ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន

ច្បាប់

លោក រ៉ុង ឈុន សុំ​ពន្យារ​ពេល​ចូល​តុលាការ ដោយសារ​លោក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ

By ឌឹ ខេមបូឌា ដេលី

March 22, 2025

មេធាវី​ការពារ​ក្តី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​លើក​ពេល​សវនាការ​របស់​លោក រ៉ុង ឈុន ទៅ​ពេល​ក្រោយ ដោយសារ​លោក​មាន​ភារកិច្ច​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ តាម​ការ​កំណត់​របស់​វេជ្ជបណ្ឌិត ប៉ុន្តែ​មិន​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ទេ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជូង ជូងី ចេញ​លិខិត​មួយ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​មីនា លោក​មាន​ភារកិច្ច​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឯ​ប្រទេស​ថៃ តាម​ការ​កំណត់​ពី​វេជ្ជបណ្ឌិត។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ តំណាង​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ លោក អ៊ឹម សុផាន បាន​ចេញ​ដីកា​កោះ​បង្គាប់​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចូល​បំភ្លឺ​ក្នុង​សវនាការ​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៥ នេះ ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹង​សុំ​ឱ្យ​ផ្តល់​នីតិសម្បទា​ដែល​លោក​បាន​ប្តឹង​តុលាការ​កាលពី​ពេល​កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ លោក រ៉ុង ឈុន បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​សុំ​នីតិសម្បទា ឬ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាត់បង់​នីតិសម្បទា​គ្រប់​បែប​យ៉ាង និង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​អស់​រយៈពេល ៣​ឆ្នាំ​កន្លង​មក​នោះ។

ខ្លឹមសារ​ក្នុង​ពាក្យ​បណ្តឹង ចុះ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រៀបរាប់​ថា តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​ចុះ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ប្រភព​ដដែល​បន្ត​ថា ទោស​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ៣​ខែ ១១​ថ្ងៃ ហើយ​ទោស​ដែល​នៅ​សល់ ត្រូវ​បាន​ព្យួរ​សាកល្បង​រយៈពេល ៣​ឆ្នាំ បន្ទាប់ពី​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ។

ពាក្យ​បណ្ដឹង​ដដែល​នេះ បញ្ជាក់​ថា បើ​គិត​ចាប់តាំងពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ គឺ​មាន​រយៈពេល ៣​ឆ្នាំ​ហើយ ដូច្នេះ​លោក រ៉ុង ឈុន ត្រូវ​រួច​ផុត​ក្រោម​ការ​ត្រួតពិនិត្យ​គ្រប់​បែប​យ៉ាង​ទាំងអស់​របស់​តុលាការ ហើយ​ក៏​ត្រូវ​រួច​ផុត​ពី​ការ​បាត់បង់​នីតិសម្បទា​គ្រប់យ៉ាង​ដែរ។

ជុំវិញ​បញ្ហា​នេះ លោក គា ថាណា ប្រធាន​គណបក្ស​កម្លាំង​ជាតិ សាខា​ប្រទេស​ជប៉ុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​យប់​ថ្ងៃទី​១៩ មីនា នេះ​ថា ការ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ពី​សំណាក់​តុលាការ​កន្លង​មក គឺជា​ការ​សម្រេច​ដ៏​យុត្តិធម៌​បំផុត​សម្រាប់​រូបលោក។

លោក គា ថាណា បញ្ជាក់​ថា កិច្ចការ​ដែល​លោក រ៉ុង ឈុន បាន​ធ្វើ​កន្លង​មក គឺ​ដើម្បី​ប្រទេស​ជាតិ និង​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធសាធ មិនមែន​ដើម្បី​ប្រយោជន៍​បក្ស​នយោបាយ ឬ​ក្រុម​ណា​មួយ​នោះ​ទេ៕

© 2025, . All rights reserved.