នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសកម្ពុជាគ្រោងស្នើអង្គការយូណេស្កូដាក់ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះសង្ក្រាន្តមិនមែនជាកម្មសិទ្ធិផ្ដាច់មុខប្រទេសណាមួយឡើយ។
មានពលរដ្ឋខ្មែរបញ្ចេញមតិថា បើមិនមែនជាកម្មសិទ្ធិរបស់ខ្មែរតែម្នាក់ឯង ចាំបាច់អ្វីត្រូវទៅសុំចុះបញ្ជីជាបេតិកភណ្ឌពិភពលោក? បើធ្វើដូច្នោះ ចូលឆ្នាំថ្មីជាតិសាសន៍ដទៃ ក៏អាចទៅសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកដែរ។ គួរតែប្រទេសឥណ្ឌា នេប៉ាល់ ឬសិរីលង្កា ស្នើទើបសមរម្យ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងពិធីសំណេះសំណាលទទួលទានអាហារសាមគ្គីជាមួយសិល្បករកាលពីថ្ងៃទី៥ ខែមីនា នេះថា ប្រទេសដែលមានវប្បធម៌ធ្វើពិធីសង្ក្រាន្តស្រដៀងនឹងប្រទេសកម្ពុជា មិនអាចរារាំងប្រទេសកម្ពុជាមិនឲ្យដាក់សង្ក្រាន្តក្នុងបញ្ជីបេតិកភណ្ឌអរូបីក្នុងអង្គការយូណេស្កូបានឡើយ។
លោកបន្តថា វប្បធម៌ សិល្បៈ និងក្បាច់គុនបណ្តាប្រទេសនីមួយៗ គឺមានភាពស្រដៀងគ្នា ដូចជា គុនខ្មែរ និងមួយថៃ ជាដើម ដូច្នេះការដែលកម្ពុជាស្នើដាក់ «សង្ក្រាន្ត» ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោកជាឈ្មោះរបស់ខ្មែរ ក៏គ្មានបរទេសណាមកហាមឃាត់បានដែរ។
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងវប្បធម៌ បន្តចុះបញ្ជីតំបន់ធម្មជាតិនានារបស់ខ្មែរ ទាំងក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិក្នុងអង្គការយូណេស្កូ ក៏ដូចជាក្នុងបញ្ជីនៃយន្តការតំបន់អាស៊ាន ជាដើម ដើម្បីឱ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសខ្មែរខិតខំកសាងដើម្បីជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិតាំងពីបុរាណកាលរៀងមក។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅថ្ងៃទី៦ មីនា នេះថា ការស្នើដាក់សង្ក្រាន្តរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ គឺជាមោទនភាពដ៏ធំធេងរបស់ប្រទេសកម្ពុជា ខណៈពលរដ្ឋខ្មែរគ្រប់រូបក៏សាទរចំពោះកិច្ចខិតខំប្រឹងប្រែងនេះដែរ។
លោក សេក សុជាតិ ស្នើឱ្យរដ្ឋាភិបាលស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រឱ្យបានលម្អិត និងស៊ីជម្រៅដែលពាក់ព័ន្ធនឹងសង្ក្រាន្តរបស់ខ្មែរដើម្បីបញ្ជាក់ទៅកាន់ពិភពលោកថា កម្ពុជាគឺជាម្ចាស់នៃវប្បធម៌សង្ក្រាន្តយ៉ាងពិតប្រាកដដែលមានក្នុងប្រពៃណីដូនតារបស់ខ្លួនដ៏យូរលង់មកហើយនោះ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបញ្ចៀសនូវការតវ៉ា រារាំងពីប្រទេសដទៃដែលមានវប្បធម៌សង្ក្រាន្តស្រដៀងនឹងខ្លួនដែរ។
យោងតាមខ្លឹមសារក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ពាក្យ សង្ក្រាន្ត ថាជាដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួបមួយជុំនៃរាសីចក្រ ដែលគម្រប់ពេញមួយឆ្នាំ ដែលមានន័យថា ដំណើរដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។
ទោះជាដូច្នេះក្តី ប្រពៃណីនេះមានដើមកំណើតពីប្រទេសឥណ្ឌា ហើយប្រជាពលរដ្ឋខ្មែរទៀតសោតក៏ទម្លាប់ហៅរាប់សតវត្សមកអំពីដំណើរផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ថាចូលឆ្នាំថ្មី ឬចូលឆ្នាំខ្មែរ គឺកម្រហៅសង្ក្រាន្តណាស់។ ជនជាតិភូមា ក៏ហៅសង្ក្រាន្តដែរ ក្រៅពីហៅ «ធីងយ៉ាន» ចំណែកលាវ មិនប្រើសង្ក្រាន្តទេ គេប្រើ «ពីម៉ៃ» ហើយនៅសិរីលង្កា ហៅតាមភាសាសិង្ហាលី ថា «អាលូត អាវូរូដដា»។
កន្លងមក គេសង្កេតឃើញថាការដាក់សង្ក្រាន្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានការប៉ះទង្គិចជាមួយប្រទេសថៃ យ៉ាងខ្លាំង ដោយសារតែប្រទេសថៃ ធ្លាប់អះអាងថាសង្ក្រាន្តជាវប្បធម៌ផ្ដាច់មុខរបស់ខ្លួន ដែលមិនអាចឱ្យកម្ពុជាដាក់ពាក្យសង្ក្រាន្តក្នុងបញ្ជីបេតិកភណ្ឌក្នុងអង្គការយូណេស្កូបានឡើយ ប៉ុន្តែក្រោយមក បញ្ហានេះបានស្ងប់រម្ងាប់ទៅវិញ៕
© 2025, . All rights reserved.