គណបក្សក្រៅរដ្ឋាភិបាល ស្នើឱ្យប្រទេសប្រជាធិបតេយ្យជិត ១០ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជួយអន្តរាគមន៍ទៅកាន់រាជរដ្ឋាភិបាលកម្ពុជាឱ្យបើកលម្ហសិទ្ធិនយោបាយ សេរីភាព និងប្រជាធិបតេយ្យឡើងវិញ ស្របពេលដែលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាកំពុងធ្លាក់ចុះធ្ងន់ធ្ងរ។
គណបក្សកម្លាំងជាតិ បានចេញលិខិតកាលពីថ្ងៃទី១៤ មីនា ដែលទើបផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី១៧ មីនា នេះ ដោយសុំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានគណៈកម្មការអឺរ៉ុប ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស នាយករដ្ឋមន្ត្រីអូស្ត្រាលី និងនាយករដ្ឋមន្ត្រីជប៉ុន ជួយអន្តរាគមន៍ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបើកលម្ហសិទ្ធិនយោបាយ សេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ប្រភពដដែលលើកឡើងថា ចាប់តាំងពីចុងឆ្នាំ២០១៧ មក បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ហើយការធ្លាក់ចុះនេះ គឺបន្ទាប់ពីតុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដែលមានសមាជិកសភាចំនួន ៥៥រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥០០៧អាសនៈកន្លងទៅនោះ។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ អាជ្ញាធរកម្ពុជាក៏បានបើកយុទ្ធនាការចាប់ខ្លួនប្រធានគណបក្សនេះ គឺលោក កឹម សុខា រួមទាំងសកម្មជននយោបាយ និងដកសិទ្ធិអ្នកនយោបាយពីខាងបក្សប្រឆាំងចំនួន ១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
រហូតដល់ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធមិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថែមទៀត ដែលបញ្ហាទាំងអស់នេះមិនត្រូវបានដោះស្រាយរហូតមក។
គណបក្សក្រៅរដ្ឋាភិបាលដដែលនេះអះអាងថា សព្វថ្ងៃនេះ សេរីភាពផ្នែកនយោបាយនៅកម្ពុជាកាន់តែរួមតូច ព្រោះអ្នកនយោបាយ សកម្មជននយោបាយ មេដឹកនាំសហជីព សកម្មជនសង្គម ត្រូវបានចាប់ខ្លួន ព្រោះតែប្រើប្រាស់សិទ្ធិបញ្ចេញមតិ បើទោះបីជាសិទ្ធិនេះមានចែងក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិចារណាលើការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិកចំពោះពលរដ្ឋមកពីជាង ៤០ប្រទេស ដែលត្រូវបែងចែកជាបីប្រភេទ គឺប្រទេសដែលត្រូវបានចាត់ថ្នាក់ចូលទៅក្នុងបញ្ជីពណ៌ក្រហម ពណ៌ទឹកក្រូច និងពណ៌លឿង ក្នុងនោះ កម្ពុជាក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីប្រទេសពណ៌លឿងផងដែរ។
ប្រទេសចំនួន១១ ដែលស្ថិតក្នុងបញ្ជីពណ៌ក្រហម ដូចជា អាហ្វហ្គានីស្ថាន កូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡា ជាដើម ត្រូវហាមឃាត់ទាំងស្រុងមិនឲ្យចូលទឹកដីអាមេរិក។ ចំណែកប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌ទឹកក្រូចដែលមានចំនួន ១០ប្រទេស ដូចជា បេឡារុស ឡាវ និងភូមា ជាដើម ត្រូវផ្អាកការផ្តល់ទិដ្ឋាការដល់និស្សិត ទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការទេសចរណ៍ ជាដើម ប៉ុន្តែត្រូវលើកលែងទិដ្ឋាការសម្រាប់ធ្វើអាជីវកម្ម។
ដោយឡែកប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌លឿងទាំង ២២ រួមមាន កម្ពុជា និងប្រទេសម៉ាលី ជាដើម អាចប្រឈមនឹងការរឹតត្បិតការធ្វើដំណើរចូលទឹកដីអាមេរិក ឬបញ្ចូលក្នុងបញ្ជីពណ៌ក្រហម និងបញ្ជីពណ៌ទឹកក្រូចផងដែរ ប៉ុន្តែប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌លឿងនេះមានពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែមករា មក ដើម្បីធ្វើរបាយការណ៍ចុងក្រោយដាក់ជូនសេតវិមានពិនិត្យ និងសម្រេច ដូច្នេះប្រទេសទាំងនេះគឺមានពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះដើម្បីធ្វើការតវ៉ា។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសជិតខាងរបស់កម្ពុជាដែលកំពុងមានទំនាក់ទំនងល្អជាមួយអាមេរិក ដូចជាប្រទេសថៃ និងវៀតណាម ពុំមាននៅក្នុងបញ្ជីហាមប្រាមទិដ្ឋាការទាំងនេះទេ៕
© 2025, . All rights reserved.