ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា បើពលរដ្ឋខ្មែរនៅតែបន្តរង់ចាំការចរចាទ្វេភាគីរបស់រដ្ឋាភិបាលកម្ពុជាជាមួយថៃ ជុំវិញបញ្ហាបូរណភាពទឹកដី ទាំងដែនទឹក និងដែនគោក នោះដីខ្មែរនឹងបន្តបាត់បន្ថែមទៀតជាក់ជាមិនខាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌ មាន The Cambodia Daily នៅថ្ងៃទី៧ មីនា នេះថា ទង់ជាតិប្រទេសថៃ ដែលត្រូវបានគេលួចយកទៅដោតលើទឹកដីខ្មែរនៅតំបន់ប្រាសាទតាមាន់ធំ កាលពីពេលថ្មីៗនេះ គឺជាភស្តុតាងមួយបង្ហាញយ៉ាងច្បាស់ថា ថៃមិនគោរពបូរណភាពទឹកដីរបស់កម្ពុជាឡើយ។
លោក ម៉ែន ណាត លើកឡើងថា រូបភាពនេះក៏បង្ហាញឱ្យឃើញដែរថា ការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ មិនទទួលបានលទ្ធផលជាវិជ្ជមានអ្វីទាំងអស់ ដូច្នេះក្រៅពីប្តឹងថៃ ទៅតុលាការអន្តរជាតិ គឺកម្ពុជាគ្មានជម្រើសផ្សេងទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា ការយកទង់ជាតិទៅដោតលើទឹកដីរបស់កម្ពុជា ក៏បង្ហាញឱ្យឃើញនូវការប្រមាណរបស់ប្រទេសថៃ មកលើជាតិខ្មែរទាំងមូលផងដែរ ដូច្នេះបើរដ្ឋាភិបាលខ្មែរនៅតែបន្តជំហរចរចាទ្វេភាគីជាមួយថៃ ទៀតនោះ កម្ពុជាគ្មានសង្ឃឹមនឹងទទួលបានទឹកដីដែលថៃ បានរំលោភបំពានយកមកគ្រប់គ្រងវិញឡើយ។
វីដេអូឃ្លីបមួយប្រវែងជិត ២នាទី ត្រូវបានចែកចាយព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពទាហានខ្មែរទម្លាក់ទង់ជាតិថៃ ដែលត្រូវបានគេលួចយកទៅដោតលើទឹកដីខ្មែរ។ ក្រៅពីចងទង់ជាតិថៃ លើបង្គោលក្នុងទឹកដីកម្ពុជា ទង់ជាតិខ្លះត្រូវបានគេយកទៅកិបភ្ជាប់នឹងដើមឈើផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយបានកើតឡើងរវាងពលរដ្ឋខ្មែរជាមួយទាហានថៃ ដែលឈរជើងយាមកាមនៅប្រាសាទតាមាន់ធំ បន្ទាប់ពីពលរដ្ឋខ្មែរនាំគ្នាច្រៀងចម្រៀងជាតិ បទដែនដីខ្មែរប្រែថាសុវណ្ណភូមិ នៅទីនោះ។ ទាហានថៃ បានហាមឃាត់មិនឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងនេះឡើយ ក្រោមហេតុផលថា ពលរដ្ឋទាំងនោះកំពុងច្រៀងចម្រៀងខ្មែរលើទឹកដីរបស់ថៃ។
ផ្អែកតាមប្រវត្តិសាស្ត្រ ប្រាសាទតាមាន់ធំ ត្រូវបានឈ្លានពានដោយភាគីថៃ តាំងពីអំឡុងឆ្នាំ២០០៨ មក ប៉ុន្តែសព្វថ្ងៃនេះ ភាគីថៃ បានដាក់ទាហានរបស់ខ្លួនមកឱ្យយាមរួមគ្នាជាមួយទាហានខ្មែរចំនួន ៧នាក់ដូចគ្នា៕
© 2025, . All rights reserved.