លោក ហ៊ុន ម៉ាណែត ធានាថារដ្ឋាភិបាលមានផែនការច្បាស់លាស់ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា មិនមែនធ្វើតាមការនឹកឃើញឡើយ ខណៈការប្រើកម្លាំងកងទ័ព មិនមែនជាជម្រើសដែលរដ្ឋាភិបាលត្រូវប្រកាន់យកនោះឡើយ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធអគារសិក្សាក្នុងស្រុកវាលរេញ ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះថា បញ្ហាព្រំដែនមិនមែនជាបញ្ហាដែលត្រូវដោះស្រាយតែមួយថ្ងៃចប់នោះទេ ហើយការប្ដឹងផ្តល់ និងការលើកទ័ពទៅប្រយុទ្ធ ក៏មិនមែនជាដំណោះស្រាយដែរ ប៉ុន្តែរដ្ឋាភិបាលត្រូវប្រើច្បាប់បច្ចេកទេសអន្តរជាតិដើម្បីធានានូវផលប្រយោជន៍របស់ជាតិ។
លោក ហ៊ុន ម៉ាណែត អះអាងថា រឿងការពារទឹកដី គឺជាការទទួលខុសត្រូវយូរអង្វែង ព្រោះរដ្ឋាភិបាលកម្ពុជាខិតខំការពារបូរណភាពទឹកដីរបស់ខ្លួនតាំងពីមិនទាន់បោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្នការបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយនឹងវៀតណាម នៅសល់តែ ១៦% ទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់។
លោកបញ្ជាក់ថា បើមានការបន្ទោសរដ្ឋាភិបាលថាធ្វើឱ្យបាត់ទឹកដី គឺមានតែត្រូវខំកសាង ការពារទឹកដី តាមរយៈការវាស់វែងដើម្បីការពារផលប្រយោជន៍របស់កម្ពុជាតាមរយៈការបោះបង្គោលព្រំដែនឲ្យជាប់លាប់ ពង្រឹងការការពារជាតិ និងអភិវឌ្ឍនៅតាមព្រំដែនប៉ុណ្ណោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ មីនា នេះថា ទាល់តែរដ្ឋាភិបាលប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញលុបចោលសន្ធិសញ្ញាឆ្នាំ២០០៥ រួមទាំងសន្ធិសញ្ញាខុសច្បាប់នៅទសវត្ស១៩៨០ ទាំងអស់ នោះទើបអាចធានាការពារទឹកដីខ្មែរមិនឱ្យបាត់បង់ទៅវៀតណាម បាន។ ជាងនេះទៀត រដ្ឋាភិបាលក៏ត្រូវប្រើមរតករបស់បារាំង ជាពិសេសបង្គោលព្រំដែនដែលបារាំង បន្សល់ទុកចំនួន ១២៤បង្គោល ជាដើម សម្រាប់ដោះស្រាយបញ្ហាទឹកដីជាមួយបរទេសឈ្លានពាននោះ។
លោក អ៊ុំ សំអាន លើកឡើងថា ចំណែកបញ្ហាជាមួយប្រទេសថៃ ទាល់តែរដ្ឋាភិបាលប្តឹងថៃ ទៅតុលាការអន្តរជាតិ ទើបអាចធានាការពារទឹកដីខ្មែរមិនឱ្យបាត់បង់ ព្រោះការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ មិនអាចឱ្យពលរដ្ឋខ្មែរទុកចិត្តលើជំហររបស់រដ្ឋាភិបាលកម្ពុជាបានឡើយ ស្របពេលដែលទឹកដីខ្មែរដែលត្រូវបានប្រទេសថៃ ឈ្លានពានយកទៅគ្រប់គ្រងកន្លងមក មិនដែលឃើញរដ្ឋាភិបាលចេញមុខតវ៉ាទាមទារផងនោះ។
មន្ត្រីបក្សប្រឆាំងរូបនេះព្រមានថា បើរដ្ឋាភិបាលកម្ពុជានៅតែបន្តការចរចាទ្វេភាគជាមួយថៃ នោះប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ច្បាស់ជាត្រូវបាត់បង់ទាំងស្រុង ខណៈវាសនាកោះគុត ក៏មិនខុសពីប្រាសាទខ្មែរទាំងបីនេះដែរ៕
© 2025, . All rights reserved.