អ្នកឃ្លាំមើលព្រមានថា រដ្ឋាភិបាលត្រកូលហ៊ុននឹងដួលរលំភ្លាមៗ បើក្រុមប្រឆាំងអាចចងក្រងកម្លាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឱ្យរួបរួមគ្នាឡើងវិញ ព្រោះទាំងកម្លាំងកងទ័ព និងពលរដ្ឋខ្មែររង់ចាំតែកម្លាំងរឹងមាំពិតប្រាកដតែប៉ុណ្ណោះសម្រាប់ការផ្លាស់ប្ដូរនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១២ ខែមីនា ថា ប្រសិនបើក្រុមប្រឆាំងមិនអាចប្រមូលផ្ដុំកម្លាំងប្រឆាំងដែលមានស្រាប់បានទេ នោះគោលដៅដែលពួកគេចង់ផ្លាស់ប្ដូរដើម្បីប្រជាធិបតេយ្យ ដើម្បីយុត្តិធម៌សង្គម និងដើម្បីសិទ្ធិមនុស្ស ក៏មិនអាចទៅរួចដែរ។
លោក ម៉ែន ណាត ព្រមានថា ការបង្កើតចលនានៅក្រៅស្រុករបស់ក្រុមប្រឆាំង មិនត្រូវរំលោភបំពានលើច្បាប់របស់ប្រទេសកម្ពុជាដាច់ខាត ជាពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ព្រោះបក្សកាន់អំណាចអាចមានលេសគ្រប់គ្រាន់ដើម្បីបង្ក្រាបពួកគេគ្រប់ពេលវេលា។
លោកបន្តថា នៅពេលដែលរដ្ឋាភិបាលចេញមុខបង្ក្រាបដោយផ្អែកលើចំណុចខ្សោយនេះ ពលរដ្ឋដែលចង់ចូលរួមក្នុងការបង្រួបបង្រួមរបស់ក្រុមអ្នកប្រជាធិបតេយ្យ ក៏មិនអាចធ្វើទៅបានដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា បន្ទាប់ពីក្រុមប្រឆាំងអាចប្រមូលផ្ដុំគ្នាឡើងវិញបានហើយ កិច្ចការដែលពួកគេត្រូវធ្វើមុនគេបង្អស់ គឺស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញជាបន្ទាន់ ព្រោះបញ្ហានានាដែលកើតមាននៅក្នុងទីលាននយោបាយនៅកម្ពុជាសព្វថ្ងៃនេះ គឺដោយសារការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការបាត់បង់សិទ្ធិមនុស្សប៉ុណ្ណោះ។
ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គេសង្កេតឃើញថាកម្លាំងបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានពុះច្រៀកជាផ្នែកៗ និងបង្កទៅជាការបែកបាក់កម្លាំងសាមគ្គីយ៉ាងធ្ងន់ធ្ងររហូតដល់ពេលនេះ។
ក្រោយបែកបាក់សាមគ្គីនយោបាយ គេសង្កេតឃើញថា អ្នកគាំទ្របក្សនេះក៏បានចេញមកវាយប្រហារគ្នាទៅវិញទៅមកដែរ ដែលជាហេតុធ្វើឱ្យកម្លាំងគាំទ្ររបស់ពលរដ្ឋនៅតាមមូលដ្ឋានកាន់តែធ្លាក់ចុះ ដោយសារពួកគេអស់ជំនឿចិត្តលើមេដឹកនាំនយោបាយប្រឆាំងបន្តទៀត។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងកាលពីពេលថ្មីៗនេះថា ក្រុមអ្នកនយោបាយក្រុមប្រឆាំងបានសូត្រទ្រឹស្ដី «បែកបាក់ស្លាប់ សាមគ្គីរស់» យ៉ាងស្ទាត់ជំនាញ ប៉ុន្តែក្នុងចំណោមពួកគេនៅតែផ្គើននឹងការបែកបាក់ដូចសត្វមមាចប្រឡែងភ្លើងដូច្នេះដែរ ខណៈក្រុមអ្នកកាន់អំណាចឆ្លៀតឱកាសដែលក្រុមប្រឆាំងទន់ខ្សោយខិតខំពង្រីកការឃោសនាបំបែកបំបាក់ពួកគេឱ្យកាន់តែខ្លាំងបន្ថែមទៀត។
លោក វ៉ន ចាន់ឡូត លើកឡើងថា វោហារស័ព្ទនៃការរួបរួមត្រូវបានគេឮសឹងរាល់ថ្ងៃ តែទង្វើជាក់ស្ដែងហាក់ឆ្ងាយដូចជើងមេឃ ដោយភាគីម្ខាងៗប្រឹងបំប៉ោងអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យបរិសុទ្ធ និងបន្ទច់បង្អាក់ទៅភាគីម្ខាងទៀតដែលជាក្រុមប្រឆាំងដូចគ្នា៕
© 2025, . All rights reserved.