អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte (ឆ្វេង) និង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន

នយោបាយ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ច្រានចោល​ការ​លើកឡើង​ថា​លោក ហ៊ុន សែន នឹង​ត្រូវ​ចាប់​ខ្លួន​ដូច​លោក ឌូទើតេ

By ឌឹ ខេមបូឌា ដេលី

March 20, 2025

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក កឹម សុខា ច្រានចោល​នូវ​ការ​លើកឡើង​ដែល​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នឹង​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court, ICC) ចាប់​ខ្លួន​ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​មីនា នេះ​ថា ពិត​មែន​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) មាន​អំណាច​យុត្តាធិការ ឬ​ដែន​សមត្ថកិច្ច​លើ​ប្រទេស​កម្ពុជា ប៉ុន្តែ​លុះត្រា​តែ​មាន​បណ្តឹង​ពី​បុគ្គល​ណា​មួយ​ចំពោះ​លោក ហ៊ុន សែន ជា​មុន​សិន។

លោក សួន សុរីដា លើកឡើង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ក៏​ធ្លាប់​មាន​អង្គការ​អន្តរជាតិ​ប្តឹង​លោក ហ៊ុន សែន ទៅ​កាន់​តុលាការ​នេះ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ តុលាការ ICC នៅ​មិន​ទាន់​ចេញ​ដីកា​ណា​មួយ​ឱ្យ​ចាប់​ខ្លួន​លោក ហ៊ុន សែន នៅឡើយ​ទេ ហើយ​ត្រង់​ចំណុច​នេះ​ក៏​បង្ហាញ​ដែរ​ថា ពាក្យបណ្ដឹង​នោះ​ទំនង​ជា​មិន​គ្រប់​លក្ខខណ្ឌ ហើយ​ក៏​ទំនង​ជា​តុលាការ​បាន​ទាត់​ចោល​ដែរ។

លោក​បន្ត​ថា ប្រសិនបើ​មាន​ពាក្យបណ្ដឹង​រហូត​តុលាការ​អន្តរជាតិ​មួយ​នេះ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ហ៊ុន សែន មែន​នោះ ក៏​ត្រូវ​មាន​ការ​សហការ​ពី​ប្រទេស​សាមី​ដែរ។ ផ្ទុយទៅវិញ នៅ​កម្ពុជា​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​ហ៊ាន​អនុវត្ត​ដីកា​របស់​តុលាការ​នេះ​ដើម្បី​ចាប់​ខ្លួន​លោក ហ៊ុន សែន ឡើយ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដែល​លោក ហ៊ុន សែន ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ទសវត្សរ៍​១៩៨០ ឬ​១៩៩០ ដូចជា ការ​ធ្វើ​រដ្ឋប្រហារ ឬ​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​ឆ្នាំ​១៩៩៧ ជាដើម មិន​អាច​យក​ទៅ​ប្តឹង​តុលាការ​នេះ​បាន​ទេ ព្រោះ​នៅ​ពេលនេះ កម្ពុជា​មិន​ទាន់​ក្លាយ​ជា​សមាជិក​របស់​តុលាការ​នេះ​នៅឡើយ។

លោក សួន សុរីដា គូស​បញ្ជាក់​ថា ភស្តុតាង​ជាក់ស្តែង​ក្នុង​សំណុំរឿង​លោក Rodrigo Duterte តុលាការ​អន្តរជាតិ (ICC) បើក​ការ​ស៊ើបអង្កេត​លើ​រូបលោក​ត្រឹមតែ​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៩ ប៉ុណ្ណោះ ទោះ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​បាន​ដឹកនាំ​ប្រទេស​ហ្វីលីពីន ដល់​ឆ្នាំ​២០២២ ក៏ដោយ ត្បិត​ប្រទេស​ហ្វីលីពីន បាន​ចាកចេញ​ពី​សមាជិក​របស់​តុលាការ​នេះ​នៅ​ឆ្នាំ​២០១៩។

កាលពី​ថ្ងៃទី​១៤ ខែ​មីនា ក្នុង​ពិធី​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា រឿង ឌូទើតេ ជា​រឿង ឌូទើតេ តែ ហ៊ុន សែន មិនមែន ឌូទើតេ ឡើយ ហើយ​ការ​ប្រៀបធៀប​របស់​ក្រុម​ប្រឆាំង​រវាង​រូបលោក និង ឌូទើតេ គឺ​ដើម្បី​ទាញ​យក​ភាព​ជោគជ័យ​ទៅ​ភ្ជាប់​នឹង​ខ្លួន​ពួកគេ ហើយ​ភ្ជាប់​ការ​បរាជ័យ​មក​ឱ្យ​រូបលោក​ប៉ុណ្ណោះ៕

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte (ឆ្វេង) និង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន

© 2025, . All rights reserved.