អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ព្រមានថា លោក ហ៊ុន សែន នឹងប្រឈមមុខជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court, ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋជាច្រើនដែលគាត់បានប្រព្រឹត្តតាំងពីអំឡុងទសវត្សរ៍១៩៨០ មកម្ល៉េះ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ មីនា នេះថា ក្នុងផែនការ «ក៥» អំឡុងឆ្នាំ១៩៨០ ដែលលោក ហ៊ុន សែន ទទួលបញ្ជាពីវៀតណាម យកទៅអនុវត្ត បានកេណ្ឌពលរដ្ឋខ្មែរឱ្យទៅស្លាប់រាប់ម៉ឺននាក់។ ជាងនេះទៀត នៅក្នុងឆ្នាំ១៩៩៧ គាត់ក៏បានបញ្ជាឱ្យមនុស្សជំនិតខ្លួនឯងបោកគ្រាប់បែកនៅមុខរដ្ឋសភាជាតិ ដែលបណ្តាលឱ្យស្លាប់ និងរបួសមនុស្សរាប់រយនាក់នៅពេលនោះ។
លោកបន្តថា នៅឆ្នាំ១៩៩៧ ដដែល លោក ហ៊ុន សែន ក៏បានប្រកាសធ្វើរដ្ឋប្រហារ និងបានសម្លាប់កងទ័ពដែលស្មោះស្ម័គ្រនឹងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច រាប់រយនាក់ រហូតដល់អំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ លោក ហ៊ុន សែន ក៏បានជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មដែលបានបញ្ជាឱ្យបាញ់សម្លាប់ក្រុមបាតុកររាប់រយនាក់បន្ថែមទៀតដែរ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ក្រៅពីអំពើដែលលោកបានរៀបរាប់នេះ លោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់យ៉ាងឃោរឃៅជាច្រើនទៀតទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងមនុស្សល្បីៗមួយចំនួន ដូចជា អ្នកស្រី ពិសិដ្ឋ ពីលីកា លោក ជា វិជ្ជា បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក កូវ សាមុត លោក ហុក ឡង់ឌី និងលោក លិម គិមយ៉ា ដែលទើបនឹងត្រូវបានសម្លាប់នៅដើមឆ្នាំ២០២៥ នេះ។
លោក សម រង្ស៊ី បញ្ជាក់ថា ករណីឃាតកម្មសម្លាប់ និងចាប់អ្នកតវ៉ាជាច្រើនទៀតពាក់ព័ន្ធទៅនឹងការរឹបអូសយកដីធ្លី និងការកាប់បំផ្លាញព្រៃឈើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ សុទ្ធសឹងតែជាសំណុំរឿងដែលតុលាការ ICC ក៏ចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ មិនខុសពីបទឧក្រិដ្ឋសម្លាប់រង្គាល និងប្រល័យពូជសាសន៍ឡើយ។
លោកបញ្ជាក់ថា លោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋដែលគាត់បានប្រព្រឹត្តជាង ៤០ឆ្នាំមកនេះ ដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋខ្មែររងគ្រោះ។
ការព្រមានរបស់លោក សម រង្ស៊ី ធ្វើឡើងស្របពេលដែលអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃាត់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលពីថ្ងៃទី១១ ខែមីនា តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្រោយពេលដែលលោកបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Duterte ពីបទសង្ស័យក្នុងអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការសម្លាប់ជនសង្ស័យក្នុងអំពើជួញដូរគ្រឿងញៀនជាង ៦ពាន់នាក់ ក្នុងពេលដែលលោកកាន់អំណាចជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន កាលពីអំឡុងឆ្នាំ២០១៦ កន្លងទៅ៕
© 2025, . All rights reserved.