រូបភាព​ពី​កាសែត​ថៃ The Nation Thailand ដែល​ផ្សាយ​ថា​ជា​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល​ពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ (រូបថត៖ The Nation)

ព័ត៌មានជាតិ

ក្រសួង​បរិស្ថាន​កម្ពុជា​ថា​រយៈពេល​១​សប្ដាហ៍​មាន​ភ្លើង​ឆេះ​ព្រៃ​ជាង ៦០០​ករណី ខណៈ​ថៃ​ថា​មាន ៨០៦​ករណី

By ឌឹ ខេមបូឌា ដេលី

March 26, 2025

មជ្ឈមណ្ឌល​ជំនាញ​ឧតុនិយម​អាស៊ាន (ASMC) ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៤ ខែ​មីនា នេះ​ថា ក្នុង​រយៈពេល ១​សប្តាហ៍ កម្ពុជា​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ចំណុច​ឆេះ​ជាង ៦០០​ករណី ហើយ​ខេត្ត​ដែល​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ច្រើន​ជាងគេ គឺ​ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី។

ក្រសួង​បរិស្ថាន​កម្ពុជា បាន​ចេញ​ផ្សាយ​នូវ​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ឧតុនិយម​អាស៊ាន (ASMC) នៅ​ថ្ងៃទី​២៤ មីនា ស្ដីពី​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ មីនា គឺ​ក្នុង​រយៈពេល ១​សប្តាហ៍ កម្ពុជា​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ចំណុច​ឆេះ​ចំនួន ៦៦២​ករណី ក្នុង​នោះ​ចំនួន ២៤០​ករណី​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃទី​២២ មីនា។

តាម​ទិន្នន័យ​ដដែល​បាន​ឲ្យ​ដឹង​ថា ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម ត្រូវ​បាន​គេ​រក​ឃើញ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ច្រើន​ជាងគេ។ ខេត្ត​ស្ទឹងត្រែង មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​សរុប​ចំនួន ៨៩​ករណី ខេត្ត​មណ្ឌលគិរី មាន ៨៤​ករណី និង​ខេត្ត​រតនគិរី មាន ៨១​ករណី។ ចំណែក​ទីក្រុង​ភ្នំពេញ ខេត្ត​ប៉ៃលិន និង​ខេត្ត​កែប មិន​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ទេ។

ក្រសួង​បរិស្ថាន​តែង​អះអាង​ថា កម្ពុជា​គ្មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ និង​ថា​ភ្លើង​ឆេះ​ព្រៃ​ភាគច្រើន​ជា​ការ​ឆេះ​ស្មៅ សំរាម ស្បូវ និង​ជញ្ជ្រាំង​ស្រូវ​តែប៉ុណ្ណោះ។

ក្រសួង​ថា កម្ពុជា​កំពុង​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់ និង​បញ្ឈប់​ការ​ដុត​សំណល់​កសិកម្ម គល់​ជញ្ជ្រាំង ដុត​ទន្ទ្រាន​ព្រៃ សំរាម សំណល់​រឹង និង​ប្លាស្ទិក​ដែល​ជា​ប្រភព​បង្ក​ភ្លើង​ឆេះ​ព្រៃ ឬ​ចំណុច​ក្តៅ​បំផ្លាញ​គុណភាព​ខ្យល់។

តាមរយៈ​រូបភាព​ថត​ដោយ​ផ្កាយរណប​របស់​ទីភ្នាក់ងារ​ព័ត៌មានវិទ្យា និង​អវកាស​ថៃ ឈ្មោះ GISTDA កាលពី​ថ្ងៃទី​២៣ មីនា បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ ឬ​ចំណុច​ឆេះ​ខុស​ពី​ទិន្នន័យ​របស់​ក្រសួង​បរិស្ថាន​កម្ពុជា។ តាម GISTDA ករណី​ភ្លើង​ឆេះ​ព្រៃ ឬ​ចំណុច​ឆេះ​នៅ​កម្ពុជា​មាន​ចំនួន ៨០៦​ករណី ពោល​គឺ​ច្រើន​ជាង​ទិន្នន័យ​របស់​ក្រសួង​បរិស្ថាន​កម្ពុជា ជាង ២០០​ករណី។ ករណី​ភ្លើង​ឆេះ​ព្រៃ ឬ​ចំណុច​ឆេះ​នៅ​កម្ពុជា​ភាគច្រើន​កើត​ចេញពី​ការ​ដុត​សំរាម ដុត​ចម្ការ និង​ភ្លើង​ឆេះ​ព្រៃ។

តាម​ការ​ចុះផ្សាយ​របស់​កាសែត​ថៃ ក្នុង​ថ្ងៃទី​១១ កុម្ភៈ អាជ្ញាធរ​ថៃ បាន​រក​ឃើញ​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​ភ្នំ Banthat ដោយ​បាន​ចោទប្រកាន់​ថា​ឆេះ​ឆ្លង​ចេញពី​ព្រៃ​នៅ​តំបន់​ព្រំដែន​ជាមួយ​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់។ ការ​លើកឡើង​យ៉ាង​ដូច្នេះ​របស់​ថៃ ត្រូវ​បាន​កម្ពុជា​ប្រកាស​ច្រានចោល​ភ្លាមៗ​ក្នុង​យប់​ថ្ងៃទី​១១ ខែ​កុម្ភៈ និង​ដោយ​បញ្ជាក់​បន្ថែម​ថា កម្ពុជា​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ភ្នំ Banthat នោះ​ទេ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ថៃ បាន​ចោទ ឬ​ទម្លាក់​កំហុស​មក​កម្ពុជា​ថា​ជា​ប្រភព​នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ប្រទេស​ថៃ។ ជាក់ស្តែង បញ្ហា​ខ្យល់​ពុល​ក្នុង​បរិយាកាស​នៅ​ថៃ នៅ​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ថៃ ក៏​បាន​ចង្អុល​មុខ​កម្ពុជា​ថា​ជា​ប្រភព​ចម្បង​មួយ​ដែល​អាច​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​បញ្ចេញ​ផ្សែង​ពុល​នៅ​ក្នុង​បរិយាកាស បន្ទាប់ពី​ថៃ រក​ឃើញ​ថា កម្ពុជា​មាន​ចំណុច​ឆេះ ឬ​ទីតាំង​ក្តៅ​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕

© 2025, . All rights reserved.