កិច្ចប្រជុំ​ក្រុម​ការងារ​ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៥។

នយោបាយ

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​នៅ​ដើម​ខែ​ក្រោយ​លើ​ទឹកដី​អង្គរ

By ឌឹ ខេមបូឌា ដេលី

March 28, 2025

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៥ ខាងមុខ​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ស្ថិត​នៅ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ ៥០០​នាក់។

គណបក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការ​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន បន្ទាប់ពី​គណបក្ស​បាន​ជូនដំណឹង​ដល់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

គណបក្ស​កម្លាំង​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥ ទៅ​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​ជូនដំណឹង​អំពី​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដែល​គ្រោង​នឹង​ប្រមូល​អ្នកគាំទ្រ​ចូលរួម​ប្រមាណ ៥០០​នាក់ ស្ថិត​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប។

យ៉ាងណាក៏ដោយ គណបក្ស​កម្លាំង​ជាតិ មិន​ទាន់​បញ្ជាក់​ពី​គោលបំណង​ពិតប្រាកដ​នៃ​ការ​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ដើម​ខែ​ក្រោយ​នេះ​នៅឡើយ​ទេ ទាំង​ក្នុង​លិខិត​ជូនដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ និង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៦ មីនា នេះ។

ចាប់តាំងពី​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជា​ផ្លូវការ​មក គណបក្ស​កម្លាំង​ជាតិ បាន​ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​គណបក្ស ដូចជា ការ​ជ្រើសរើស​ប្រធាន អនុប្រធាន គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ប្រតិបត្តិ គណៈកម្មាធិការ​វិន័យ ព្រមទាំង​គណៈកម្មាធិការ​នាយក ជាដើម។

រហូត​ដល់​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២៤ គណបក្ស​នេះ​បាន​ប្រកាស​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​ម្តង​ទៀត ដើម្បី​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី បន្ទាប់ពី​មេដឹកនាំ​បក្ស​នេះ គឺ​លោក ស៊ុន ចន្ធី ត្រូវ​បាន​ឃុំ​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​ពី​បទ «ញុះញង់» រួម​ទាំង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ។

គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២៣ បន្ទាប់ពី​ប្រធាន​គណបក្ស​នេះ​បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​នយោបាយ​ទៅ​ក្រសួង​មហាផ្ទៃ កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ៕

© 2025, . All rights reserved.