ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី១២ ខែមីនា ត្រូវបានរាយការណ៍ថាបានធ្វើដំណើរទៅកាន់តំបន់ Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលជាលើកដំបូងចាប់តាំងពីកងទ័ពអ៊ុយក្រែន បានដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួនក្នុងតំបន់នេះកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។
ជាមួយនឹងឯកសណ្ឋានយោធា លោក ពូទីន បានចុះទៅដល់ទីបញ្ជាការមួយរបស់ទ័ពរុស្ស៊ី ក្នុងតំបន់ Kursk ដែលត្រូវបានគ្រប់គ្រងដោយកងទ័ពរុស្ស៊ី ហើយនៅទីនោះ លោក ពូទីន បានជួបជាមួយនឹងមេទ័ពរបស់លោក ក្នុងនោះមាននាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ឧត្ដមសេនីយ៍ Valery Gerasimov។
ក្នុងជំនួបនោះ លោក ពូទីន បានដាក់បទបញ្ជាឱ្យកងទ័ពរុស្ស៊ី វាយរំដោះតំបន់ Kursk ឱ្យបានលឿនបំផុត ខណៈអ៊ុយក្រែន បានបញ្ចេញព័ត៌មានថា កងទ័ពរបស់ខ្លួនកំពុងដកថយនៅចំពោះមុខការវាយសន្ធប់យ៉ាងលឿនរហ័សរបស់កងទ័ពរុស្ស៊ី។
លោក ពូទីន និយាយថា ក្នុងរយៈពេលដ៏ខ្លីបំផុត គឺកម្ចាត់សត្រូវដែលបានចូលកាន់កាប់ក្នុងតំបន់ Kursk ហើយបន្តប្រយុទ្ធនៅទីនេះដើម្បីរំដោះទឹកដីទាំងស្រុង និងស្ដារស្ថានការណ៍ឡើងវិញតាមខ្សែបន្ទាត់ព្រំដែន។
លោក ពូទីន បញ្ជាក់ទៀតថា លោកកំពុងពិចារណាបង្កើតតំបន់ការពារថ្មីមួយនៅក្នុងតំបន់ Sumy ខាងក្នុងទឹកដីអ៊ុយក្រែន ដែលនៅជាប់នឹងតំបន់ Kursk ដើម្បីការពារពីការលុកលុយរបស់អ៊ុយក្រែន ជាថ្មីម្ដងទៀត។
បើតាមលោក ពូទីន យុទ្ធជនបរទេសដែលមកប្រយុទ្ធជួយទ័ពអ៊ុយក្រែន ហើយត្រូវចាប់ខ្លួននៅតំបន់ Kursk អ្នកទាំងនោះគ្មានសិទ្ធិទទួលបានការការពារពីអនុសញ្ញាទីក្រុងហ្សឺណែវ ទេ ព្រោះក្រុមនេះត្រូវបានចាត់ទុកថាជាក្រុមភេរវករ។
នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី លោក Valery Gerasimov បានប្រាប់លោក ពូទីន ថាកងទ័ពអ៊ុយក្រែន ក្នុងតំបន់ Kursk កំពុងត្រូវបានឡោមព័ទ្ធហើយ។ លោក Gerasimov អះអាងថា កងទ័ពរុស្ស៊ី បានចាប់ខ្លួនទាហានអ៊ុយក្រែន ចំនួន ៤៣០នាក់នៅក្នុងតំបន់ Kursk ខណៈអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន Oleksandr Syrsky អះអាងថា កងទ័ពអ៊ុយក្រែន បានចាប់ខ្លួនកងទ័ពរុស្ស៊ី ចំនួន ៩៤២នាក់។
បើតាមវិទ្យាស្ថានសិក្សាសង្គ្រាមក្នុងរដ្ឋធានីវ៉ាស៊ីនតោន តំបន់ Kursk ដែនដីរុស្ស៊ី ក្រុងមូស្គូ បានបង្កើនកម្លាំងទ័ពកើនជាង ៦ម៉ឺននាក់ជាមួយទ័ពកូរ៉េខាងជើង ដែលមានចំនួន ១ម៉ឺន ១ពាន់នាក់ ដែលមកជួយច្បាំងនឹងកងទ័ពរុស្ស៊ី ខណៈទ័ពអ៊ុយក្រែន មានប្រមាណជាង ១ម៉ឺននាក់។
តំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ជាទីដែលអ៊ុយក្រែន បើកការវាយលុកឆ្លងព្រំដែននៅខែសីហា ឆ្នាំ២០២៤។ ទ័ពអ៊ុយក្រែន បានកាន់កាប់បានលើទីតាំងឈរជើងទំហំ ១៤០០គីឡូម៉ែត្រក្រឡាពីទ័ពរុស្ស៊ី។
