ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេស លើកឡើងថា មន្ត្រីរដ្ឋាភិបាលកម្ពុជាតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម នាំគ្នាប្រព្រឹត្តអំពើពុករលួយជារៀងរាល់ថ្ងៃប្រមាណជា ៣០% ទៅ ៤០% នៃចំនួនទឹកប្រាក់សរុបរាប់ពាន់លានដុល្លារអាមេរិក។
អ្នកស្រី មូរ សុខហួរ លើកឡើងក្នុងវីដេអូឃ្លីបប្រវែងជិត ២នាទី ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ មីនា នេះថា លុយជាតិស្ទើរតែពាក់កណ្តាលជារៀងរាល់ថ្ងៃត្រូវបានបាត់បង់ដោយសារអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីថា ភស្តុតាងនៃអំពើឧក្រិដ្ឋរបស់អ្នកទាំងនោះបានស្តែងឱ្យឃើញតាមរយៈសម្ភារៈទំនើបៗដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលពួកគេបង្អួតគ្នាតាមកម្មវិធីផ្សេងៗនាពេលកន្លងមកនេះ។
អ្នកស្រី មូរ សុខហួរ លើកឡើងថា បើយោងទៅតាមប្រាក់បៀវត្សរបស់មន្ត្រីទាំងនោះ ពួកគេមិនអាចមានលទ្ធភាពធ្វើជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនានាដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារអាមេរិកបែបនេះទេ ហើយក៏មិនអាចឱ្យពួកគេរស់ក្នុងភាពឡូយឆាយ ហ៊ឺហា ស៊ីវិល័យ ក្នុងកម្រិតអភិជនបែបនេះដែរ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យរូបនេះអះអាងថា ថវិកាជាតិដែលពលរដ្ឋបានបង់ពន្ធ គឺត្រូវបានប្រមូលយកមកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងគោលដៅបម្រើសេចក្តីត្រូវការ និងផលប្រយោជន៍របស់ពលរដ្ឋ ជាពិសេសស្ត្រីដែលត្រូវការការគាំពារពីរដ្ឋាភិបាល ទាំងសិទ្ធិ និងសេវាគាំពារសង្គមផ្សេងៗ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ដើម្បីលុបបំបាត់អំពើពុករលួយនៅប្រទេសកម្ពុជា គឺត្រូវការរដ្ឋាភិបាលមួយដែលស្អាតស្អំ អង្គការសង្គមស៊ីវិលដែលមានតម្លាភាព និងស្ថាប័នសារព័ត៌មានឯករាជ្យ នោះសង្គមកម្ពុជាទាំងមូលនឹងក្លាយជាសង្គមស្អាតស្អំ ខណៈពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រីក៏នឹងទទួលបានការគាំពារពីសង្គមយ៉ាងយកចិត្តទុកដាក់ដែរ។
ក្នុងទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ «៩ ធ្នូ» ឆ្នាំ២០២៤ កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងតួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ចាត់វិធានការពង្រឹងការអប់រំស្ដីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្ដប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ដើម្បីជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព។
យ៉ាងណាក៏ដោយ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ អង្គការតម្លាភាពកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៤ ថា ប្រទេសកម្ពុជាឈរកំពូលតារាងលំដាប់ទី២ ខាងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន ដែលលទ្ធផលនេះបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជានៅតែបន្តធ្លាក់ចុះក្នុងកម្រិតទាប៕
© 2025, . All rights reserved.