយបានព័ត៌មានខាងលើ ស្នងការនគរបាលខេត្តកណ្តាល បានស្រាវជ្រាវ និងបានកំណត់ថា នេះជាករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិន។
យោងតាមកំណត់ហេតុនៃស្នងការខេត្តកណ្តាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Liu Sen ជនជាតិចិន រស់នៅប្រទេសអូស្ត្រាលី និងថាដំណើរមកប្រទេសកម្ពុជានាពេលនេះ គឺខ្លួនបានធ្លាក់ក្នុងល្បិចលួងលោមរបស់មិត្តភក្ដិខ្លួនឈ្មោះ Wang Jainwei ថាមករកស៊ីជាមួយមនុស្សម្នាក់ទៀតឈ្មោះ Feng Zhiye ជាជនជាតិចិន រស់នៅប្រទេសកម្ពុជា ដោយសន្យាផ្តល់ភាគលាភប្រចាំខែ និងមុខតំណែងជាតំណាងក្រុមហ៊ុន។
ប្រភពដដែលឱ្យដឹងថា នៅពេលដែលជនរងគ្រោះមកដល់កម្ពុជា បុគ្គលឈ្មោះ Feng Zhiye បានរៀបចំឡានមួយគ្រឿងម៉ាក Prius ពណ៌ក្រហមដែលមានអ្នកបើកបរជាជនជាតិខ្មែរ តែមិនស្គាល់អត្តសញ្ញាណ។ ឡាននោះបានដឹកជនរងគ្រោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅជួបជាមួយមិត្តភក្ដិរបស់ Feng Zhiye ម្នាក់ផ្សេងទៀត។ ពេលធ្វើដំណើរមកដល់ចំណុចផ្លូវក្រវាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ឡាននោះក៏ឈប់ដើម្បីទទួលបុរសជនជាតិខ្មែរ ៣នាក់ទៀត។ នៅក្នុងឡាន ពួកគេក៏បានចាប់ដៃ សង្កត់ទ្រូង និងច្របាច់កជនរងគ្រោះតែម្តង។
តាមចម្លើយសារភាពរបស់ជនរងគ្រោះ រូបគេបានព្យាយាមរើបម្រះដោយបានចុចបើកកញ្ចក់រថយន្តចុះ ដើម្បីលោតចុះពីឡាន រួចហើយក៏រត់ទៅឱ្យពលរដ្ឋជួយ។
អធិការស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល លោកវរសេនីយ៍ឯក ឡេង សុខរុន បានបញ្ជាក់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ថា មកទល់ពេលនេះ សមត្ថកិច្ចនៅតែបន្តតាមរកជនសង្ស័យទាំង ៤នាក់ដែលបានចាប់ជំរិតទារប្រាក់ពីជនជាតិចិន។ លោកថា កម្លាំងជំនាញប្រមូលបានភស្តុតាងគ្រប់គ្រាន់ហើយ។
ប្រភពខាងលើបានឱ្យដឹងថា លោកនៅពុំទាន់បញ្ជាក់បាននៅឡើយទេថា តើជនសង្ស័យបានជំរិតទារប្រាក់ពីជនរងគ្រោះប៉ុន្មាននោះទេ ព្រោះជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មាន ឡាវ (Lao) និងមីយ៉ាន់ម៉ា (Myanmar) ដែលកំពុងមានភាពសកម្មខ្លាំងក្នុងការជួញដូរមនុស្ស បង្ខំឱ្យធ្វើឧក្រិដ្ឋកម្ម បោកប្រាស់តាមប្រព័ន្ធអនឡាញ និងក្លែងបន្លំហិរញ្ញវត្ថុ ក្នុងនោះរួមមានការធ្វើទារុណកម្មឃោរឃៅទៅលើជនរងគ្រោះដោយការឃុំខ្លួន បិទសិទ្ធិសេរីភាព ការដកហូតឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ការរំលោភបំពានរាងកាយ វាយដំ និងការផ្ទេរជនរងគ្រោះពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត ជាដើម។
រឿងហេតុបែបនេះ ទំនងជាមន្ត្រីរាជរដ្ឋាភិបាលទទួលបន្ទុកព័ត៌មាន មិនដឹងទេ ឬចង់លាក់បាំង៕
© 2025, . All rights reserved.