រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ អ្នកស្រី Annalena Baerbock (រូប​ឆ្វេង) អំឡុង​ពេល​ចូល​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីលាន Maidan Square ក្នុង​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៥។

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​អឺរ៉ុប​ពីរ​រូប​ទៅ​ក្រុង​គៀវ បង្ហាញ​ការ​បន្ត​គាំទ្រ​អ៊ុយក្រែន ហើយ​រំឭក​លោក ត្រាំ កុំ​ទុក​ពេល​ឱ្យ​លោក ពូទីន

By ឌឹ ខេមបូឌា ដេលី

April 03, 2025

នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ អ្នកស្រី Annalena Baerbock និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត លោក Pal Jonson ជា​ថ្មី​ម្ដង​ទៀត​បាន​ទៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ជា​ដែនដី​នៅ​អឺរ៉ុប​ខាងកើត​ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដាច់ដោយឡែក​ពី​គ្នា​នឹង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ Annalena Baerbock និយាយ​ថា ក្រុម​ប្រទេស​អឺរ៉ុប​មិន​ដកថយ​ដាច់ខាត​ចំពោះ​ការ​ជួយ​អ៊ុយក្រែន ដែល​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​អ្នក​ឈ្លានពាន។

អ្នកស្រី​អះអាង​ថា ក្រុម​ប្រទេស​ណាតូ (NATO) នៅ​អឺរ៉ុប ក៏​មិន​រាថយ​ក្នុង​ការ​ជួយ​អ៊ុយក្រែន នោះ​ដែរ។

អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ ឱ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​ខាងមុខ​នេះ​រវាង​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ NATO នឹង​បង្ហាញ​ឱ្យ​ច្បាស់​ទៅ​កាន់​ភាគី​សហរដ្ឋ​អាមេរិក ថា ក្រុម NATO អឺរ៉ុប នឹង​មិន​ត្រូវ​ចូលរួម​ជាមួយ​ល្បែង​អូស​ពេលវេលា​របស់​លោក ពូទីន ឡើយ។

បើ​តាម​អ្នកស្រី Annalena Baerbock ក្រុម​រដ្ឋមន្ត្រី​ការបរទេស NATO នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប្រ៊ុចសែល នៃ​ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ។

ជាមួយ​គ្នា​នេះ អ្នកស្រី Annalena ទទូច​ថា សហរដ្ឋ​អាមេរិក​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​ចាញ់​បញ្ឆោត​យុទ្ធសាស្ត្រ​ពន្យារពេល​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះ​ឡើយ។

កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែ​មីនា អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រុស្ស៊ី និង​អាមេរិក កំពុង​សិក្សា​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​នៅ​អ៊ុយក្រែន ក៏ដូចជា​ខិតខំ​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ក្រុង​មូស្គូ និង​ក្រុង​វ៉ាស៊ីនតោន ឡើងវិញ ប៉ុន្តែ​ការ​ថ្លែង​របស់​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រតិកម្ម​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​លោក ពូទីន ដែល​លើកឡើង​អំពី​ការ​ចង់​ឱ្យ​មាន​រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​អ៊ុយក្រែន ជាមួយ​នឹង​ការ​ដោះដូរ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។

កាលពី​ថ្ងៃ​សុក្រ ទី​២៨ មីនា លោក ពូទីន បាន​ដាក់​លក្ខខណ្ឌ​ថ្មី​មួយ​បន្ថែម​ទៀត គឺ​ត្រូវតែ​រៀបចំ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​គ្រប់គ្រង​ប្រទេស​អ៊ុយក្រែន ដោយ​រដ្ឋបាល​អង្គការ​សហប្រជាជាតិ ដើម្បី​ឈាន​ទៅ​រៀបចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​អ៊ុយក្រែន ដែល​មេដឹកនាំ​វិមាន​ក្រឹមឡាំង រូប​នេះ សន្យា​ថា រុស្ស៊ី​នឹង​បើក​ចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន ដែល​មាន​រដ្ឋាភិបាល​ថ្មី។

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​អ្នកកាសែត​នៃ​ទូរទស្សន៍ NBC កាលពី​ថ្ងៃទី​៣០ ខែ​មីនា លោក ត្រាំ និយាយ​ថា លោក​ខឹង​មួម៉ៅ​នឹង​លោក ពូទីន ដែល​នៅតែ​មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​នឹង​អ៊ុយក្រែន ហើយ​បន្ត​ទាមទារ​លក្ខខណ្ឌ​មិន​ចេះ​ចប់។

នៅ​ក្នុង​បទសម្ភាសន៍​នេះ លោក ដូណាល់ ត្រាំ បាន​លើកឡើង​ទៀត​ថា លោក​នឹង​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី តាមរយៈ​ការ​ដំឡើង​ពន្ធ​លើ​ឧស្សាហកម្ម​ប្រេង​របស់​រុស្ស៊ី ថែម​ទៀត។

