លោក វ៉ន ចាន់ឡូត អ្នក​ឃ្លាំមើល​សង្គម និង​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់

នយោបាយ

អ្នក​ឃ្លាំមើល​ណែនាំ​អ្នក​ប្រជាធិបតេយ្យ​កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​តិរច្ឆាន​ដូច​ក្រុម​អ្នក​កាន់​អំណាច

By ឌឹ ខេមបូឌា ដេលី

April 02, 2025

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា អ្នក​ប្រជាធិបតេយ្យ​មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ ឬ​និយាយ​ស្តី​បែប​អនាធិបតេយ្យ ដោយ​ការ​ជេរប្រទេច អុចអាល ញុះញង់ ដែល​ជា​ទង្វើ​តិរច្ឆាន​ដូច​ក្រុម​អ្នក​កាន់​អំណាច​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា អ្នក​ដឹកនាំ​បក្ស​កាន់​អំណាច​បាន​និយាយ​ថា គណបក្ស​របស់​ពួកគេ​តែង​ចិញ្ចឹម​សុនខ​ទុក​ឱ្យ​ព្រុស និង​ខាំ ឬ​គ្រហឹម​គំរាម​អ្នក​រិះគន់​មេ​របស់​ពួកគេ ប៉ុន្តែ​បើ​សុនខ​ទាំងនោះ​ធ្វើ​អំពើ​ដែល​ពួកគេ​មិន​ពេញចិត្ត ពួកគេ​អាច​កាប់​សុនខ​នោះ​ស៊ី​ពេល​ណា​ក៏​បាន។

លោក វ៉ន ចាន់ឡូត លើកឡើង​ថា សម្រាប់​អ្នក​ប្រជាធិបតេយ្យ​មិន​គួរ​ប្រព្រឹត្ត​បែប​នេះ​ជាដាច់ខាត ព្រោះ​ថា​ការ​ជេរប្រទេច អុចអាល ញុះញង់​ឱ្យ​ស្អប់ខ្ពើម និង​ការ​និយាយ​បំបែកបំបាក់ ជាដើម គឺជា​ទង្វើ​របស់​តិរច្ឆាន​ប៉ុណ្ណោះ មិនមែន​ជា​ទង្វើ​របស់​អ្នក​ប្រជាធិបតេយ្យ​ដែល​គួរ​ធ្វើ​នោះ​ទេ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​ប្រជាធិបតេយ្យ​ត្រូវតែ​មាន​ការ​ជឿជាក់​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​តាម​យន្តការ​បោះឆ្នោត ប្រកាន់​សុចរិត​ទៀងត្រង់ ទាំង​សម្ដី សកម្មភាព និង​ការ​គិត មិន​លប​លួច​បម្រើ​បាប​ជន មិន​កិបកេង​ប្រយោជន៍​ជន​ស្លូតត្រង់ និង​សមាជិក​ខ្លួនឯង​ឡើយ។

លោក​បន្ថែម​ថា ពួកគេ​ក៏​ត្រូវតែ​ជា​មនុស្ស​មាន​គោលការណ៍ និង​មាន​ជំហរ​ជា​របស់​ខ្លួន​ច្បាស់លាស់ រក្សា​ភាព​យុត្តិធម៌ មិន​យក​បុគ្គល​ជា​ធំ បើកចំហ​សម្រាប់​ការ​រិះគន់ និង​ផ្តល់​តម្លៃ​លើ​ប្រព័ន្ធ​គ្រប់គ្រង ជាជាង​ការ​ឱ្យ​តម្លៃ​លើ​បុគ្គល​និយម ជាដើម។

ទីលាន​នយោបាយ​នៅ​កម្ពុជា ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា​ជា​ទីលាន​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អនាធិបតេយ្យ ដោយ​ការ​ចោទប្រកាន់ លាប​ពណ៌ មួលបង្កាច់ ជេរប្រទេច​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​អ្នក​នយោបាយ នៅ​ពេល​ដែល​មាន​បុគ្គល​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​រិះគន់​ទង្វើ​ឆ្គាំឆ្គង​មេដឹកនាំ​របស់​ពួកគេ។

អំពើ​ជេរប្រទេច មិនមែន​កើត​មាន​តែ​ក្នុង​ក្រុម​ប្រឆាំង​ទេ បក្ស​កាន់​អំណាច​ក៏​បាន​ប្រើ​ទង្វើ​បែប​នេះ​ពេញ​ប្រទេស​ដែរ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​តែង​មាន​ការ​លើក​ទឹកចិត្ត​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ថែម​ទៀត។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​ថា ការ​បង្ក​ឱ្យ​មាន​ការ​ជេរប្រមាថ​រវាង​ខ្មែរ​គ្នាឯង​ទៅវិញ​ទៅមក ឬ​ការ​សងសឹក​រវាង​ពូជសាសន៍​ខ្លួនឯង គឺជា​ការ​បំបែក​បំបាក់​សាមគ្គី​ជាតិ​ខ្មែរ​ទាំងមូល។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​ខ្មែរ​នៅតែ​វាយប្រហារ​បំបាក់​មុខមាត់ បង្ខូច​កិត្តិយស​គ្នា​ទៅវិញ​ទៅមក​បែប​នេះ ខ្មែរ​នៅតែ​មិន​បាន​សេចក្តី​សុខ​ជាដាច់ខាត ហើយ​កិត្តិយស​ជាតិ​ខ្មែរ​ទាំងមូល​នឹង​កាន់តែ​អាប់ឱន​ទៅៗ​ប៉ុណ្ណោះ៕

© 2025, . All rights reserved.