អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បើកការស៊ើបសួរ និងប្តឹងអភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយបក្ខពួក ២រូបក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងការកិបកេងលុយជនជាតិចិន ចំនួន ៤០ម៉ឺនដុល្លារ ដែលជាថ្នូរនឹងគម្រោងរត់ការអាជ្ញាបណ្ណរ៉ែ ៨០ម៉ឺនដុល្លារមិនបានសម្រេច។
សេចក្តីប្រកាសពីសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃចន្ទ ទី១០ មីនា បានឲ្យដឹងថា លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ទៀត គឺលោក ហ៊ាវ ខន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងចោទប្រកាន់ពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងដែលប្រព្រឹត្តក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីឆ្នាំ២០២៣។ ចំណែកបក្ខពួកម្នាក់ទៀតដែលមានឈ្មោះ អ៊ឹង សារឿន ត្រូវបានចោទប្រកាន់ពីបទសមគំនិត។
សេចក្តីប្រកាសព័ត៌មានពីសាលាដំបូងខេត្តកំពង់ស្ពឺ ដដែលបានឲ្យដឹងថា អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង ២រូបត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ដោយមានពាក់ព័ន្ធនឹងការកិបកេងលុយជនជាតិចិន ចំនួន ៤០ម៉ឺនដុល្លារ ដែលជាថ្នូរនឹងគម្រោងរត់ការអាជ្ញាបណ្ណរ៉ែ ៨០ម៉ឺនដុល្លារមិនបានសម្រេច។ បច្ចុប្បន្ន បុគ្គលទាំង ៣រូបកំពុងស្ថិតក្នុងពន្ធនាគារជាបណ្ដោះអាសន្នតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្ត បានឲ្យដឹងថា ការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ មួយរូប និងបក្ខពួកពីរនាក់ទៀត ពីបទពុករលួយ (រំលោភអំណាច) សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ។
លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា ក្រោយទទួលបានប្រាក់ ៤០ម៉ឺនដុល្លារ ដែលស្មើនឹង ៥០ភាគរយនៃសេវារត់ថ្លៃអាជ្ញាបណ្ណរុករករ៉ែ អ្នកវិនិយោគចិន ត្រូវតម្រូវឱ្យបង់ ៥០ភាគរយទៀតពេលចូលកាន់កាប់ និងធ្វើសកម្មភាពរុករក។ ដើម្បីឱ្យជនជាតិចិន បង់លុយ ៤០ម៉ឺនដុល្លារទៀតដើម្បីបង្គ្រប់ ៨០ម៉ឺនដុល្លារ បុគ្គលទាំង ៣រូបបានប្រាប់ទៅភាគីចិន ថាទុកពេល ២ខែ បើមិនដូច្នោះទេ អាជ្ញាបណ្ណដែលទទួលបាននឹងត្រូវលុបវិញ។
ប្រភពដដែលបានអះអាងថា បន្ថែមពីលើនេះ ក្រុមទាំង ៣នាក់បានជួលគេសរសេរគម្រោងផែនការអស់ ៥ពាន់ដុល្លារ និងជួលអ្នកជំនាញទៅធ្វើបទបង្ហាញជូនក្រសួងរ៉ែ និងថាមពល អស់ ២០០ដុល្លារ។ ជាលទ្ធផល រដ្ឋមន្ត្រីរ៉ែ បានធ្វើលិខិតឆ្លើយតបថា ក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំង បានអនុញ្ញាតឱ្យអ្នកដទៃរួចហើយ។
បើតាម ACU ជនទាំងបីបានយកការឆ្លើយតបរបស់រដ្ឋមន្ត្រីរ៉ែ ទៅបង្ហាញភាគីចិន ដោយថាក្រសួងមិនបន្តអាជ្ញាបណ្ណ ព្រោះក្រុមហ៊ុនមិនបញ្ជូនមនុស្សទៅការពារគម្រោង ហើយនិយាយផ្ទាល់មាត់ថាមកពីមិនព្រមបង់លុយ ៤០ម៉ឺនដុល្លារបន្ថែមទៀត។
តាំងពីដើមឆ្នាំ២០២៥ មក អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ២នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកក្នុងការទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបលើបទល្មើសគ្រឿងញៀន និងល្បែងស៊ីសង។ ចំណែកកាលពីចុងឆ្នាំ២០២៤ អង្គភាព ACU បានបំបែកសំណុំរឿងពុករលួយប្រចាំឆ្នាំមួយទាក់ទងនឹងការសូកប៉ាន់រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត។ នៅក្នុងសំណុំរឿងលោក លី សាម៉េត កាលណោះ ACU បានឃាត់ខ្លួនមនុស្សយ៉ាងតិច ៦នាក់ មានលោក មួង ឃីម អតីតឧត្ដមសេនីយ៍ផ្កាយ៣ ឧកញ៉ា អ៊ុត ធី ដែលត្រូវបានគេស្គាល់ថាជាថៅកែឡានដឹកខ្សាច់ លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងលោក ដួង ដារ៉ា ដែលជាអតីតរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។
គួររំឭកថា រឿងរ៉ាវបែបនេះក៏មានទាក់ទងនឹងមន្ត្រីជាន់ខ្ពស់ជាងអភិបាលរងខេត្តនោះដែលគេចាត់ទុកថាគ្រាន់តែជាត្រីតូចៗប៉ុណ្ណោះ ប៉ុន្តែត្រីធំៗមានខ្នងក្រាស់ការពារ អង្គភាព ACU មិនហ៊ានប៉ះឡើយ ទោះជាមានសាក្សី មានភស្តុតាងផ្សព្វផ្សាយប្រាប់ឈ្មោះជាសាធារណៈយ៉ាងណាក៏ដោយ។
កត្តាល្មើសច្បាប់ថ្នាក់ឧក្រិដ្ឋជាច្រើន ដូចជា ការឆបោក ការចាប់ជំរិត ការរត់ពន្ធមនុស្ស គ្រឿងញៀន ការលាងប្រាក់កខ្វក់ទាំងអស់នេះហើយដែលបន្ទច់បង្អាក់ទឹកចិត្តអ្នកដាក់ទុនបរទេសមិនចង់មកបោះទុនក្នុងស្រុកខ្មែរ។
ដើមឆ្នាំ២០២៥ នេះ ប្រទេសក្នុងសមាគមអាស៊ានដែលមានទុនបោះរកស៊ីពីបរទេសច្រើនជាងគេក្នុងរយៈពេលពីរខែដំបូង រួមមាន៖
- យៀកណាម ជិត ៣ពាន់លានដុល្លារ;
- ថៃឡង់ដ៍ ជិត ២៩ពាន់លានដុល្លារ;
- សិង្ហបុរី ជិត ២ម៉ឺនលានដុល្លារ;
- ម៉ាឡេស៊ី ៨៦ពាន់លានដុល្លារ;
- ឥណ្ឌូនេស៊ី ជាង ៥៥ពាន់លានដុល្លារ;
- ហ្វីលីពីន ប្រមាណ ១០ពាន់លានដុល្លារ;
- លាវ ក្រោម ១ពាន់លានដុល្លារ;
- ប្រទេសកម្ពុជា ១ពាន់លានដុល្លារ៕
© 2025, . All rights reserved.