លក្ខខណ្ឌ​របស់​លោក ពូទីន នេះ​ហើយ​ដែល​អ្នក​សង្កេតការណ៍​បស្ចិម​ប្រទេស រួម​នឹង​អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ Annalena យល់​ឃើញ​ថា លោក ពូទីន នៅតែ​រក្សា​គំនាប​លើ​អ៊ុយក្រែន ជាពិសេស​ទៅ​លើ​លោក ហ្សេឡេនស្គី ដែល​ចោទ​ថា​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​មិន​មាន​ភាព​ស្រប​ច្បាប់ ព្រោះតែ​អ៊ុយក្រែន មិន​ព្រម​បោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ​នៅ​ពេល​លោក ហ្សេឡេនស្គី ផុត​អាណត្តិ​តាំងពី​ខែ​ឧសភា ឆ្នាំ​២០២៤ មក​ម្ល៉េះ។

អ្នក​សង្កេតការណ៍​យល់​ថា ការពិត លោក ពូទីន ចង់បាន​រដ្ឋាភិបាល​ថ្មី​នៅ​អ៊ុយក្រែន ដែល​ជា​អាយ៉ង​របស់​រុស្ស៊ី ទើប​វាយប្រហារ​លោក ហ្សេឡេនស្គី ដែល​លោក ពូទីន ខ្លួន​លោក​ផ្ទាល់​ទេ​មិន​ចង់​ចូល​តុ​អង្គុយ​ចរចា​ជាមួយ​នឹង​មេដឹកនាំ​អ៊ុយក្រែន រូប​នេះ ពីព្រោះ​លោក ហ្សេឡេនស្គី ជា​ប្រធានាធិបតី​ដែល​ប្រសូត​ចេញពី​អាជីព​ជា​តារា​កំប្លែង ហើយ​កំពុង​ក្លាយ​ជា​វីរជន​សង្គ្រាម​នៃ​ប្រទេស​ទន់ខ្សោយ​មួយ​ដែល​ហ៊ាន​ច្បាំង​នឹង​ប្រទេស​មហាអំណាច​ជិតខាង​របស់​ខ្លួន។

យ៉ាងណាក៏ដោយ សម្រាប់​អឺរ៉ុប គេ​មិន​បាន​គិត​ដូច​លោក ពូទីន នោះ​ទេ ព្រោះ​អ៊ុយក្រែន ធ្លាក់​ក្នុង​សង្គ្រាម។ ប្រទេស​អឺរ៉ុប​នៅតែ​បន្ត​ជួយ​គាំទ្រ និង​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។ នៅ​ថ្ងៃទី​១ មេសា នេះ ប្រទេស​ស៊ុយអែត តាមរយៈ​វត្តមាន​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Pal Jonson នៅ​ក្រុង​គៀវ បាន​ប្រកាស​ផ្តល់​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែល​មាន​តម្លៃ ១៦០០​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយក្រែន ដែល​ជា​ជំនួយ​ដ៏​ធំ​បំផុត​ថ្មី​ចុងក្រោយ ដើម្បី​ជួយ​អ៊ុយក្រែន ក្នុង​ការ​ពង្រឹង​ជំហរ​ចរចា​បញ្ចប់​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី។

លោក Pal Jonson បាន​ថ្លែង​ថា កញ្ចប់​ជំនួយ​ភាគច្រើន​ដែល​មាន​តម្លៃ​ប្រហែល ១​ពាន់​លាន​ដុល្លារ ត្រូវ​ប្រើប្រាស់​សម្រាប់​ទិញ​សព្វាវុធ ហើយ​ជំនួយ​ហិរញ្ញវត្ថុ ៦០០​លាន​ដុល្លារ​ជួយ​ដល់​ឧស្សាហកម្ម​ការពារ​ជាតិ​សម្រាប់​អ៊ុយក្រែន។

លោក Pal Jonson បញ្ជាក់​ថា អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​នៃ​សង្គ្រាម ហើយ​ការ​គាំទ្រ​អន្តរជាតិ គឺជា​ការ​ចាំបាច់​ណាស់​ដើម្បី​ឱ្យ​ប្រទេស​នេះ​មាន​ជំហរ​រឹងមាំ​ក្នុង​ការ​ចរចា។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​បង្កើន​ការ​គាំទ្រ​ដល់​អ៊ុយក្រែន ថែម​ទៀត។ ប្រទេស​ស៊ុយអែត ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​នេះ​ដល់​ទៅ ៤​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ទីក្រុង​គៀវ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

នៅ​ខណៈ​នេះ សហភាព​អឺរ៉ុប ២៧​ប្រទេស កំពុង​ដាក់​ចេញ​នូវ​នីតិវិធី​ចុងក្រោយ​រឹបអូស​ទ្រព្យ​របស់​រុស្ស៊ី ទាំងអស់​នៅ​អឺរ៉ុប មាន​ជាង ២០០​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន ដើម្បី​ជួយ​ស្ដារ​ប្រទេស​អ៊ុយក្រែន ឡើងវិញ៕

© 2025, . All rights reserved.