លោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា បានចូលបំភ្លឺនៅក្នុងតុលាការបារាំង លើសំណុំរឿងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ជុំវិញអំពើឃាតកម្មគប់គ្រាប់បែកដៃកាលពីជិត ៣០ឆ្នាំមុនលើហ្វូងបាតុករ ដែលបណ្តាលឲ្យមនុស្សជិត ២០នាក់ស្លាប់ និងជាច្រើនទៀតរបួស។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ធំ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃពុធ ទី១៩ នេះថា លោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា បានចូលបំភ្លឺក្នុងសវនាការនៅថ្ងៃទី១៩ ខែមីនា ហើយនៅថ្ងៃទី២០ ខែមីនា អតីតនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក ប្រ៊ែដ អាដាមស៍ (Brad Adams) និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង រួមទាំងសាក្សីសំខាន់ៗជាច្រើននាក់ទៀត ក៏នឹងចូលទៅបំភ្លឺក្នុងសវនាការនេះដែរ ខណៈលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ មិនបានបញ្ជូនមេធាវីឱ្យការពារក្តីនេះទេ។
លោក ម៉ែន សុថាវរិន្ទ បញ្ជាក់ថា នៅពេលដែលលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ មិនបានដាក់មេធាវីការពារក្តីបែបនេះ តុលាការបារាំងនឹងប្រកាសសាលក្រមកាត់ទោសអ្នកទាំងពីរដោយកំបាំងមុខនៅថ្ងៃទី២១ ខែមីនា នេះតែម្តង ហើយពិរុទ្ធជនទាំងពីររូបនេះក៏នឹងត្រូវតុលាការបារាំង ស្នើដាក់ចូលទៅក្នុងនិវេតក្រហមក្នុងការតាមចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិ (Interpol) ផងដែរ។
សំណុំរឿងឃាតកម្មគប់គ្រាប់បែកសម្លាប់ហ្វូងបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលពាក់ព័ន្ធនឹងមេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី ប្តឹងទៅតុលាការបារាំង កាលពីពេលកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់ និងរបួសក្នុងអំពើឃាតកម្មនោះ។
ក្នុងវីដេអូសម្ភាសមួយកាលពីអំឡុងឆ្នាំ១៩៩៧ អ្នកគប់គ្រាប់បែកដៃឈ្មោះ ឆាយ វី និងឈ្មោះ ជុំ ប៊ុនធឿន បានសារភាពថា ការគប់គ្រាប់បែកលើហ្វូងបាតុករទាំងនោះ គឺជាការរៀបចំរបស់លោក ហ៊ីង ប៊ុនហៀង ដែលជាប្រធានកងអង្គរក្សរបស់លោក ហ៊ុន សែន។ ជនដៃដល់ទាំងពីរបញ្ជាក់ថា ពួកគេបានទទួលលុយពីលោក ហ៊ីង ប៊ុនហៀង ដើម្បីវាយប្រហារលើក្រុមបាតុករ ជាពិសេសគឺសំដៅទៅរកលោក សម រង្ស៊ី តែម្តង។
យ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកទាំងពីរផ្តល់ចម្លើយសារភាពអំពីរឿងនេះ ពួកគេបានបាត់ខ្លួនតាំងពីពេលនោះមក រួមទាំងជនដៃដល់ម្នាក់ទៀតដែលមានឈ្មោះថា ប្រេស៊ីល (Brazil) ដែលគេជឿជាក់ថា ជនសង្ស័យទាំង ៣នាក់នេះត្រូវបានសម្លាប់បំបិទមាត់។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង គ្រាប់បែកចំនួន ៤គ្រាប់ត្រូវបានជនអនាមិកគប់ចូលក្នុងហ្វូងបាតុករដែលមានមនុស្សប្រមាណ ២០០នាក់។ គ្រាប់បែកទាំងបួនគ្រាប់នេះ បានសម្លាប់ជីវិតមនុស្សចំនួន ១៦នាក់ និងជាង ១៥០នាក់របួស ក្នុងនោះក៏បណ្តាលឱ្យជនជាតិអាមេរិកាំងម្នាក់ឈ្មោះ រ៉ន អាប់នី (Ron Abney) ដែលជាប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) រងរបួសជាខ្លាំងដែរ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ ដោយសារទូរសព្ទមិនចូល៕
© 2025, . All rights reserved.