អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលគ្រួសារត្រកូលហ៊ុនដឹកនាំប្រទេសតាមវប្បធម៌គ្រួសារនិយម ទោះកូនៗមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ជាមនុស្សគ្មានសមត្ថភាពក៏ដោយ ក៏ពួកគេរៀបចំលើកតម្កើងឱ្យទៅដឹកនាំប្រទេសជាតិ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងវីដេអូឃ្លីបមួយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ មីនា នេះថា កូនៗរបស់លោក ហ៊ុន សែន ដូចជាលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ហ៊ុន ម៉ានិត ជាអគ្គមេបញ្ជាការកងទ័ពជើងគោក គ្រាន់តែឡើងតាមជើងខោឪពុកប៉ុណ្ណោះ។
លោក សម រង្ស៊ី អះអាងថា ក្រោមវប្បធម៌ដឹកនាំបែបក្រុមគ្រួសារនិយម ទោះជាកូនលោក ហ៊ុន សែន គ្មានសមត្ថភាពដឹកនាំប្រទេស គ្មានបទពិសោធន៍ និងស្នាដៃសម្រាប់ប្រទេសជាតិក៏ដោយ ក៏ពួកគេលើកតម្កើងកូនខ្លួនឯងឱ្យគ្រប់គ្រងប្រទេសជាតិដែរ ខណៈកូនខ្មែរដែលមានសមត្ថភាពដឹកនាំ និងស្រឡាញ់ប្រទេសជាតិពិតប្រាកដ ត្រូវបានពួកគេផាត់ចោលទាំងអស់។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មានវប្បធម៌លើកតម្កើងអ្នកស្នេហាជាតិ និងអ្នកមានសមត្ថភាពដឹកនាំគ្រប់ស្រទាប់ទាំងអស់ ទោះពួកគេជាកូនកសិករមិនមែនជាសាច់ញាតិរបស់អ្នកដឹកនាំជាន់ខ្ពស់ក៏ដោយ ព្រោះបក្សប្រឆាំងមិនមានវប្បធម៌លើកបន្តុបកូនខ្លួនឯងដូចជាលោក ហ៊ុន សែន លើកបន្តុបលោក ហ៊ុន ម៉ាណែត ឱ្យដឹកនាំបន្តពីខ្លួននោះឡើយ។
ឧទាហរណ៍ជាក់ស្តែងនៅពេលនេះ ក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ចាប់ពីលើរហូតដល់ក្រោម បានពង្រាយកូនៗ និងសាច់ញាតិរបស់ពួកគេចូលទៅគ្រប់គ្រងតាមក្រសួងស្ថាប័ន ក្នុងប្រព័ន្ធរដ្ឋបាលរបស់ជាតិទាំងអស់ ជាពិសេសក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់គ្រួសារត្រកូលហ៊ុនតែម្តង។
តាមរយៈបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រឆ្នាំ២០២៣ គេបានរកឃើញថា សែស្រឡាយបក្ខពួកលោក ហ៊ុន សែន ជិត ១ភាគ៤ ត្រូវបានរៀបចំដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រដើម្បីឱ្យជួយគាំទ្រដល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលត្រូវបានរៀបចំឱ្យក្លាយជានាយករដ្ឋមន្ត្រីបន្តពីឪពុកនោះ។
ចំណែកឯមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក៏បានរៀបចំតំណែងឱ្យកូនរបស់ពួកគេដែរ ដូចជា លោក ស សុខា កូនប្រុសលោក ស ខេង លោក ទៀ សីហា កូនប្រុសលោក ទៀ បាញ់ លោក សាយ សំអាល់ កូនប្រុសលោក សាយ ឈុំ លោក ប៉េង ពោធិ៍នា កូនប្រុសអ្នកស្រី ម៉ែន សំអន និងលោក វង្ស សូត្រ កូនប្រុសប្រសាលោក ហេង សំរិន ជាដើម។
ក្រៅពីកូនៗមន្ត្រីកំពូល កូនៗរបស់មន្ត្រីផ្សេងទៀតក៏ត្រូវបានរៀបចំឱ្យកាន់តំណែងខ្ពស់ៗតាមក្រសួងស្ថាប័ននានាដែរ ដូចជា លោក ឌិត ទីណា កូនប្រុសលោក ឌិត មន្ទីរ លោក ឆាយ ឫទ្ធិសែន កូនប្រុសលោក ឆាយ ថន អ្នកស្រី ចម និម្មល កូនស្រីលោក ចម ប្រសិទ្ធ និងអ្នកស្រី ជា សិរី កូនស្រីលោក ជា ចាន់តូ ជាដើម ខណៈមន្ត្រីថ្នាក់ក្រោមបន្តបន្ទាប់មកក៏តែងតាំងសាច់ញាតិ និងបក្ខពួករបស់ពួកគេតាមរបៀបដូចថ្នាក់លើរបស់ពួកគេដែរ៕
© 2025, . All rights reserved.