ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី (រូប​ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍​សំខាន់ៗ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​រុស្ស៊ី ដែល​ឈ្លានពាន​អ៊ុយក្រែន

By ឌឹ ខេមបូឌា ដេលី

March 18, 2025

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និយាយ​ថា រឿង​ដាក់​ពង្រាយ​កងកម្លាំង​រក្សា​សន្តិភាព​នៅ​អ៊ុយក្រែន ដែល​ស្នើ​ឡើង​ដោយ​ចក្រភព​អង់គ្លេស និង​បារាំង ដើម្បី​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី ដែល​លោក​ថា​ភាគី​រុស្ស៊ី គ្មាន​សិទ្ធិ​ចូល​ខ្លួន​ពាក់ព័ន្ធ​ដាក់​សម្ពាធ​លើ​អឺរ៉ុប​នោះ​ទេ គឺ​មាន​តែ​អ៊ុយក្រែន ជា​អ្នក​សម្រេច។

នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian នៃ​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មីនា នេះ។

លោក​ប្រធានាធិបតី​បារាំង បាន​លើកឡើង​ថា អ៊ុយក្រែន​ជា​ប្រទេស​មាន​អធិបតេយ្យ​ពេញលេញ​មួយ ប្រសិនបើ​អ៊ុយក្រែន ស្នើ​ឱ្យ​សម្ព័ន្ធមិត្ត​ដាក់​កងទ័ព​នៅ​លើ​ទឹកដី​របស់​ខ្លួន នោះ​វា​មិនមែន​ជា​រឿង​ដែល​រុស្ស៊ី មាន​សិទ្ធិ​ទទួលយក ឬ​មួយ​ក៏​មិន​ទទួលយក វា​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​រុស្ស៊ី ឡើយ។

យ៉ាងណាក៏ដោយ ទីក្រុង​មូស្គូ តែង​ច្រានចោល​ម្តង​ហើយ​ម្តង​ទៀត​នូវ​គំនិត​ដាក់​ពង្រាយ​កងទ័ព​មក​ពី​បណ្តា​ប្រទេស​អឺរ៉ុប​នៅ​អ៊ុយក្រែន ដែល​សុទ្ធសឹងតែ​ជា​សមាជិក​នៃ​អង្គការ​ណាតូ (NATO)។ បើ​តាម​លោក ម៉ាក្រុង ទ័ព​អឺរ៉ុប​អាច​នឹង​ពង្រាយ​នៅ​អ៊ុយក្រែន នៅ​ក្រោយ​បទ​ឈប់​បាញ់​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត។

ចំណែក​ប្រទេស​នីមួយៗ​ជា​សម្ព័ន្ធភាព​ដើម្បី​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ក៏​អាច​បញ្ជូន​ទ័ព​របស់​ពួកគេ​មក​ចូលរួម​ជាមួយ​នឹង​ទ័ព​បារាំង អង់គ្លេស បើ​ទោះជា​មាន​ចំនួន ២​ពាន់ ឬ ៣​ពាន់​នាក់​ក៏​បាន​ដែរ។

លោក ម៉ាក្រុង បញ្ជាក់​ថា ប្រទេស​នៅ​ក្រៅ​អឺរ៉ុប​ក៏​អាច​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន បាន​ដែរ ដោយ​សហការ​ជាមួយ​ទ័ព​អឺរ៉ុប។

លោក ម៉ាក្រុង រួម​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer កំពុង​ខិតខំ​ជា​ខ្លាំង​ប្រមែប្រមូល​ការ​គាំទ្រ​ផ្នែក​យោធា​សម្រាប់​អ៊ុយក្រែន ស្រប​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី។

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ លោក Keir Starmer បាន​បើក​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​លោក ម៉ាក្រុង ព្រមទាំង​សម្ព័ន្ធមិត្ត​អ៊ុយក្រែន ដទៃ​ទៀត។ ក្រោយពី​កិច្ចប្រជុំ លោក Keir Starmer បាន​និយាយ​ថា នៅ​ពេលនេះ​យើង​មាន​កម្លាំង​រួបរួម​សុឆន្ទៈ​មាន ៣៥​ប្រទេស។

តាម​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ ប្រទេស​ទាំង ៣៥ នេះ មាន​ប្រទេស​ខ្លះ​ស្ម័គ្រចិត្ត​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន និង​ប្រទេស​ខ្លះ​ទៀត​ជួយ​ផ្ដល់​ភស្តុភារ។

