នាយកដ្ឋានភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀត រួមនឹងគ្រាប់មីស៊ីល និងកាំភ្លើងធំទៅកាន់ប្រទេសរុស្ស៊ី។
នេះបើតាមការផ្សាយដោយសារព័ត៌មានអាមេរិក UPI នៅថ្ងៃទី២៧ មីនា នេះ។ រុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសលើវិស័យការពារជាតិ ចាប់តាំងពីរុស្ស៊ី បើកការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
ទាំងរុស្ស៊ី ទាំងកូរ៉េខាងជើង មិនបានទទួលស្គាល់ជាផ្លូវការពីការដាក់ពង្រាយកងទ័ព ឬការផ្គត់ផ្គង់អាវុធនោះទេ ប៉ុន្តែប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាជាមួយគ្នាកាលពីឆ្នាំ២០២៤ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ក្រុងព្យុងយ៉ាង។
តាមភ្នាក់ងារចារកម្មប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង ១១០០០នាក់ និងអាវុធ ៦៥០០កុងតឺន័រ ក្នុងនោះមានគ្រាប់កាំភ្លើងធំ និងគ្រាប់មីស៊ីលទៅឱ្យរុស្ស៊ី ដែលអាចមាន ៥លានគ្រាប់។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពបន្ថែមជាង ៣០០០នាក់ទៅជួយរុស្ស៊ី ក្នុងចន្លោះពីខែមករា ដល់ខែកុម្ភៈ បន្ទាប់ពីកូរ៉េខាងជើង ដំបូងឡើយបានបញ្ជូនកងទ័ពវគ្គដំបូង ១១០០០នាក់ទៅ ១២០០០នាក់ទៅជួយរុស្ស៊ី ក្នុងនោះមានទ័ព ៤០០០នាក់ ត្រូវបានជឿជាក់ថាបានស្លាប់ ឬរងរបួស។
បេសកជនការទូតកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់ការបញ្ជូនកងទ័ព និងសព្វាវុធទៅជួយច្បាំងនឹងទ័ពរុស្ស៊ី។
ឯកអគ្គរដ្ឋទូត Hwang Joon-Kook បាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មីនា នេះថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរដែលមិនត្រឹមតែលើប្រជាជនអ៊ុយក្រែន និងទ័ពរុស្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារកូរ៉េខាងជើង ផងដែរ ព្រោះតែពួកគេទៅស្លាប់ក្នុងសង្គ្រាមរបស់រុស្ស៊ី។
លោក Hwang បានលើកឡើងថា តាមចម្លើយរបស់ទាហានកូរ៉េខាងជើង ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ុយក្រែន នៅទីក្រុង Kursk ខាងក្នុងទឹកដីរុស្ស៊ី បានបង្ហាញថា ពួកគេត្រូវបានបញ្ឆោតដោយទីក្រុងព្យុងយ៉ាង ឱ្យជឿថាពួកគេកំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសមួយក្នុងការហ្វឹកហ្វឺន មិនមែនដើម្បីប្រយុទ្ធក្នុងសង្គ្រាមនោះទេ។
តាមមន្ត្រីទូតកូរ៉េខាងត្បូង ក្រុមគ្រួសារទាហានកូរ៉េខាងជើង នៅតែមិនដឹងថាកូនប្រុសរបស់ពួកគេត្រូវបានបញ្ជូនទៅក្រៅប្រទេសដើម្បីចូលរួមក្នុងសង្គ្រាមដ៏សាហាវរវាងរុស្ស៊ី និងអ៊ុយក្រែន នោះទេ រហូតដល់អាជ្ញាធរចេញលិខិតបញ្ជាក់ពីមរណភាពក្នុងសមរភូមិ ទើបដឹងថាកូនពួកគាត់បានស្លាប់និងរងរបួស។
លោក Hwang បាននិយាយថា ទីក្រុងព្យុងយ៉ាង ត្រូវតែបញ្ឈប់ការបញ្ជូនប្រជាជនរបស់ខ្លួនទៅស្លាប់ក្នុងសង្គ្រាមរបស់រុស្ស៊ី ដែលជាថ្នូរនឹងការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចពីទីក្រុងមូស្គូ។
បើតាមការវិភាគរបស់ក្រុមស្រាវជ្រាវ JCS នៅសិង្ហបុរី វត្តមានទ័ពកូរ៉េខាងជើង នៅរុស្ស៊ី កើតឡើងចំពេលមានការព្រួយបារម្ភថា កិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងជាមួយក្រុងមូស្គូ បាននាំឱ្យក្រុងព្យុងយ៉ាង កាន់តែបង្កើនការផ្គត់ផ្គង់អាវុធ និងកងទ័ពដែលក្រុងព្យុងយ៉ាង បានត្រឡប់មកវិញ គឺជំនួយបច្ចេកទេសកម្រិតខ្ពស់សម្រាប់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។
របាយការណ៍របស់ក្រុម JCS បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី កំពុងជួយកូរ៉េខាងជើង ក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសក្នុងការរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មយោធាមួយផ្សេងទៀតនៅពេលខាងមុខនេះ។
ក្រុមប្រទេសនៅអឺរ៉ុប បានលើកឡើងថា វត្តមានទ័ពកូរ៉េខាងជើង ដែលត្រូវបញ្ជូនជួយច្បាំងនឹងកងទ័ពរុស្ស៊ី បានកំពុងនាំឱ្យរុស្ស៊ី នៅបន្តសង្គ្រាមលើទឹកដីអ៊ុយក្រែន បើទោះជាគេមើលឃើញការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកំពុងបោះជំហានទៅមុខក៏ដោយ។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ូឡូញ Radosław Sikorski បាននិយាយថា ដោយសារតែវត្តមានទ័ពកូរ៉េខាងជើង និងអាវុធរបស់ប្រទេសនេះ ចេះតែហូរចូលទឹកដីរុស្ស៊ី នេះហើយ ដែលនាំឱ្យប្រទេសនៅអឺរ៉ុបជាសម្ព័ន្ធភាពនឹងអ៊ុយក្រែន ចង់បញ្ជូនទ័ព និងបន្ថែមអាវុធទៅអ៊ុយក្រែន ថែមទៀត។
តាមលោក Radosław Sikorski រុស្ស៊ីគ្មានសិទ្ធិតវ៉ាចំពោះអឺរ៉ុបដែលត្រូវបន្តជួយប្រទេសអ៊ុយក្រែន នោះទេ៕
© 2025, . All rights reserved.