អ្នកឃ្លាំមើលសង្គមព្រមានថា ការរឹតបន្តឹងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ គឺស្មើនឹងលាក់ទុកមេរោគបំផ្លាញជាតិឱ្យរីកធំធាត់ក្នុងសង្គម បន្ទាប់ពីសាលាឧទ្ធរណ៍ក្រុងភ្នំពេញ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ បន្តឲ្យយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរចំនួន ២រូបជាប់ឃុំខ្លួនបណ្ដោះអាសន្នបន្តទៀត។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ក្រុងភ្នំពេញ បានបដិសេធបណ្តឹងរបស់អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរពីររូប គឺកញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ដែលបានប្តឹងជំទាស់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបន្តឱ្យអ្នកទាំងពីរនៅជាប់ឃុំខ្លួនបណ្ដោះអាសន្នរយៈពេល ៦ខែបន្ថែមទៀតកាលពីខែកុម្ភៈ កន្លងទៅនេះ។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរពីររូប គឺកញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនអំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើអ្នកដែលត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។ ក្រោយចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកទាំងពីរពីបទ «រួមគំនិតក្បត់» ដែលអាចនឹងប្រឈមមុខនឹងការជាប់ទោសពន្ធនាគាររហូតដល់ ១០ឆ្នាំ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មីនា នេះថា ការគាបសង្កត់សិទ្ធិបញ្ចេញមតិរបស់សកម្មជនសង្គមមិនមែនជាវិធានការល្អនាំទៅរកការអភិវឌ្ឍជាតិទេ ហើយការធ្វើបែបនេះក៏មិនមែនជាការធានានូវការរក្សាសន្តិសុខ ឬសន្តិភាពសម្រាប់កម្ពុជាដែរ។ ផ្ទុយទៅវិញ គឺជាការបង្កើតឱ្យមានការបែកបាក់ការសាមគ្គីជាតិប៉ុណ្ណោះ។
លោក សេក សុជាតិ លើកឡើងថា ដើម្បីអាចរក្សាសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទៅបាន លុះត្រាតែមនុស្សគ្រប់រូបត្រូវបានគ្រប់គ្រងដោយច្បាប់ក្រោមលក្ខខណ្ឌដូចគ្នាទាំងអស់ នោះទើបជាជំហាននាំទៅរកការផ្សះផ្សាជាតិឡើងវិញ ព្រោះថានៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ ដោយពេញលេញ នោះការខឹងស្អប់ ឬការមិនពេញចិត្តចំពោះរដ្ឋាភិបាលក៏លែងកើតមានទៀតដែរ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍផ្នត់គំនិតរូបនេះបញ្ជាក់ថា នៅពេលដែលច្បាប់ត្រូវបានអនុវត្តលើមនុស្សគ្រប់រូបហើយនោះ រដ្ឋាភិបាលក៏រួចផុតពីការចោទប្រកាន់ពីភាពលម្អៀងដែរ ប៉ុន្តែបើការអនុវត្តច្បាប់ដែលស្ថិតក្រោមស្តង់ដាផ្សេងគ្នា ឬស្ថិតក្រោមរបៀបវារៈនយោបាយណាមួយនោះ អ្នកដែលចាញ់នៅតែមិនអាចទទួលយកនូវសន្តិភាពរបស់រដ្ឋាភិបាលបានឡើយ៕
© 2025, . All rights reserved.