ជុំវិញ​ស្ថានការណ៍​មុន​បិទ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន តាមរយៈ​ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi និយាយ​ថា ប្រធានាធិបតី​អាមេរិក លោក ត្រាំ បាន​ត្រៀម​ខ្លួន​ច្រើន​ជាង​មុន​សម្រាប់​អាណត្តិ​ទី​ពីរ ដោយ​មាន​ផែនទី​បង្ហាញ​ផ្លូវ​ច្បាស់លាស់។

លោក Modi បាន​បញ្ជាក់​ថា អាណត្តិ​ទី​ពីរ​របស់​លោក ត្រាំ លើក​នេះ បាន​រៀបចំ​ច្រើន​ជាង​មុន ហើយ​គំនិត និង​ជំហាន​ជាក់លាក់​នីមួយៗ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​រួម គឺ​ការ​បញ្ចប់​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន។ តែ​ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ប្រាប់​ទៅ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា កាលៈទេសៈ​នេះ រុស្ស៊ី​មិន​គួរ​បន្ត​សង្គ្រាម​នោះ​ទេ ហើយ​ជាមួយ​គ្នា​នេះ លោក Modi ក៏​បាន​ប្រាប់​ទៅ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន ថា វា​គ្មាន​ជ័យជម្នះ​ណា​បាន​មកពី​ដំណោះស្រាយ​យោធា​នោះ​ទេ។

ចំណែក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យ​ដឹង​ថា រូបលោក​នឹង​និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នា​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ហើយ​ការ​ជជែក​ផ្ដោត​លើ​កិច្ចប្រឹងប្រែង​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​លើ​យន្តហោះ Air Force One ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​កត់ត្រា​សម្ដី​របស់​លោក ត្រាំ បាន​និយាយ​ថា លោក​នឹង​សន្ទនា​ជាមួយ​លោក ពូទីន នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែ​មីនា ហើយ​ជាមួយ​គ្នា​នេះ កិច្ចការ​ជាច្រើន​ត្រូវ​បាន​ធ្វើ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។ លោក​បន្ត​ថា តើ​យើង​អាច​រក​ទី​បញ្ចប់​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បាន​ដែរ​ឬ​ទេ។

នៅ​ពេល​ត្រូវ​បាន​សាកសួរ​ថា តើ​មាន​សម្បទាន​អ្វី​ខ្លះ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​ក្នុង​កិច្ចចរចា​បទ​ឈប់​បាញ់? លោក ត្រាំ បាន​ឆ្លើយ​ដោយ​សេចក្ដី​ដើម​ដូចនេះ​ថា «យើង​នឹង​និយាយ​អំពី​ទឹកដី។ យើង​នឹង​និយាយ​អំពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន ដែល​រុស្ស៊ី វាយ​កាន់កាប់​បាន។ យើង​សូម​ប្រាប់​ថា ចំណុច​ជាច្រើន​ត្រូវ​បាន​ជជែក​រួចរាល់​ហើយ​ជាមួយ​ភាគី​ទាំង​សងខាង។ យើង​បាន​ពិភាក្សា​រឿង​ទាំងនេះ​រួច​ហើយ គឺ​អំពី​ការ​បែងចែក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ដែល​ត្រូវ​ធ្វើ​សម្បទាន​ដូច​គ្នា​នេះ។»

លោក ត្រាំ នៅ​ពេលនេះ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​លោក ពូទីន ឱ្យ​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​មាន​រយៈពេល ៣០​ថ្ងៃ ដែល​អ៊ុយក្រែន បាន​យល់ព្រម​ទទួលយក​កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ រុស្ស៊ី​មិន​បាន​បដិសេធ ហើយ​ក៏​មិន​ទាន់​យល់ព្រម​ទទួលយក​នោះ​ដែរ។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន លើកឡើង​ថា គំនិត​នៃ​សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ដែល​មាន​រយៈពេល ៣០​ថ្ងៃ គឺជា​គំនិត​ត្រឹមត្រូវ​ដែល​រុស្ស៊ី គាំទ្រ ប៉ុន្តែ​ចង់បាន​ការ​លម្អិត​បន្ថែម​ទៀត​ទៅ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន​របស់​រុស្ស៊ី។

លោក ពូទីន បាន​បញ្ជាក់​ថា បទ​ឈប់​បាញ់​គួរតែ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ស្ថិតស្ថេរ​យូរអង្វែង និង​លុប​បំបាត់​ឫសគល់​ពិតប្រាកដ​នៃ​ការ​ផ្ទុះ​សង្គ្រាម៕

© 2025, . All rights reserved.