អ្នកស្រី មូរ សុខហួរ ចូលរួម​ដឹកនាំ​លើក​បដា​ទាមទារ​ប្ដឹង​ករណី​កោះ​គុត/គុជ​ទៅ​តុលាការ​អន្តរជាតិ បន្ទាប់ពី​បញ្ចប់​សមាជ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ញូវហ្សេឡេន ស្ដីពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ចលនា KMD ប្រកាស​ប្រារព្ធ​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា ស្តីអំពី​បញ្ហា​កោះ​គុត​នៅ​ដើម​ខែ​មេសា

By ឌឹ ខេមបូឌា ដេលី

March 14, 2025

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ប្រារព្ធ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា ស្តីអំពី​បញ្ហា​កោះ​គុត/គជ់ នៅ​ដើម​ខែ​ក្រោយ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​យក​ករណី​នេះ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ក្នុង​ការ​ទាមទារ​យក​ទឹកដី​ខ្មែរ​ដែល​ប្រទេស​ថៃ បាន​រំលោភ​បំពាន យក​មក​គ្រប់គ្រង​វិញ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ សហការ​ជាមួយ​បណ្ដាញ​យុវជន​សកល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១៣ មីនា នេះ ស្ដីពី​ការ​ធ្វើ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា នៅ​ទីក្រុង​ម៉ុងត្រេអាល់ ខេត្ត​កេបិច ប្រទេស​កាណាដា នៅ​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៥ ខាងមុខ​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​លើកឡើង​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​កម្មវិធី​សមាជ​នេះ ជា​ការ​បង្ហាញ​ពី​ស្មារតី​ជាតិ​និយម និង​មនសិការ​ឈឺឆ្អាល​ក្នុង​ការ​ចូលរួម​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ ព្រមទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

KMD អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​ទិសទី ចូលរួម​ក្នុង​កម្មវិធី​សមាជ​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ជាក់​ពី​កម្លាំង​សាមគ្គី​ដ៏​ខ្លាំងក្លា​ដែល​ជា​ទម្ងន់​មួយ​សម្រាប់​ជា​មូលដ្ឋាន​ធ្វើ​សកម្មភាព​តស៊ូ​មតិ​រក​ដំណោះស្រាយ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ជុំវិញ​បញ្ហា​កោះ​គុត​ដែល​ត្រូវ​បាន​ប្រទេស​ជិតខាង​រំលោភ​បំពាន​យក​ទៅ​គ្រប់គ្រង​សព្វថ្ងៃ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ មីនា នេះ​ដែរ​ថា សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា ស្ដីពី​បញ្ហា​កោះ​គជ់ គឺ​ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ត្រូវតែ​បញ្ជាក់​ថា មួយ​ផ្នែក​នៃ​កោះ​គុត គឺជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​ក៏​ត្រូវតែ​ប្តឹង​ករណី​នេះ​ទៅ​តុលាការ​អន្តរជាតិ​ដែរ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ត្រូវ​ប្រទេស​ជិតខាង​ឈ្លានពាន យក​មក​គ្រប់គ្រង​វិញ។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចរចា​ជាមួយ​ថៃ អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ដូច្នេះ​បើ​កម្ពុជា​បញ្ឈប់​ការ​ចរចា​ទ្វេភាគី ហើយ​បែរ​ជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ នោះ​នឹង​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ជាមិនខាន។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទាំង​ដែល​ខ្លួន​កំពុង​ចរចា​បែប​នេះ កម្ពុជា​ក៏​នឹង​រង​នូវ​ការ​ស្ដីបន្ទោស​ចំពោះ​បញ្ហា​នេះ​ដែរ ដូច្នេះ​រឿង​នេះ​មាន​តែ​ទុក​ឱ្យ​រដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ភាគី​ថៃ បន្ត​ទៀត ដើម្បី​ចៀសវាង​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ៕

© 2025, . All rights reserved.