រូបភាព​ឯកសារ៖ លោក ហ៊ុន សែន (ឆ្វេង) និង​លោក ដូណាល់ ត្រាំ

ព័ត៌មានជាតិ

លោក ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​អាមេរិក​ផ្ដាច់​ជំនួយ​សារព័ត៌មាន​បរទេស ខណៈ​អ្នក​ឃ្លាំមើល​ថា​មាន​តែ​ជន​ផ្ដាច់ការ​ដែល​ត្រេកអរ

By ឌឹ ខេមបូឌា ដេលី

March 20, 2025

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចាត់ទុក​ការ​ផ្ដាច់​ជំនួយ​ដល់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ប្រទេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក គឺជា​ការ​បើក​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។

លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៧ មីនា នេះ​ថា ការ​មិន​ទុកចិត្ត​លើ​សហរដ្ឋ​អាមេរិក​ពី​សំណាក់​ប្រទេស​មួយ​ចំនួន ក៏​មាន​ចំណែក​ចេញ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​យល់​ច្រឡំ​ថា​ជា​គោលជំហរ​របស់​រដ្ឋាភិបាល​អាមេរិក។

លោក ហ៊ុន សែន លើកឡើង​ថា ការ​ផ្តាច់​ជំនួយ​ដល់​សារព័ត៌មាន​ទាំងនោះ គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ភូត​កុហក លាប​ពណ៌ អុជអាល ញុះញង់ ដែល​តែងតែ​បង្ក​ចលាចល​ស្ទើរ​ពេញ​ពិភពលោក​រហូត​មក ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ពី​សេចក្តី​ក្លាហាន​របស់​អាមេរិក​ដែរ ដែល​ចេញ​ដឹកនាំ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ចាប់ផ្តើម​ពី​បណ្ដាញ​ព័ត៌មាន​ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក​មុន​គេ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​រិះគន់​ថា ចរិត​មារយាទ និង​សម្ដី​របស់​អ្នក​យក​ព័ត៌មាន និង​អ្នក​និយាយ​ព័ត៌មាន​មួយ​ចំនួន​តូច​នៃ​បណ្ដាញ​ព័ត៌មាន​ដែល​អាមេរិក​ផ្តាច់​ជំនួយ​ទាំងនោះ ឫក​ធំ​ជាង​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​ទៅ​ទៀត ព្រោះ​ពួកគេ​ជា​មនុស្ស​ដែល​គ្មាន​គុណធម៌ និង​សីលធម៌​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ឡើយ។

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បង្គាប់​ឱ្យ​កាត់បន្ថយ​ផ្នែក​នានា​ដែល​មិន​ចែង​ក្នុង​ច្បាប់​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល ដែល​ហៅ​កាត់​ថា USAGM ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ដែល​ផ្តល់​មូលនិធិ​ដល់​ស្ថាប័ន​ព័ត៌មាន​សកល​ឯករាជ្យ។

លោក ដូណាល់ ត្រាំ បង្គាប់​ឱ្យ​លុប​បំបាត់​ចោល «ក្នុង​កម្រិត​អតិបរមា​ស្រប​តាម​ច្បាប់​ជា​ធរមាន» របស់​ទីភ្នាក់ងារ USAGM និង​អង្គភាព​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ៦ ផ្សេង​ទៀត ដែល​ធ្វើការ​លើ​ផ្នែក​សារមន្ទីរ ផ្នែក​គ្មាន​ផ្ទះសម្បែង ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ជនជាតិ​ភាគតិច និង​បញ្ហា​ជាច្រើន​ទៀត​ផង​ដែរ។

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​កាលពី​ថ្ងៃទី​១៦ មីនា នេះ​ថា អ្នក​ដែល​ជប់លៀង​ត្រេកអរ​ពី​ការ​ផ្ដាច់​ជំនួយ​ដល់​សារព័ត៌មាន​ដែល​លើកស្ទួយ​ប្រជាធិបតេយ្យ លើកស្ទួយ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ គឺ​មាន​តែ​ជន​ផ្ដាច់ការ​ដែល​មាន​បំណង​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។

លោក មួង ណារ៉េត បញ្ជាក់​ថា ការ​បិទ​សារព័ត៌មាន​ឯករាជ្យ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គឺជា​ពរជ័យ​សម្រាប់​ជន​ផ្ដាច់ការ ប៉ុន្តែ​ជា​បណ្ដាសា​ដែល​ត្រូវ​ធ្លាក់​លើ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​ត្រូវ​បាត់បង់​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​ឯករាជ្យ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

© 2025, . All rights reserved.