អគ្គស្នងការនគរបាលជាតិ ច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ថាជារឿងមិនពិត និងជាចេតនាបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេសចំពោះប្រទេសកម្ពុជា។
អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃទី៥ ខែមីនា នេះថា ការផ្សព្វផ្សាយពីជនជាតិចិនឈ្មោះ Tie Xiao Jun លើបណ្ដាញសង្គម Weibo កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅអំពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញជុំវិញករណីពលរដ្ឋចិនរងគ្រោះដោយការធ្វើទារុណកម្មនៅកម្ពុជា បានបង្កើតឱ្យមានការភាន់ច្រឡំដល់មតិសាធារណៈជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៀត ក៏បង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេសមកលើប្រទេសកម្ពុជាផងដែរ។
ប្រភពដដែលអះអាងថា ការដែលម្ចាស់គណនីបណ្ដាញសង្គម Weibo នៅប្រទេសចិន ឈ្មោះ Tie Xiao Jun ចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាថាបានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញចំពោះករណីពលរដ្ឋចិន ដែលរងគ្រោះដោយការធ្វើទារុណកម្មក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញដែលរូបគេបានដើរប្រមូលព័ត៌មានពីពលរដ្ឋចិនធ្វើការក្នុងទីតាំងតាមអនឡាញនៅប្រទេសកម្ពុជានោះ គឺជារឿងមិនពិតទាល់តែសោះ។
អគ្គស្នងការនគរបាលជាតិ ស្នើឱ្យសមត្ថកិច្ចចិន ជួយស្រាវជ្រាវ និងចាត់វិធានការចំពោះជនជាតិចិន ឈ្មោះ Tie Xiao Jun ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។
ប្រភពដដែលគូសបញ្ជាក់ថា ការផ្សព្វផ្សាយនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិត្តិនាមនគរបាលជាតិប្រទេសកម្ពុជា ជាពិសេសប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈចិន ក្រោមយន្តការកិច្ចសហការអនុវត្តច្បាប់នាពេលកន្លងមក។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ មីនា នេះថា ដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋដែលមានការទម្លាយពីមជ្ឈដ្ឋាននានា រដ្ឋាភិបាលមិនគ្រាន់តែចេញលិខិតច្រានចោល ឬបដិសេធទេ សំខាន់ត្រូវមានវិធានស៊ើបអង្កេតលើបញ្ហាទាំងនោះ ព្រោះថាប្រទេសកម្ពុជាពេលនេះកំពុងរុំព័ទ្ធ និងល្បីសុះសាយដោយរឿងឧក្រិដ្ឋគ្រប់ប្រភេទនៅលើឆាកអន្តរជាតិ។
លោក អ៊ុំ សំអាន លើកឡើងថា រាល់ការលើកឡើងពាក់ព័ន្ធនឹងអំពើពុករលួយនៃមន្ត្រីរដ្ឋាភិបាលជុំវិញការគប់គិតជាមួយក្រុមឧក្រិដ្ឋជន អាជ្ញាធរមិនដែលមានចំណាត់ការស្រាវជ្រាវលើមន្ត្រីរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ គឺមានតែចេញវិធានការចាប់ខ្លួនអ្នកដែលទម្លាយអំពើឧក្រិដ្ឋទាំងនោះប៉ុណ្ណោះ ក្រោមលេសថាជាការផ្សព្វផ្សាយបំភាន់សាធារណមតិ និងញុះញង់ឱ្យស្អប់រដ្ឋាភិបាល ជាដើម។
គេសង្កេតឃើញថា អ្នកដែលរាយការណ៍ ឬទម្លាយរឿងអំពើឧក្រិដ្ឋដែលក្រុមឧក្រិដ្ឋជនគប់គិតជាមួយមន្ត្រីរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធជាមួយសាច់ញាតិត្រកូលហ៊ុនកន្លងមក ចំណាត់ការផ្លូវច្បាប់មិនដែលត្រូវបានអនុវត្តម្តងណាឡើយទៅលើក្រុមឧក្រិដ្ឋជនទាំងនោះ ប៉ុន្តែអ្នកទម្លាយពីអាថ៌កំបាំងនេះ ត្រូវបានរដ្ឋាភិបាលតាមចាប់ខ្លួនជាបន្តបន្ទាប់។
ឧទាហរណ៍ជាក់ស្តែង អតីតឧកញ៉ា ហេង សិទ្ធី ធ្លាប់បានទម្លាយអំពីអំពើគប់គិតនៃអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដែលទទួលលុយពីក្រុមឧក្រិដ្ឋជនជាថ្នូរនឹងការការពារនូវការប្រតិបត្តិការបនល្បែងអនឡាញខុសច្បាប់ និងការទម្លាយនូវអំពើឧក្រិដ្ឋរបស់អ្នកឧកញ៉ា ហ៊ុន តូ កន្លងមក មិនដែលត្រូវបានរដ្ឋាភិបាលបើកការស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួន ឬសាច់ញាតិរបស់ក្រុមគ្រួសារអ្នកមានអំណាចម្តងណាឡើយ ប៉ុន្តែអតីតឧកញ៉ា ហេង សិទ្ធី បែរជាត្រូវមន្ត្រីរដ្ឋាភិបាលកម្ពុជាតាមប្រមាញ់ចាប់ខ្លួនទៅវិញ។
ក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសសម្បូរឧក្រិដ្ឋកម្មខ្លាំងជាងគេបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន៕
© 2025, . All rights reserved.