នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ សហការគ្នាអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ និងខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍ក្នុងតំបន់។
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១០ មីនា នេះថា ការជំរុញទេសចរណ៍ធម្មជាតិនៅតំបន់ភ្នំខ្នងផ្សារ និងខ្នងសំពៅ ឱ្យកាន់តែប្រសើរឡើង គឺជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ និងជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគាំទ្រ ដូចជា ផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ជាលក្ខណៈស្តង់ដាទុកជាប្រយោជន៍ដល់សហគមន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរដែលទៅកម្សាន្តនៅតំបន់នោះ។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ សហការជាមួយគណៈអភិបាលខេត្តកំពង់ស្ពឺ និងប្រតិបត្តិករទេសចរណ៍ រួមទាំងសហគមន៍ ជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ដើម្បីជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍បន្ថែមទៀត។
ការដាក់បទបញ្ជាផ្ទាល់មាត់នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ធ្វើដំណើរកម្សាន្តទៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មីនា នេះថា បើលោក ហ៊ុន ម៉ាណែត ចង់ឱ្យមានទេសចរទៅលេងកម្ពុជា ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ ដូចជាតំបន់ភ្នំខ្នងផ្សារ ឬខ្នងសំពៅ ជាដើម គាត់ត្រូវលុបបំបាត់អំពើឧក្រិដ្ឋកម្មដែលកំពុងកើតមាននៅកម្ពុជាឱ្យអស់ជាមុនសិន។
លោក អ៊ុំ សំអាន លើកឡើងថា នៅពេលដែលភ្ញៀវបរទេសជឿជាក់ថាកម្ពុជាមានសុវត្ថិភាពហើយនោះ ពួកគេនឹងទៅលេងប្រទេសកម្ពុជាដោយស្វ័យប្រវត្តិ ទោះតំបន់នោះនៅឆ្ងាយយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ បើគ្មានសុវត្ថិភាពទេ កុំថាឡើយភ្ញៀវបរទេស សូម្បីប្រជាពលរដ្ឋខ្មែរខ្លួនឯងក៏មិនហ៊ានទៅលេងដែរ។
លោកបន្តថា ដើម្បីផ្តល់ផលប្រយោជន៍ឱ្យសហគមន៍នៅតំបន់នោះ ក្រៅពីរៀបចំឱ្យមានសេវាទេសចរណ៍ រដ្ឋាភិបាលក៏ត្រូវចេញវិធានការការពារព្រៃឈើនៅតំបន់នោះដែរ ព្រោះឧទ្យានជាតិភ្នំក្រវាញសព្វថ្ងៃនេះ កំពុងរងនូវការបំផ្លាញដោយការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើឱ្យបាត់បង់ផលប្រយោជន៍សម្រាប់ពលរដ្ឋនៅតំបន់យ៉ាងធ្ងន់ធ្ងរដែរ។
តំបន់ភ្នំខ្នងផ្សារ និងខ្នងសំពៅ ជាតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវាញ ត្រង់ចំណុចប្រសព្វនៃខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា៕
© 2025, . All rights reserved.