ភ្លាមៗក្រោយពីទឹកដីរុស្ស៊ី នៅតំបន់ Kusk ត្រូវបានទ័ពអ៊ុយក្រែន វាយកាន់កាប់ លោក ពូទីន បានស្ដីបន្ទោសថាជាកំហុសរបស់មេបញ្ជាការតំបន់ Kursk និងអាជ្ញាធរតាមព្រំដែនធ្វេសប្រហែសឱ្យខ្មាំងលើកទ័ពឈ្លានពានបាន។
ដំណើរចុះទៅសមរភូមិតំបន់ Kursk របស់លោក ពូទីន ក៏ចំពេលសហរដ្ឋអាមេរិកក្រោមរដ្ឋការលោក ត្រាំ បានដាក់សំណើឱ្យមានបទឈប់បាញ់គ្នារយៈពេល ៣០ថ្ងៃ ដែលភាគីអ៊ុយក្រែន យល់ព្រមហើយ។
ភាគីអ៊ុយក្រែន បានយល់ព្រមទទួលយកសំណើរបស់អាមេរិក ធ្វើឡើងក្នុងជំនួបរវាងគណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលបានជួបគ្នានៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១១ មីនា។
ក្រោយកិច្ចប្រជុំទ្វេភាគី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា អ៊ុយក្រែនបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិកហើយ។
លោក Zelensky បានរៀបរាប់ថា កិច្ចប្រជុំនៅអារ៉ាប៊ីសាអ៊ូឌីត នោះមានរយៈពេលជាងប្រាំបីម៉ោង ហើយសំណើបទឈប់បាញ់ដែលទទួលយកដោយអ៊ុយក្រែន គ្របដណ្ដប់លើខ្សែបន្ទាត់ជួរមុខទាំងមូលនៃការប្រយុទ្ធជាមួយរុស្ស៊ី មិនមែនត្រឹមតែផ្លូវអាកាស និងសមុទ្រនោះទេ។
លោកបន្តរៀបរាប់ថា អ៊ុយក្រែនទទួលយកសំណើនេះ ដោយចាត់ទុកថាជាលទ្ធផលជាវិជ្ជមាន តែតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវតែបញ្ចុះបញ្ចូលរុស្ស៊ី ឱ្យធ្វើដូច្នេះដែរ ព្រោះបទឈប់បាញ់នឹងចាប់ផ្តើមអនុវត្តនៅពេលដែលទីក្រុងមូស្គូ យល់ព្រមចំពោះសំណើនេះដូចគ្នា។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកសង្ឃឹមថា រុស្ស៊ីនឹងយល់ព្រមដើម្បីសន្តិភាព ហើយថាបាល់ឥឡូវ គឺស្ថិតនៅក្នុងទីលានរបស់រុស្ស៊ី ហើយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញគំនិតសុទិដ្ឋិនិយមថា រុស្ស៊ីនឹងយល់ព្រមទទួលយកសំណើរបស់ក្រុងវ៉ាស៊ីនតោន។
យ៉ាងណាក៏ដោយ លោក ត្រាំ បានបញ្ជាក់ថា គឺវាអាស្រ័យលើការសម្រេចចិត្តរបស់រុស្ស៊ី បន្ទាប់ពីអ៊ុយក្រែន បានយល់ព្រមទទួលយកបទឈប់បាញ់ក្នុងអំឡុងកិច្ចប្រជុំជាង ៨ម៉ោងរវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ ទី១១ ខែមីនា។
ចំណែកវិមានក្រឹមឡាំង បាននិយាយថា ក្រុងមូស្គូ ត្រូវពិនិត្យសំណើបទឈប់បាញ់នៅអ៊ុយក្រែន ឱ្យបានម៉ត់ចត់សិន ទើបប្រកាសយល់ព្រម ខណៈមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ម្នាក់ បានព្រលយថា កិច្ចព្រមព្រៀងមួយណាក៏ដោយ ទាល់តែរុស្ស៊ី អាចមើលឃើញពីការដោះស្រាយក្ដីកង្វល់របស់រុស្ស៊ី ទើបក្រុងមូស្គូ យល់ព្រម។
ទោះជាយ៉ាងណា មេដឹកនាំលោកខាងលិចមួយចំនួននៅតែមានមន្ទិលសង្ស័យអំពីគោលបំណងរបស់លោក ពូទីន ដែលថាទាល់តែមើលឃើញពីជ័យជម្នះជាមុនសិន ទើបក្រុងមូស្គូ អាចយល់ព្រម៕
© 2025, . All rights reserved.