មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល លើកឡើងថា ប្រទេសណាក៏មានពលរដ្ឋចំណាកស្រុកដែរ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរវិញ គឺធ្វើចំណាកស្រុកទាំងបង្ខំ ព្រោះតែជំពាក់បំណុល គ្មានប្រាក់ចំណូលគ្រប់គ្រាន់ និងមិនមានការងារធ្វើ ជាដើម។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា អង្គការសង់ត្រាល់ លោក មឿន តុលា លើកឡើងនៅថ្ងៃទី១៩ មីនា នេះថា ប្រទេសអ្នកមានក៏មានពលរដ្ឋធ្វើចំណាកស្រុកដែរ តែពលរដ្ឋប្រទេសមួយចំនួនទាំងនោះចំណាកស្រុកដើម្បីដកបទពិសោធន៍នៃការរស់នៅ និងការងារ ដោយធ្វើការងារជាអ្នកជំនាញ ជាថៅកែ និងជាអ្នកគ្រប់គ្រង ជាដើម។
លោកបន្តថា ការធ្វើចំណាកស្រុកបែបនេះ គឺស្ថិតក្នុងលក្ខខណ្ឌដ៏ល្អប្រសើរមួយដែលគេហៅថា ការធ្វើចំណាកស្រុកដោយជម្រើស។
លោក មឿន តុលា អះអាងថា ដោយឡែកពលរដ្ឋខ្មែរវិញបានធ្វើចំណាកស្រុកដែរ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌនៃការធ្វើចំណាកស្រុកទាំងបង្ខំ ព្រោះថាពលរដ្ឋខ្មែរភាគច្រើនដែលធ្វើចំណាកស្រុកទៅធ្វើការដោយប្រើកម្លាំង ចំណាកស្រុកដោយសារជាប់ជំពាក់បំណុល មិនមានចំណូលគ្រប់គ្រាន់ មិនមានការងារ ឬមិនមានមុខរបរអាចចិញ្ចឹមជីវិតនៅក្នុងប្រទេស និងគ្មានប្រាក់ឧបត្ថម្ភពីរដ្ឋដែលមិនចាំបាច់ឱ្យពួកគេធ្វើចំណាកស្រុក ជាដើមនោះ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា អ្នកខ្លះត្រូវទុកកូនតូចដែលមានអាយុមិនដល់ ៥ខែ ឱ្យនៅជាមួយម្តាយ ឬជីដូនចាស់ៗនៅផ្ទះ ដើម្បីចំណាកស្រុកធ្វើការរកប្រាក់ចំណូលមកដោះបំណុល ហើយភាគច្រើនបំផុតនៃពលករចំណាកស្រុកទាំងនោះ គឺធ្វើការខុសពីជំនាញដែលខ្លួនធ្លាប់ធ្វើនៅក្នុងប្រទេសរបស់ខ្លួន។
កាលពីថ្ងៃទី១៤ ខែមីនា ក្នុងពិធីទទួលទានអាហារសាមគ្គីជាមួយគ្រួសារឧកញ៉ាកម្ពុជា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន លើកឡើងថា ប្រទេសមួយចំនួនក្នុងតំបន់ សូម្បីប្រទេសថៃបច្ចុប្បន្នក៏បន្តនាំចេញកម្លាំងពលកម្មទៅកូរ៉េ អេមីរ៉ាតអារ៉ាប់រួម មជ្ឈិមបូព៌ា និងទៅទីកន្លែងដែលមានប្រាក់ខែខ្ពស់ថែមទៀត ហើយក្នុងពេលដំណាលគ្នានេះ ថៃក៏យកពលករពីកម្ពុជា ពីឡាវ ពីភូមា ដើម្បីយកទៅបំពេញកម្លាំងពលកម្មឱ្យប្រទេសគេវិញដែរ។
កាលពីដើមខែមីនា ឆ្នាំ២០២៥ ក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា បច្ចុប្បន្នមានពលករខ្មែរចំនួន ១លាន ៣សែន ៨ម៉ឺននាក់ កំពុងធ្វើការនៅបរទេស រួមមាន ថៃ កូរ៉េ ជប៉ុន និងម៉ាឡេស៊ី ជាដើម។
ជុំវិញបញ្ហានេះ របាយការណ៍របស់អង្គការសង់ត្រាល់ បង្ហាញថា ពលករខ្មែរយ៉ាងហោចណាស់ជាង ២លាននាក់ ទាំងស្របច្បាប់ និងខុសច្បាប់ កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះ ថៃជាប្រទេសដែលមានពលករខ្មែរច្រើនជាងគេ។
ក្រុមគ្រួសារដែលមានសមាជិកទៅធ្វើការនៅក្រៅប្រទេសមួយចំនួន ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៩ មីនា នេះថា កូនៗរបស់ពួកគេបានចេញទៅធ្វើការនៅប្រទេសថៃ ដើម្បីរកលុយបង់សងធនាគារស្ទើរអស់ពីផ្ទះ ហើយទៅដោយខុសច្បាប់ថែមទៀត ព្រោះពួកគេគ្មានលុយធ្វើលិខិតឆ្លងដែននោះទេ៕
© 2025, . All rights reserved.